ភ្នំពេញៈ រដ្ឋម​ន្ត្រី​ក្រសួ​ង​យុ​ត្តិធ​ម៌​លោ​ក ​អង្គ​វង្ស​ វឌ្ឍានា បា​ន​លើក​ឡើ​ងពីកា​រ​វិវត្ត​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​យុត្តិធម៌ ពិសេស​ដំណើរ​ការ​ក្នុង​ប្រព័ន្ធ​តុលាការ​ខណៈ​​លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី២​ នីតិកាល​ទី៦ កាល​ពី​ម្សិលមិញ ​ស្រប​ពេល​ដែល​គម្រោង​កោះហៅ​រដ្ឋមន្ត្រី​ផ្សេង​ទៀត​មក​ចូល​បំភ្លឺ​ក៏​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ក្រោយ។

នៅ​ក្នុង​កិ​ច្ច​ប្រជុំ​ដែ​ល​ដឹក​នាំ​ដោយ​ប្រធាន​រដ្ឋ​សភា​ លោក ​ហេង​ សំរិន​ លោក អ​ង្គ​វង្ស ​វឌ្ឍា​នា ត្រូវ​បាន​សួរ​ដោ​យ​តំណាងរា​ស្ត្រ លោក ​ប៉ែន​ បញ្ញា ប្រ​ធា​នគណៈ​កម្មការ​នីតិ​កម្ម និង​យុត្តិ​ធម៌ នៃ​រដ្ឋ​សភា និង​ជា​តំណាង​រាស្រ្ត​ហត្ថ​លេខី​ជា​អ្នក​តំាង​សំណួរ ខណៈ​សមា​ជិក​រដ្ឋសភា​ផ្សេង​ទៀត ​រួម​មាន លោក សំ រិទ្ធី, លោក ហ៊ុន ម៉ានី, លោក ឈាង វុន និង​តំណាងរាស្ត្រផ្សេង ក៏បាន​ឡើង​មាន​មតិ​ និង​តំាង​សំណួរ​ផងដែរ។

លោក ប៉ែន បញ្ញា បាន​តំាង​សំណួរ​ថា៖ «តាង​នាម​តំណាង​រាស្រ្ដ​ហត្ថ​លេខី​ចំនួន​ ១០ រូប ខ្ញុំ​សូម​​តាំង​សំណួរ​ចំពោះ​ឯកឧត្ដម​រដ្ឋ​មន្រ្ដី​ក្រសួង​យុត្ដិធម៌»។

ក្នុង​នោះលោ​ក​បានសួ​រពា​ក់​ព័​ន្ធ​ទៅ​នឹង​ចំណុច​ ៣​ សំខាន់ៗ​ គឺការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ស្ថាប័​ន ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់និ​ង​ការ​បន្ត​ការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​​តុលា​ការ​ ព្រម​ទាំងការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស។

ឆ្លើយ​តបនឹ​ង​សំណួ​រ​ទាំ​ងនេះ​ ​លោ​ក អ​ង្គវង្ស​ វឌ្ឍា​នា បាន​បំភ្លឺ​ជូន​អង្គរដ្ឋ​សភា​ទាក់​ទង​នឹងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​ធ្វើ​ទំនើប​ក​ម្ម​របស់​ស្ថាប័ន​ថា ក្នុង​នីតិ​កាល​ទី​៥ កន្លង​មក រាជរដ្ឋាភិ​បាល​តាម​រយៈ​ក្រសួង​យុត្ដិ​ធម៌បាន​រៀប​ចំ​តាក់​តែ​ង​ច្បាប់មួ​យ​ចំនួ​នដូចជា​ ច្បាប់​អង្គការ​តុលាកា​រ ច្បាប់​​ស្ដីពី​លក្ខន្ដិ​កៈចៅ​ក្រម និង​ព្រះ​រាជអាជ្ញា​ ព្រមទាំងច្បាប់​ស្ដី​ពីការ​រៀប​ចំ និង​ការ​ប្រព្រឹត្ដទៅនៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

លោក​បន្ដថា៖ «ក្រសួង​យុត្ដិ​ធម៌បាន​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធជា​រូប​វន្ត និង​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​ទាំង​​នៅ​រដ្ឋ​បាល​ក្រសួង ក៏​ដូច​ជា ​នៅ​តាម​សាលា​ជម្រះ​ក្ដី​គ្រប់​ជាន់​ថ្នាក់​។ នេះ​គឺ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ការ​ផ្ដល់​សេវា​ជូន​ប្រ​ជា​ពល​រដ្ឋ​របស់​យើង​ ក្នុង​នោះយើង​ក៏បាន​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រដ្ឋ​បាល​កណ្ដា​ល​របស់​ក្រសួង ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ទំហំ​ការ​ងារ ក៏​ដូច​ជា​ ជំនួយ​របស់​មន្រ្ដី​រាជការ​ដែល​សព្វថ្ងៃ​​មាន​ប្រហែល​ជា​ ៧០០ នាក់»។

ក្រៅពីនោះ លោក​ វឌ្ឍានា ឲ្យ​ដឹង​ថា នៅ​តាម​សាលា​ជម្រះ​ក្ដី​ទូទាំង​ប្រទេស​ ក្រសួង​យុត្ដិធម៌​មាន​សាលា​ដំបូង​​ខេត្ត-ក្រុង​​ចំនួន ២៤ ក្នុង​នោះ​អគារ​សាលា​ដំបូង​រាជ​ធានី​-ខេត្ដ​ ចំនួន​ ១៩ កសាង​​ និង​ជួស​ជុល​រួច​រាល់។ អគារ​សាលា​ដំបូង​ខេត្ដ​ចំនួន​ ៣ គឺខេត្ដ​កំពង់​ស្ពឺ ត្បូង​ឃ្មុំ និង​ស្ទឹង​ត្រែង កំពុង​តែ​សាង​សង​ថ្មី​ និង​អគារ​សាលា​ដំបូង​ខេត្ដ​ ២ ទៀត គឺកំពង់ឆ្នាំង និង​ស្វាយ​រៀង ក៏បាន​ដាក់​សំណើ​រួច​ហើយ​ទៅ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ដើម្បី​សុំ​ថវិកា​សាង​សង់​អគារ​ថ្មី​។ ដោយ​ឡែក​ចំពោះ​សា​លា​ដំបូង​នៅ​ខេត្ដ​កែប​ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​បង្កើត​យ៉ាងយូរ​​ឆ្នាំ ២០២០។ ​

លោក​ថា៖ «ចំណែក​សាលា​ឧទ្ធរណ៍តំបន់​ចំនួន​ ៣ ទៀត គឺ​​ខេត្ដ​បាត់​ដំបង ព្រះសីហនុ និង​ខេត្ត​ត្បូង​ឃ្មុំ គឺ​គ្រោង​នឹង​រៀប​ចំ​ឲ្យ​ដាក់​ដំណើរ​ការ​នា​ឆ្នាំ​​ ២០២០ ​ខាង​មុខ​ផងដែរ»។

បើ​តាម ​វឌ្ឍា​នា ការ​បង្កើត​ឲ្យ​មាន​សាលា​ឧទ្ធរ​ណ៍កម្រិត​តំបន់​នេះគឺ​ដើម្បី​បង្ខិត​ឲ្យ​ជិត​ការ​ផ្ដល់​​​សេវា​ផ្នែក​ច្បាប់​ជូន​ប្រជា​ពលរដ្ឋហើយ​ក៏​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​​ផងដែរ។ ​

ចំពោះ​ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​បន្ត​ការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលា​ការ ​មន្រ្ដី​ក្រសួង​យុត្ដិ​ធម៌​បានបំភ្លឺថា​​​ ក្រសួងក៏បាន​យក​ចិត្ដ​ទុកដាក់​​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ និង​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ រួម​ទាំង​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់​ផ្សេងៗ។

ដោយឡែកចំពោះការ​ផ្ដល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រី​ក្រ លោក វឌ្ឍានា ឲ្យ​ដឹង​ថា ក្រសួង​យុត្ដិធម៌​ក៏​បាន​សហការ​​ជា​មួយ​គណៈ​មេធាវីដោយ​រៀប​ចំ​មេធាវី សម្រាប់​ការ​ពារ​ក្ដី​​តាម​សំណើតុលា​ការ និង​សាមីខ្លួន​ ដែល​បច្ចុប្បន្ន​មាន​មេធាវី​ស្ម័គ្រ​​ចិត្ដ​ការ​ពារ​ក្ដី​ជូន​ជន​ក្រី​ក្រសរុប​ចំនួន ៤១៥ រូប ក្នុង​ចំណោម​មេធាវី​ទាំង​អស់​នៅ​កម្ពុ​ជា​​ដែល​​មាន​ជាង​ ១ ០០០ នាក់​។ តាម​រយៈ​មេធាវី​ស្ម័គ្រចិត្ដ​នេះ បាន​ជួយ​ការពារ​ក្ដី​ជូន​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​នៅ​តាម​សាលា​ជម្រះ​ក្ដី​បាន​ជាង ​២ ០០០ ​ករណី​ក្នុង ​១​ ឆ្នាំៗ។

លោក​បញ្ជាក់ថា​៖ «ទោះបី​ខេត្ដ​ឆ្ងាយ​ក៏ដោយ​ក៏មាន​មេធាវី​ប្រ​ចាំ​​ការ​យ៉ាង​ហោច​ណាស់​ ៥ រូប​ ដើម្បី​ផ្ដល់​សេវា​ការ​ពារ​ក្ដី​ជូន​ជន​ក្រី​ក្រ​ដោយ​ឥត​គិត​ថ្លៃ»។

ទាក់ទង​នឹង​​ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​ធន​ធានវិញ លោក អង្គវង្ស វឌ្ឍានា បាន​ថ្លែង​ថា ក្រសួង​យុត្ដិធម៌ រួម​នឹង​ដៃ​គូពាក់ព័ន្ធ​បាន​ខិត​ខំកសាង​ធន​ធាន​មនុស្សក្នុង​វិស័យ​យុត្ដិ​ធម៌​ដើម្បី​ឆ្លើយ​តបនឹង​ការ​អភិវឌ្ឍ​នឹង​តម្រូវ​ការ​នៃ​សង្គម​ជាតិ ដោយ​បច្ចុប្បន្ន មាន​ចៅក្រម ២៦៤ រូប និង​ព្រះ​រាជអាជ្ញា​ ១៧៣ រូប​។ ដោយ​ឡែក​ក្រឡា​បញ្ជី​មាន​ ៧៤៩ រូប ប្រុស​ ៥៨៥ រូប និង​ស្រ្ដី ១៦៤ រូប។

យ៉ាងណាក្ដី លោក សំ រិទ្ធី តំណាង​រាស្រ្ដ​មក​ពី​ខេត្ដ​កំពង់ស្ពឺ​ក៏បាន​ចោទ​សួរ​ទៅ​រដ្ឋ​មន្រ្ដី​ក្រសួង​យុត្ដិ​ធម៌​ផងដែរ ជុំ​វិញ​ ​ការ​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋនៅ​តាម​បណ្ដាខេត្ដដោយ​លោក​ចង់​ឲ្យ​​បង្កើន​ការ​ផ្សព្វ​ផ្សាយ​និងផ្ដល់​សេវា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​​ ​ខណៈ​ក្នុង​នាម​ជាតំណាង​រាស្រ្ដ​​ក៏​មិន​ទាន់​បាន​ដឹង​ពី​បញ្ហា​នេះ។

លោក​ថា​៖ «បើ​ខ្ញុំ​ស្ដាប់​មិនច្រឡំទេ​ គឺ​មាន​មណ្ឌល​សេវា​កម្ម​ផ្នែក​ច្បាប់​នេះ​​ក្នុង​ខេត្ដ​កំពង់​ស្ពឺ​រហូត​ដល់ទៅ​ ១០ មណ្ឌល​ផង​ដែរ​។ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​បន្ថែម​ថា ជារួម​កន្លង​មក​ ខ្ញុំ​ជាអ្នក​ចុះ​ខេត្ដ​កំពង់​ស្ពឺ​ច្រើន​ដែរ​ ប៉ុន្ដែ​ដូច​ជា​មិន​ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ ឬក៏​ឲ្យ​ដឹង​ថា​មាន​មណ្ឌល​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់​នេះ​សោះ»។

ដោយឡែក លោក ហ៊ុន ម៉ានី ជា​តំណាង​រាស្រ្ដ​ខេត្ដ​កំពង់​ស្ពឺ​ដែរ​នោះ​ បាន​លើក​ឡើង​​ថា វិស័យ​យុត្ដិ​ធម៌​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក​បន្ដថា​៖ «ដូចនៅ​​ក្នុង​យុទ្ធសាស្រ្ដ​ចតុកោណ​ដំណាក់​កាល​ទី៣ ដែល​នៅ​ក្នុង​នោះគឺ​ការ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្ដិ​ធម៌​ពិត​ជាមាន​សារៈ​សំខាន់ ដើម្បី​ក្លាយ​ជា​នីតិ​រដ្ឋ ដែល​គោលការ​ណ៍ច្បាប់ និង​ជារដ្ឋ​អធិបតេយ្យ​មាន​ឯករាជ្យ និង​បូរណភាព​ទឹក​ដីពេញ​លេញ»។

ទាក់​ទង​នឹ​ង​បញ្ហា​យុ​ត្តិ​ធ​ម៌នេះ​ ​លោក ​ឈាង វុន ​តំ​ណាង​រា​ស្ត្រ​ខេ​ត្តបាត់​ដំប​ង​ចង់​ឲ្យ​ក្រ​សួង​យុ​ត្តិ​ធម៌​បង្កើន​ជំនឿ​ចិត្ដ​របស់​ពលរដ្ឋ​។ លោក​ថា​៖ «បើ​យើង​វិនិច្ឆ័យ​ការ​អនុវត្ដ​កន្លង​ទៅ​នៅ​ក្នុង​អតីត​រដ្ឋ​កម្ពុជា​ប្រជា​ពលរដ្ឋ​ទុក​ចិត្ដ​ខ្លាំង​ណាស់​លើ​ប្រព័ន្ធ​យុត្ដិ​ធម៌។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឯកឧត្ដម​រដ្ឋ​មន្រ្ដី​ (ក្រសួង​យុត្ដិ​ធម៌) និង​សហ​ការី​មាន​សារៈសំខាន់​ណាស់​ សូម​កោត​សរសើរ ព្រោះ​លោក​ខំ​ប្រឹង​ធ្វើ​ការ​ងារ​នេះ ដើម្បី​កៀរ​គរ​ត្រឡប់​មក​វិញ​នូវ​ជំនឿ​ទុក​ចិត្ដ»។

ទោះ​ជាយ៉ា​ងណា​ ​លោក​ ឈាង​ វុន លោក​បាន​ត្អូញ​ត្អែរ​ថា ពិត​ជា​មាន​ការ​លំបាក​ចំពោះការ​អនុវត្ដ​ច្បាប់​នៃ​​ប្រព័ន្ធ​តុលា​ការក្នុង​​​ខេត្ដ​បាត់​ដំបង ខណៈ​ការ​អនុវត្ត​នីតិ​វិធី​​ច្បាប់​មួយ​ចំនួន​ដោះស្រាយ​មិន​បាន​ល្អ។

ជុំវិញ​ការ​កោះហៅ​តំ​ណា​ងរាជរ​ដ្ឋា​ភិ​បាល​ចូ​លបំភ្លឺ​នេះ ​រដ្ឋសភាក៏​​មាន​គ​ម្រោ​ងធ្វើ​បន្តនៅ​ក្នុងកិច្ចប្រជុំ​ក្រោ​យផងដែ​រ។ ​នេះបើតា​ម​ លោក ឡេង ប៉េង​ឡុង អ្នក​នាំពាក្យ​រដ្ឋសភា​កាល​ពី​ម្សិលមិញ។

​លោក​បា​នបញ្ជាក់ថា​​៖ «រដ្ឋសភា​នឹង​មាន​ការ​តាំង​ឡើង​នូវសំណួរ​​ដូច​ការ​សាក​សួរ​ទៅ​កាន់​រដ្ឋ​មន្រ្ដី​ក្រសួង​យុត្ដិធម៌​នេះ​បន្ដ​ទៀត។ អ៊ីចឹង​ចាប់​ពីថ្ងៃ​នេះទៅ​រដ្ឋ​សភានឹង​ចូល​វិស្សមកាល​ចំនួន ​៣ ខែ នៅ​សម័យ​ប្រជុំ​លើក​ទី៣ ខ្ញុំ​ជឿថា នឹង​មាន​សំណួរ​ទៅ​កាន់​រាជ​រដ្ឋាភិ​បាល​បន្ថែម​ទៀតដូច​ជា​ ធ្វើ​នៅព្រឹក​មិញ​នេះ​ (ការ​តាំង​សំណួរទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្ដិធម៌)»។

យ៉ាងណាក្ដី ចំពោះ​ថ្នាក់​ដឹកនាំ​របស់​រាជ​រដ្ឋាភិ​បាល​ឬរដ្ឋមន្ត្រី​នៅតាមក្រសួង​ផ្សេងទៀតដែលនឹង​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​បន្ដ​ទៅ​រដ្ឋសភា​នេះ លោក ឡេង ប៉េង​ឡុង​ មិន​ទាន់​អាច​ប្រាប់​បានទេ​ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា រដ្ឋ​សភា​ក៏នឹង​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​បំភ្លឺ​លើ​បញ្ហា​​​បារម្ភ​នានា​របស់​ប្រជាពលរដ្ឋ​ផងដែរ៕