ភ្នំពេញៈ អតីត​អភិបាល​ខេត្តតាកែវ លោក​ ឡាយ វណ្ណៈ និង​លោក ​ឡាយ ណារិទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ កាល​ពី​ម្សិលមិញ​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកខ្លួន រួមទាំង​អ្នក​បើក​រថយន្ត និង​អ្នក​ថែ​ផ្ទះ​ម្នាក់​ទៀត​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី ឈ្មោះ ចេវ សុវឌ្ឍនា កាល​ពី​ឆ្នាំ ២០១៨ ប៉ុន្តែ​សាលក្រម​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ខែ​ក្រោយ​ឯណោះ។

លោក ប្លង់ សុផល តំណាង​អយ្យការ​សន្និដ្ឋានថា តាម​ចម្លើយរបស់​ជន​ត្រូវ​ចោទ​ទាំង ៤ នាក់​ និងស្តាប់​ការ​បំភ្លឺ​ពី​នគរបាល​ខេត្ត​តាកែវ និង​ពី​នគរបាល​ក្រសួង​មហាផ្ទៃ​កាល​ពី​ជំនុំ​ជម្រះ​លើក​មុន លោក​ថា លោក ឡាយ វណ្ណៈ និង លោក ឡាយ ណារិទ្ធ ត្រូវ​ចៅក្រម​ស៊ើបសួរ​ចោទ​ពី​បទ​ឃាតកម្ម។ រីឯ​ឈ្មោះ ជុំ វុធ អ្នក​មើល​ផ្ទះ​និង​ឈ្មោះ​ មេន សម៉ៃ អ្នក​បើកបរ​រថយន្ត​លោក​ ឡាយ វណ្ណៈ ចោទ​ពីបទ​លាក់​កំបាំង​តម្រុយ។​តាម​ចម្លើយ​ ជុំ វុធ និង មេន សម៉ៃ ថា លោក ឡាយ វណ្ណៈ​និង លោក ឡាយ ណារិទ្ធ បាន​សម្លាប់​នាង ចេវ សុវឌ្ឍនា។

លោក​បន្តថា ចំពោះ សាក្សី ឈ្មោះ ជុំ វុ​ធ, មេន ស​ម៉ៃ ថា ចម្លើយ​ពួកគេ​នៅ​ក្រសួង​មហាផ្ទៃ​ជា​ចម្លើយ​បង្ខិត​បង្ខំ ប៉ុន្តែ​ពេល​ឆ្លើយ​នៅ​ចៅក្រម​ស៊ើបសួរ​គឺ​ពួកគេ​សុទ្ធ​តែមាន​មេធាវី​នៅ ជាមួយ​និង​បាន​បញ្ជាក់​ថា រក្សា​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ដែល​ថា ឡាយ វណ្ណៈ និង​ ឡាយ ណារិទ្ធ សម្លាប់​នាង ចេវ សុវឌ្ឍនា ហើយ​ឲ្យ​ពួកគេ​ទៅ​សែង​សព​ធ្វើជា​ចង ក ជាមួយ​ឈ្មោះ ចាន់រី ជា​ប្រពន្ធ​លោក ជុំ វុធ ផង។

លោក​បន្តថា តាម​ការពន្យល់​ពី​លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន អំពី​សភាព​សព ចង ក និង​សព ត្រូវ​គេ​ខ្ទប់​ដង្ហើម​ដែល​មាន​លក្ខណៈ​ខុសគ្នា​នោះ​គឺ​គ្រាន់​តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ។

លោក​ថា៖ «ប៉ុន្តែ តាម​រូបថត ដែល​គេ​ថត​សាកសព​បង្ហាញថា ដៃ​របស់​នាង​មិន​ក្តាប់​ទេ។ ខ្ញុំ​សូម​ក្រុម​ប្រឹក្សា​ពិចារណា​លើ​បទចោទ តាម​ច្បាប់»។

ក្នុង​សវនាការ​ពី​ម្សិលមិញ លោក នី ចាន់​ឌី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក ឡាយ វណ្ណៈ បាន​លើក​ឡើង​ថា ការ​ចោទ​មក​លើ​កូនក្តី​លោក ដោយសារ​កូនក្តី​លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នកនាង ចេវ សុវឌ្ឍនា ហើយ​មុនពេល​កើត​ហេតុ​ថ្ងៃ​ទី ២៦ មករា​ ឆ្នាំ ២០១៨ នោះ នាង ​ចេវ សុវឌ្ឍនា បាន​ណាត់​ជាមួយ​លោក​ ឡាយ វណ្ណៈ ដើម្បី​ហូប​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​ជួល​របស់​នាង។ តែ​ពួកគេ​បាន​ឈ្លោះ​គ្នា ហើយ​លោក វណ្ណៈ បាន​ឡើង​រថយន្ត តែ​ត្រូវ​នាង ចេវ សុវឌ្ឍនា ទាញ​កអាវ​ចុះ​ពី​រថយន្ត​ជជែក​គ្នា​រហូតដល់​ម៉ោង​ជាង ៦ ល្ងាច​ទើប ឡាយ វណ្ណៈ ចេញ​ពី​ផ្ទះ ចេវ សុវឌ្ឍនា។

លោក​ថា សមត្ថកិច្ច​បាន​ចោទ​និង​ដាក់បន្ទុក​ដោយសារ​លោក​ ឡាយ វណ្ណៈ ប្រើ ឈ្មោះ មេន ស​ម៉ៃ និង​ឈ្មោះ ជុំ វុ​ធ ឲ្យ​យក​ទូស័ព្ទ​របស់​នាង ចេវ សុវឌ្ឍនា ២ គ្រឿង ​ទៅ​បោះ​ចោល​ក្នុង​ទឹក​បឹង តែ​នោះ​មិនមែន​ថា កូនក្តី​លោក​ចង់​បំបិទ​ភ័ស្តុតាង​ទេ តែ​ដោយ​ក្នុង​ទូរស័ព្ទដៃ​នោះ មាន​ផ្ទុក​រូបភាព លោក វណ្ណៈ និង នាង ​ចេវ សុវឌ្ឍនា ហើយ​កូនក្តី លោក​មិន​ចង់​ឲ្យ​បែក​ធ្លាយ។ ព័ត៌មាន​ពី​ការ​ស្លាប់​របស់​នាង ចេវ សុវឌ្ឍនា កើត​ឡើង​នៅ​ប្រហែល​ជា​ម៉ោង ៧ យប់ ប៉ុន្តែ កូន​ក្តី​របស់​លោក​បាន​បើក​រថយន្ត​ចេញ​ពី​ទីនោះ​តាំងពី​ម៉ោង​ជិត ៦ ល្ងាច​ម្ល៉េះ។

លោក​បន្តថា ចំពោះ​របាយការណ៍​ក្រសួងមហាផ្ទៃ​ដែល​ធ្វើ​កោសល្យវិច័យ​ក្រោយ​ការ​ស្លាប់​របស់​នាង ចេវ សុវឌ្ឍនា វិញ ទទួល​ស្គាល់​របាយការណ៍ កោសល្យ​វិច័យ​របស់​នគរបាលខេត្តតាកែវ ប៉ុន្តែ​ថា មាន​ការ​សង្ស័យ​អំពី​ការ​ស្លាប់​របស់​ជន​រងគ្រោះ។

ព្រោះ​អាច​ត្រូវ​កូនក្តី​លោក​សម្លាប់ហើយ​យកទៅ​ចងក​ដោយសារដៃ​ជន​រងគ្រោះ​កាន់​ចំណង​ខ្សែចងក។​ ប៉ុន្តែ លោកវេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន ដែល​ជា​គ្រូពេទ្យ​ឯករាជ្យ​បាន​ពន្យល់​តាម​បច្ចេកទេស​ថា​សព​ចងក​គឺមាន​ដៃ​ក្តាប់ ហើយ​មាន​ហៀរ​សំបោរ​ផង ដូច​សព​របស់​នាង ចេវ សុវឌ្ឍនា។

លោក​ថា៖ «ដូច្នេះ ខ្ញុំ​សូម​តុលាការ​ពិចារណា និង​ដោះលែង​កូនក្តី​ខ្ញុំ»។

លោក ទេព មុនី​ជាតិ មេធាវីការពារ​សិទ្ធិ​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ សន្និដ្ឋាន​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ កូនក្តី​លោក​មិន​បាន​នៅ​កន្លែង​កើត​ហេតុ​ទេ ហើយ​ក្រោយ​កើត​ហេតុ​ទើប​កូនក្តី​លោក​ទៅដល់ ដោយសារ​មិន​ស្គាល់​ផ្ទះ​ជន​រងគ្រោះ។ ពាក់ព័ន្ធ​នឹង​ជន ៣ នាក់​ទៀត​ពួកគេ​សុទ្ធតែ​ថា ត្រូវបាន​សមត្ថកិច្ច​សួរ​ចម្លើយ​បង្ខិតបង្ខំ។ រីឯ​តំណាង​អយ្យការ​លើក​យកតែ​ភ័ស្តុតាង​ដាក់​បន្ទុក ឯ​ភ័ស្តុតាង​ដោះ​បន្ទុក​មិន​បាន​លើក​យក​មក​ទេ។

លោក​ថា៖ «ដូច្នេះ សូម​ក្រុមប្រឹក្សា​ជំនុំចម្រះ​លើកលែង​កូនក្តី​ខ្ញុំ ឲ្យ​មាន​សេរីភាព​វិញ»។

លោក​ ឡាយ វណ្ណៈ​ និង​លោក​ ឡាយ ណា​រិ​ទ្ធ បាន​ប្រាប់​ចៅក្រម​ថា ពួកគាត់​មិនបាន​សម្លាប់​នាង ចេវ សុវឌ្ឍនា​ទេ និង​សូម​ឲ្យ​តុលាការ​ដោះលែង ខណៈ​ជន​ មេន សម៉ៃ និង​ ជុំ វុធ ក៏​សុំ​ចៅក្រម​ជំនុំ​ជម្រះ​ឲ្យ​ដោះលែង​ពួកគេ​ផងដែរ​ដោយ​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ទេ។

ក្រោយ​បញ្ចប់​ការជំនុំជម្រះ លោក ចៅក្រម ហម ម៉េង​សែ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ថ្លែង​ថា សាលក្រម​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ២២ សីហា​ខាងមុខ៕