ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ចូលទៅ​បំភ្លឺ​ទៅ​តាម​ការអញ្ជើញ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បន្ទាប់ពី​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំង​ ២ ​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​ការបោះបង្គោល​ព្រំដែន​ដែល​សម្រេច​បាន​ ៨៤ ​ភាគរយ​។

កាលពី​ថ្ងៃទី ៥ ខែ​តុលា​លោក​នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ ហ៊ុន សែន ចុះហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ លើ​កិច្ចព្រមព្រៀង​ចំនួន​ ២ ស្តីអំពី​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​ការកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​ឆ្នាំ​ ២០០៥ និង​ពិធីសារ​ខណ្ឌសីមា និង​បង្គោល​ព្រំដែន​គោក​។ ការចុះហត្ថលេខា​នេះ​បាន​ធ្វើឲ្យ​មាន​ការរិះគន់​ពី​គណបក្ស​នយោបាយ និង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បំភ្លឺ និង​បង្ហាញ​ជា​សាធារណៈ​អំពី​ឯកសារ​ព្រំដែន​ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​នេះ​។

ដោយឡែក​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ម្សិលមិញ​ថា អនុលោម​តាម​ការយល់ព្រម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្តល់​ «​បទបង្ហាញ​ពិគ្រោះ​ស្វែងយល់​» ពី​កិច្ចការ​ព្រំដែន​នេះ ខណៈ​កិច្ចប្រជុំ​ត្រូវ​ដឹកនាំ​ដោយ​លោក កែម រិទ្ធិសិត ប្រធាន​ប្តូរ​វេន​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។

លិខិត​ដដែល​បន្តថា​៖ «​កិច្ចប្រជុំ​មាន​សារៈសំខាន់​សម្រាប់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ទទួល​បាន​នូវ​មូលដ្ឋាន​ជំនួយស្មារតី​ក្នុង​កិច្ចការពន្យល់​បកស្រាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​គ្រប់​និន្នាការ​លើ​បរិបទ​នៃ​ការខិតខំ​ប្រឹងប្រែង​ពុះពារ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេជោ​ក្នុង​ការកសាង​ព្រំដែន សន្តិភាព និង​អភិវឌ្ឍន៍​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​»​។

លោក ឈឹម ផលវរុណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា​៖ «​ជា​ការល្អ​ណាស់​ចំពោះ​កិច្ចប្រជុំ​នេះ ព្រោះ​រដ្ឋាភិបាល​មាន​ភារកិច្ច​ក្នុង​ការធ្វើ​កិច្ចការ​ទាំងអស់​របស់​ជាតិ ជាពិសេស​ការកំណត់​ព្រំដែន​ហើយ​ការធ្វើ​បទបង្ហាញ​គឺជា​កិច្ចការ​តម្លាភាព​មួយ​ដ៏ល្អ​ក្នុង​ការប្រមូល​ឯកសារ​គ្រប់​ជ្រុងជ្រោយ​បង្ហាញ​ទៅ​ប្រធាន​គណបក្ស​ទាំង​ ១៦ ដើម្បី​ឲ្យ​យើង​យល់​គ្នា​»​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែល​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​មាន​ការបំភ្លឺ​ពី​បញ្ហា​ព្រំដែន​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ត្រូវ​តែ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​រួមទាំង​ប្រទេស​ជិតខាង​មួយ​ចំនួន​ទៀត​។

លោក​បន្តថា សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​ការកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​ឆ្នាំ​ ២០០៥ និង​ពិធីសារ​ខណ្ឌសីមា និង​បង្គោល​ព្រំដែន​គោក​ប្រទេស​ទាំង ២ នៅ​មាន​ចំណុច​ងឿងឆ្ងល់​ជាច្រើន ដូច្នេះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​កិច្ចការ​ព្រំដែន​នេះ​ត្រូវតែ​ចូលរួម​បង្ហាញ​ឲ្យ​មាន​តម្លាភាព​ក្នុង​បំណង​ស្វែងរក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​អំពី​កិច្ចព្រមព្រៀង​ទាំងនេះ​។

លោក​អះអាង​ថា​ការបំភ្លឺ​នេះ​នឹង​ធ្វើឲ្យ​សាធារណជន​បាន​ដឹង និង​យល់​ឲ្យ​បាន​ច្បាស់ ព្រោះ​បញ្ហា​នេះ​គឺជា​បញ្ហា​របស់​ជាតិ​ទាំងមូល​ដោយ​មិនមែន​ជា​កិច្ចការ​របស់​រដ្ឋាភិបាល​តែ​ម្នាក់​នោះទេ ហើយ​បើ​មិន​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់ អាច​ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​ក្នុង​សង្គមជាតិ​។

លោក ស្រស់ បញ្ជាក់​ថា​៖ «​យើង​ក៏​ចង់ដឹង​ពី​បញ្ហា​ព្រំដែន​មួយ​ចំនួន​ទៀត ដើម្បី​ចូលរួម​ឃ្លាំមើល​ទាំងអស់​គ្នា ព្រោះ​ថា​មិនមែន​តែ​រដ្ឋាភិបាល ឬ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទេ​គឺ​ត្រូវ​ការការពារ​បូរណភាព​ទឹកដី​កម្ពុជា​យើង មិនគួរ​ឲ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​ដឹង​តែម្នាក់​ឯង​ទេ​។ គួរ​ណាស់​តែ​ឲ្យ​ទាំងអស់​គ្នា​ដឹង​ដែរ​ថា តើ​ការ​វាស់​បង្គោល​ព្រំដែន​មាន​តម្លាភាព ឬ​មិនមាន​តម្លាភាព​»​។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បញ្ហា​កិច្ចការ​ព្រំដែន​មិនមែន​ជា​រឿង​សម្ងាត់​នោះ​ទេ ដូច្នេះ​ក្រុម​ការងារ​ជាច្រើន​ផ្នែក​នឹងចូលរួម​បង្ហាញ​ពី​បញ្ហា​នេះ​ឲ្យ​អស់​ពី​លទ្ធភាព និង​គ្មាន​ការលាក់លៀម​។ ពិសេស​ជាងនេះ​ទៅ​ទៀត​លោក គឹមហុង បាន​អះអាង​ថា ការឯកភាព​ក្នុង​ការបោះបង្គោល​ព្រំដែន​កន្លង​មក​មិន​បាន​ធ្វើឲ្យ​កម្ពុជា​ខាតបង់ ឬ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ដូច​ការចោទប្រកាន់​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​គ្មាន​អ្នកណា​ទៅ​ធ្វើ​ (​បោះបង្គោល​ព្រំដែន​) ឲ្យ​ពិបាក​ទៀត​ទេ បើ​ធ្វើ​ទៅ​មិន​ច្បាស់លាស់​ដដែល យើង​ទៅ​ធ្វើ​អ្វី​? យើង​ធ្វើ​មាន​ការទទួល​ខុសត្រូវ​ទាំង​យើង​ទាំង​គេ គ្មាន​ឲ្យ​បាត់បង់​ទឹកដី​ទេ បើ​ធ្វើឲ្យ​បាត់ ទុក​វា​ឲ្យ​នៅ​ដដែល​ទៅ​»​។

លោក​ គឹមហុង ​បន្ត​ថា​ ការដែល​មាន​ការរិះគន់ និង​បង្ហាញ​ពី​ការព្រួយបារម្ភ​នានា​កន្លងមក​គឺ​គ្រាន់តែ​ជា​ក្រុម​ស្រែក​ឲ្យ​តែ​បានៗ និង​ដើម្បី​ទាញយក​ប្រជាប្រិយភាព​តែ​ប៉ុណ្ណោះ​ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការរិះគន់ និង​ចូលរួម​កសាង​ប្រទេស​ទាំងអស់​គ្នា​។

លោក សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​ពី​បញ្ហា​ព្រំដែន​បាន​និយាយ​ថា លោក​មិន​ដឹង​ថា​ តើ​ជំនួប​នៅថ្ងៃ​នេះ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នឹង​លើកឡើង​ពី​បញ្ហា​អ្វីខ្លះ​នោះទេ​។ ប៉ុន្តែ​លោក​គ្រាន់​តែ​មាន​ចម្ងល់​ថា៖ «​តើ​ឧត្តម​ក្រុមប្រឹក្សា​ហ្នឹង​មាន​ជំនាញ​ផ្នែក​កិច្ចការ​ព្រំដែន​ហ្នឹង​ដែរឬទេ ដើម្បី​ឲ្យ​គេ​ (​អស់​ចម្ងល់​) ​ឲ្យ​ជ្រះ​ចង្រៃ និង​ឲ្យ​ចំ​ចម្ងល់​»​។

ប្រទេស​ កម្ពុជា និង​វៀតណាម​ បាន​បោះបង្គោល​ព្រំដែន​គោក​រួចរាល់​ចំនួន​ ៣១៥ ​បង្គោល ឬ​ស្មើនឹង ៨៤ ​ភាគរយ​ ហើយ​ក្នុងចំណោម​បង្គោល​ព្រំដែន​សរុប​ចំនួន​ ៣៧១ ​បង្គោល ​ដែល​លាតសន្ធឹង​តាម​បណ្តាយ​ព្រំដែន​ប្រមាណ​ ១ ២៤៥ ​គីឡូម៉ែត្រ​។

បើតាម​លោក វ៉ា គឹមហុង បង្គោល​ព្រំដែន​ដែល​មិនទាន់​មាន​ការឯកភាព​គ្នា​ប្រមាណ​ជា​ ១៦ ​ភាគរយ​រវាង​ប្រទេស​ទាំង ​២ និង​បាន​ឯកភាព​គ្នា​ស្នើ​ទៅ​ប្រទេស​បារាំង​ឲ្យ​ជួយ​សម្របសម្រួល​ក្នុង​ការបោះបង្គោល ខណៈ​ដែល​បង្គោល​នៅ​សល់​ទាំងនោះ​មាន​ចំនួន​ ៥៦ បង្គោល គឺ​មាន​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​កណ្ដាល និង​នៅក្នុង​ខេត្ត​តាកែវ​៕