ភ្នំពេញៈ អតីត​អភិបាល​ខេត្តតាកែវ​លោក​ ឡាយ វណ្ណៈ និង​បងប្រុស​របស់លោក​គឺ​លោក ឡាយ ណារិទ្ធិ បាន​បដិសេធ​នៅ​ចំពោះមុខ​ចៅក្រម​សាលា​ឧទ្ធរណ៍​ថា ពួកលោក​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ស្ត្រី​ឈ្មោះ ចេវ សុវឌ្ឍនា ដែលជា​ស្រី​កំណាន់​របស់​លោក វណ្ណៈ នោះ​ទេ ដោយ​ចាត់ទុក​ការផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​ ១០ ​ទៅ​ ១៣ ​ឆ្នាំ​ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ជា​រឿង​អយុត្តិធម៌​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ដែល​មាន​សមាសភាព​ចៅក្រម ៣ ​រូប​រួមមាន​លោក​ចៅក្រម យន់ ណារ៉ុង ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោកស្រី​ចៅក្រម យ៉េត ម៉ូលីន រួម​នឹង​លោក​ចៅក្រម​ ញូង ធុល ​ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​លោក វណ្ណៈ ថ្លែង​ថា​ការវិនិច្ឆ័យ​របស់​សាលាដំបូង​រាជធានី​ដែល​ផ្តន្ទាទោស​លោក​ដាក់ពន្ធនាគារ​ ១៣ ​ឆ្នាំ និង​បងប្រុស​របស់​លោក​ ១០ ​ឆ្នាំ​គឺ​មាន​ភាពអយុត្តិធម៌​ជាទីបំផុត​។

លោក​អះអាង​ថា ករណី​ស្លាប់​របស់​នាង សុវឌ្ឍនា មិនមែន​ពួកលោក​ជា​អ្នកសម្លាប់​ទេ​ ប៉ុន្តែ​នាង​ធ្វើអត្តឃាត ចងក​សម្លាប់​ខ្លួនឯង​ទេ​។ ចំពោះ​បងប្រុស​របស់លោក​អតីត​ស្នងការរង​ខេត្តតាកែវ​ក៏​រឹតតែ​មិនបាន​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​ទៅទៀត ពីព្រោះ​បងប្រុស​លោក​មិនបាន​ស្គាល់​ផ្ទះកើតហេតុ​ទេ ហើយ​ក៏​គាត់​មិនបាន​ទៅផ្ទះ​នោះដែរ​នៅ​ថ្ងៃកើតហេតុ​។ លោក​រៀបរាប់​ពី​ដំណើរ​រឿង​ថា មុន​មាន​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​ ២២ ខែ​មករា ឆ្នាំ​ ២០១៨ គឺ​រូបលោក​ក្នុងនាម​ជា​អភិបាលខេត្ត​តាកែវ​បាន​ទៅ​បិទ​វគ្គសន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរអប់រំ ខេត្ត ហើយ​បន្ទាប់ពី​ចប់​លោក​បាន​ឡើង​រថយន្ត​ដោយមាន​ឈ្មោះ ម៉េង សម៉ៃ ជា​អ្នកបើកបរ​ដើម្បី​ទៅ​មើល​សំណង់​សួនច្បារ​នៅ​ក្បែរ​វិមានឯករាជ្យ​ក្នុង​ទីរួមខេត្ត​តាកែវ​។

ប្រហែលជា​ពេល​រសៀល លោក​បាន​ឆៀង​ចូល​ផ្ទះ​របស់​នាង​ សុវឌ្ឍនា ដូច្នេះ​មានតែ​រូបលោក និង​អ្នកបើកបរ​រថយន្ត សម៉ៃ ប៉ុណ្ណោះ​ដែល​បាន​ចូលទៅ​ផ្ទះកើតហេតុ​គឺ​គ្មាន​វត្តមាន​បងប្រុស​លោក​ទេ​។ លោក​ វណ្ណៈ ប្រាប់​ចៅក្រម​ថា​៖ «​បងប្រុស​ខ្ញុំ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ ហើយ​គាត់​ក៏​មិន​នៅ​ទី​នោះដែរ​»​។

លោក​បន្តថា រឿង​ទាំងអស់​នេះ​បាន​កើតឡើង​ដូច​ការរៀបរាប់​របស់​លោក ប៉ុន្តែ​ក្រោយពី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ​សួរចម្លើយ​សាក្សី​ដែលមាន​លោក សម៉ៃ ឈ្មោះ​ ជីម វុធ និង ស្ត្រី​ឈ្មោះ​ ចាន់ រី ​ស្រាប់​តែមាន​ចម្លើយ​ដូចៗ​គ្នា​ថា ពួកគេ​បានឃើញ​បងប្រុស​របស់លោក​ជិះ​រថយន្ត​ជាមួយ​លោក​ចូល​ទៅ​ផ្ទះ​នាង​ សុវឌ្ឍនា ទៅវិញ​។ កុំថាឡើយ​គាត់​សម្លាប់​នាង​សូម្បីតែ​ប្រើ​ហិង្សា​វាយ​ទៅលើ​ប្អូនស្រី សុវឌ្ឍនា ក៏​គាត់​មិនដែល​ប្រព្រឹត្ត​ដែរ​។

លោក​ស្បថ​ចំពោះ​មុខ​ចៅក្រម​ថា​៖ «​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​មែន សូម​ឲ្យ​ប្រពន្ធ និង​កូន​ខ្ញុំ​ ៣ ​នាក់​ស្លាប់​ចុះ ហើយ​បើ​ខ្ញុំ​ទៅ​បូកគោ សុំ​ឲ្យ​បារមី​លោកយាយ​ម៉ៅ ទាញ​ចង្កូត​ឡាន​ឲ្យ​ធ្លាក់​ជ្រោះ​ស្លាប់​។ តែបើ​ខ្ញុំ​មិន​ប្រព្រឹត្ត​សូម​ឲ្យ​អ្នកផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ទទួល​សម្បថ​ជំនួស​ខ្ញុំ​ទៅ​»​។

ចំណែក​លោក ឡាយ ណារិទ្ធិ បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ដែរ​ថា ចំពោះ​ការលើកឡើង​ដែល​ថា នៅមុន​ថ្ងៃកើតហេតុ​មាន​វត្តមាន​របស់​លោក​ជិះ​រថយន្ត​ជាមួយ វណ្ណៈ​នោះ​គឺ​មិន​ពិត​ទេ​ព្រោះ​លោក​មិន​ដែល​ស្គាល់​ផ្ទះ នាង សុវឌ្ឍនា ​ទេ​។ នៅក្រោយ​ថ្ងៃកើតហេតុ​ទម្រាំ​តែ​លោក​រក​ផ្ទះ​ ចេវ សុវឌ្ឍនា ឃើញ​លោក​បាន​សួរ​គេ​សួរ​ឯង​ទើប​ទៅដល់​ផ្ទះ​នោះ​។

បន្ទាប់ពី​ចៅក្រម​សួរដេញដោល​មនុស្ស​ ២ ​នាក់​ហើយ​បាន​បន្ត​សួរ ឈ្មោះ ជឹម វុធ ​បន្តទៀត​ដែល​ឈ្មោះ​នេះ​ជា​ប្តី​របស់​ស្ត្រី​ឈ្មោះ ចាន់ រី ដែល​ពួកគេ​ជា​អ្នក​បម្រើ​ផ្ទាល់​ស្ត្រី​រងគ្រោះ សុវឌ្ឍនា​។

លោក​ ជឹម វុធ និយាយថា​នៅ​ថ្ងៃទី​ ២២ ​ខែមករា ឆ្នាំ​ ២០១៨ លោក​បានឃើញ​លោក វណ្ណៈ និង​ សម៉ៃ ជិះ​រថយន្ត​ចូល​ផ្ទះកើតហេតុ​ហើយ​ក្រោយពី​អ្នក​ទាំង​ ២ ​ជិះ​រថយន្ត​ចេញមក​វិញ​លោក​ឃើញ​នាង សុវឌ្ឍនា កាន់​កាំបិត​បម្រុង​អារដៃ តែ​លោក និង​ប្រពន្ធ​របស់លោក​បាន​ទៅ​ឃាត់​ហើយ​នាង​បានប្រគល់​កាំបិត​ឲ្យ​ទៅ​ប្រពន្ធ​របស់លោក​។ តែ​បន្តិចក្រោយមក​លោក​បាន​មើលទៅ​ក្នុង​បន្ទប់​ដែល​ស្ត្រី​រងគ្រោះ​គំរាម​អារ​ដៃ​នោះ​មិនឃើញ​នាង លោក​ក៏​ឡើងទៅ​លើផ្ទះ​សំដៅទៅ​បន្ទប់ដេក​របស់​នាង​តែ​ទ្វារ​បន្ទប់​បិទ​ជាប់​។

លោក​ ជឹម វុធ បន្តថា ពេល​នោះ​លោក​សង្ស័យថា ស្ត្រី​រងគ្រោះ​បាន​សម្លាប់​ខ្លួន ហើយ​លោក​បាន​ព្យាយាម​ឡើង​តាម​វេរ៉ង់ដា​នៅ​ខាងមុខ​បន្ទប់​ហើយ​ក៏​យក​ដៃ​បើក​កញ្ចក់​បង្អួច ក៏​ស្រាប់តែ​ឃើញ​នាង​ចងក​សម្លាប់ខ្លួន​បាត់​ទៅ​ហើយ​។ ពេលនោះ​លោក​បាន​ឲ្យ​ប្រពន្ធ​លោក​ទូរស័ព្ទ​ប្រាប់​លោក​ ឡាយ វណ្ណៈ ​ហើយ​បន្ទាប់មក​មាន​មន្ត្រីនគរបាល​ម្នាក់​ជិះ​ម៉ូតូ​មកជាមួយ​ឈ្មោះ សម៉ៃ ឡើងទៅ​ធាក់​ទ្វារ​បន្ទប់​របើក ប៉ុន្តែ​សមត្ថកិច្ច​មិន​ឲ្យ​លោក​ចូល​ទៅជិត​សាកសព​នាង​ទេ​។

ការជំនុំជម្រះ​នេះ​ក៏មាន​វត្តមាន​មន្ត្រីនគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​តាកែវ​ចូល​បង្ហាញខ្លួន​ក្នុង​នាម​ជា​សាក្សី​ផងដែរ ហើយ​សវនាការ​សួរដេញដោល​នេះ​បាន​បន្ត​រហូត​ដល់ពេល​រសៀល​ទៀត​។

គួររំឭកថា លោក ឡាយ វណ្ណៈ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២ ខែ កញ្ញា ឆ្នាំ ២០១៩ ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១៣ ​ឆ្នាំ និង​លោក ឡាយ ណារិទ្ធិ ដាក់ពន្ធនាគារ​ ១០ ​ឆ្នាំ​ពីបទ​ឃាតកម្ម​តាម​មាត្រា ១៩៩​។ ចំណែក​អ្នក​បើកឡាន​ឲ្យ​លោក​ ឡាយ វណ្ណៈ ឈ្មោះ​ សម៉ៃ និង​អ្នកបម្រើ​ម្នាក់ ឈ្មោះ ជឹម វុធ ត្រូវ​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ ២ ​ឆ្នាំ ពី​បទ​លាក់បាំង​តម្រុយ​តាម​មាត្រា​ ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​៕