The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​ភ្ជាប់​ទឹក​ពី​ថៃ​ប្រើ​សិន

លោក ហ៊ុន សែន ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​ភ្ជាប់​ទឹក​ពី​ថៃ​ប្រើ​សិន

Content image - Phnom Penh Post
ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង​កំពុង​ដងទឹក​ប្រើប្រាស់​​។ ហ្វេសប៊ុក

លោក ហ៊ុន សែន ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​ភ្ជាប់​ទឹក​ពី​ថៃ​ប្រើ​សិន

កោះកុងៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​កោះ​កុ​ង ​ទំនាក់​ទំនង​ទៅ​អាជ្ញា​ធរ​ខេត្ត​ត្រាត​ ប្រទេស ​ថៃ​ ដើម្បី​សុំ​តភ្ជាប់​បណ្ដាញ​ទុយោ​ទឹក​ស្អាត ​ដើម្បី​នាំ​ទឹក​​មក​ផ្គត់​ផ្គង់​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​កោះកុង​ ប្រើប្រាស់​ជា​បណ្ដោះ​អា​សន្ន​ នា​រដូវ​ប្រាំង​នេះ។​

​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ​កម្ម​ការិ​នី​រោងចក្រ​កាត់​ដេរ​ជាង​ ១៣ ០០០​ នាក់​ ក្នុង​ខេត្ត​កោះកុ​ង​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៣​ ខែ​ មីនា​ ឆ្នាំ ​២០១៩​ លោក​ ហ៊ុន​ សែន ​បាន​ថ្លែង​ថា​ បញ្ហា​ចំណោទ​ជា​ចម្បង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កោះ​កុង ​នាពេល​នេះ​ គឺ «​កង្វះ​ទឹក​សាប»​ ប្រើប្រាស់។​

​ជា​ការ​ពិត​ណាស់​ ជា​រៀង​រាល់​ឆ្នាំ ​នៅ​ពេល​រដូវ​ប្រាំង​មក​ដល់​ ជាពិ​សេស​ចាប់​ពីពាក់កណ្ដាល​ខែ​មីនា​ ដល់​ខែ​ឧសភា​ ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ទីរួម​ខេត្ត​កោះកុង​ មាន​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ទិញ​ទឹក​ស្អាត​ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ជីវ​ភាព​ប្រចាំថ្ងៃ​ពួកគេ។​ ​

​ដោយ​ផ្ទៃ​ដី​មួយ​ផ្នែក​ធំ​របស់​ខេត្ត​កោះកុង​ហ៊ុមព័ទ្ធ​ដោយ​ទឹក​សមុទ្រ​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​៖ ​«ទឹក​វា​សម្បូរ​ហើយ​ គឺទឹក​សមុទ្រ​ តែ​ទឹក​វាប្រៃ​ ផឹក​វា​មិន​បាន។​ ដូច្នេះ​រក​វិធី​បញ្ជូន​ទឹក​ចេញ​ពី​ថៃ​ ចូល​មក​ក្នុង​ប្រទេស​យើង ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​ប្រើ​ប្រាស់​ជា​បណ្ដោះ​អា​​សន្ន​ទម្រាំដល់​ភ្លៀង​ធ្លាក់»។​

​តាម​ធម្មតា​តំបន់​មាត់​សមុទ្រ​ប្រទេស​ កម្ពុជា​ ភ្លៀង​ធ្លាក់​លឿន​ជាង​តំបន់​ដទៃ​ ក៏ប៉ុន្តែ​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ឆ្នាំ​នេះ​ គឺ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​យឺត​ជាង​បណ្ដា​ឆ្នាំ​មុនៗ។​ ​យោង​ការព្យាករ​អាកាស​ធាតុ​របស់ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិ​យម ដែល​​​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​ មីនា​ ឆ្នាំ ​២០១៩​ រដូវ​ប្រាំង​នៅ​ឆ្នាំនេះនឹង​អូស​បន្លាយ​រហូត​ដល់​ពាក់​កណ្ដាល​ខែ​ឧស​ភា​ ហើយ​ក្នុង​ចន្លោះ​ខែ ​មេសា ​ដល់​ខែ​ ឧសភា ​ធាតុ​អាកាស​នឹង​មាន​សភាព​ក្ដៅ​ហួតហែង​ខ្លាំង​ ហើយ ​សីតុ​ណ្ហ​ភា​ព​អតិ​បរមា​នឹង​ហក់​ឡើង​ដល់​ ៤០​-​៤២ ​អង្សាសេ ​ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល ​ភាគ​ពាយព្យ​ និង​តំបន់​ខ្ពង់រាប​ខាង​ជើង។​

​ភាព​រាំង​ស្ងួត​ដែល​បង្ក​ឡើង​ដោយ​បាតុ​ភូត​ El​ Nino​ នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​មេដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​រិះ​រក​មធ្យោ​បាយ​ឆ្លើយ​តប​ជា​បន្ទាន់​មួយ ​ដើម្បី​ជួយ​ដល់​ពល​រដ្ឋ​របស់​ពួក​គេ​ពី​បញ្ហា​ប្រឈម​នានាពី​បាតុ​ភូត​នេះ។​ នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ភាព​រាំង​ស្ងួត​បាន​បង្ក​ឲ្យ​តំបន់​មួយ​ចំនួន​ជួប​ប្រឈម​ទៅ​នឹង​កង្វះ​ទឹក​ប្រើប្រាស់ ​និង​ស្រោច​ស្រព។​

ជុំវិញ​កង្វះ​ទឹក​ប្រើ​ប្រាស់​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នី​តិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ (RULES)​ ជា​ង​ ៣ ​ពាន់​នាក់​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ១១ ខែ​ មីនា​ ឆ្នាំ ២០១៩​ ​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខិតខំ​ជីក​អណ្ដូង​នៅ​គ្រប់​តំបន់​ដែល​មាន​បញ្ហា​ប្រឈម​ចំពោះ​កង្វះ​ទឹក​ប្រើប្រាស់​។​

កា​ល​ពី​ឆ្នាំ​ ២០១៦​ ​កម្ពុជា​បាន​ជួប​ប្រឈម​បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ ហើយ​ក្នុង​អំឡុង​ពេល​នោះ អាជ្ញា​ធរ​រដ្ឋា​ភិ​បាល​ ​បាន​បូម​ទឹក​ និង​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ ​ដោយ​សារ​អណ្ដូង​ទឹក​​ត្រូវ​បាន​រីង​ស្ងួត​អស់។​

លោក​បាន​​ថ្លែង​ថា​៖ «ជីក​អណ្ដូង​ ប្រសើរ​ជាង​ដឹក​ទឹក​យក​ទៅ​ពី​ច​ម្ងាយ។​ បើ​ទោះបី​ថា​ ជីក​អណ្ដូង​វាជ្រៅ​​បន្តិច​ តែ​ការ​ប្រើ​ប្រាស់​ជីក​អណ្ដូង​គឺ​ជា​មធ្យោបាយ​ដែល​ល្អ។ ​បើ​ទោះ​បី​ជា​ឆ្នាំ​ហ្នឹង​មាន​ទឹក​ ឆ្នាំ​ក្រោយ​ខ្វះ​ទឹក​ក៏​នៅ​មាន​អណ្ដូង​ប្រើ​ប្រាស់។​ អ៊ីចឹ​ង​ត្រូវ​ខិត​ខំ​ជី​ក​អណ្ដូង​ឲ្យ​បា​ន​ច្រើន ​នៅ​គ្រប់​កន្លែង​​ដែល​ខ្វះ​ទឹក​ប្រើប្រាស់»៕

អត្ថបទគួរចាប់អារម្មណ៍