The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក អាត់ ធន់ នឹង​ដឹក​នាំ​ដើរ​ក្បួន​បាតុកម្ម​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ

លោក អាត់ ធន់ នឹង​ដឹក​នាំ​ដើរ​ក្បួន​បាតុកម្ម​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ

លោក អាត់ ធន់ នឹង​ដឹក​នាំ​ដើរ​ក្បួន​បាតុកម្ម​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ

130422_08
ក្រុមកម្មកររោងចក្រកាត់ដេរ នាំគ្នាដើរក្បួនបាតុកម្មទាមទារលក្ខខណ្ឌការងារ តាមផ្លូវជាតិលេខ៤ នាពេលកន្លងមក ម៉ៃ វីរៈ

ភ្នំពេញៈ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) នឹង​ដឹក​នាំ​កម្មករ​រាប់​ពាន់​នាក់​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ និង​លក្ខខណ្ឌ​ការងារ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ដោយ​មាន​សហព័ន្ធ​សហជីព​មួយ​ចំនួន​ទៀត​ចូល​រួម​ជាមួយ​ផង។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា មាន​មេ​ដឹក​នាំ​សហជីព​ចំនួន​បួន​នឹង​ជួប​ជុំ​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ជាង​មុន ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​តែ​ម្ដង។

លោក ថ្លែង​ថា៖«​យើង​នឹង​ដាក់​ញត្តិ​ទៅ​រាជ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ចាត់​វិធានការ​ម្ដង​ទៀត​អំពី​ប្រាក់​ឈ្នួល​កម្មករ និង​អញ្ជើញ​តំណាង​រាស្រ្ត​ឲ្យ​ចូល​រួម​ជាមួយ​ពួក​យើង​ដែរ​ដើម្បី​បាន​ដឹង​ថា តើ​អ្វី​ជា​ការ​សន្យា​របស់​ពួកគេ​ចំពោះ​កម្មករ​នៅ​ពេល​ឈ្នះ​ឆ្នោត​»។

លោក អាត់ ធន់ លើក​ឡើង​ថា សហជីព​ដែល​ចូល​រួម​ជាមួយ​លោក​មាន លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) អ្នក​នាង ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា (NIFTUC) និង​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​(CUMW)។

លោក អាត់ ធន់ បញ្ជាក់​ថា៖«​យើង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ឆ្នាំ​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​ព្រោះ​យើង​នឹង​ជួប​ប្រជុំ​គ្នា​ជាមួយ​សហព័ន្ធ​សហជីព​ផ្សេង​ទៀត​ជា​«សំឡេង តែ​មួយ»​ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​ប្រាក់​ឈ្នួល​និង​លក្ខខណ្ឌ​ការ​ងារ​ដល់​កម្មករ​។ យើង​សូម​រក្សា​ការ​ទាមទារ​ចំនួន​១០០​ដុល្លារ​ដដែល​»។

លោក អាត់ ធន់ បន្ត​ថា វា​មិន​មែន​ជា​កូដកម្ម​ធំ​ដែល​លោក​បាន​គំរាម​ធ្វើ​នោះ​ទេ តែ​វា​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ទាម​ទារ​។

លោក​បន្ត​ថា៖«នេះ​គ្រាន់​តែ​ជា​ការ​កម្តៅ​សាច់​ដុំ តែ​យើង​នឹង​ធ្វើ​កូដកម្ម​ធំ​បើ​សិន​មិន​ទទួល​បាន​អ្វី​សោះ​ទេ​»។

សហភាព​ការងារ​កម្ពុជា បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ដើម្បី​ជូន​ដំណឹង​និង​សុំ​ការ​អនុញ្ញាត​ជួប​ជុំ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មុន​នឹង​ហែ​ក្បួន​តាម​ផ្លូវ​ព្រះ​សីហនុ​ឆ្ពោះ​មក​រដ្ឋសភា​តែ​មន្ត្រី​សាលា​រាជធានី​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ​។

លោក អាត់ ធន់ អះ​អាង​ថា ពួកគេ​នឹង​នៅ​បន្ត​ធ្វើ​បើ​ទោះ​សាលា​រាជធានី​បដិសេធ​សំណើ​របស់​ខ្លួន​ក៏​ដោយ​។ មន្ត្រី​សាលា​រាជធានី មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​។

គណៈ​កម្មការ​ប្រឹក្សា​ការងារ​នៃ​ក្រសួង​ការងារ​បាន​ចុះ​ហត្ថលេខា​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ថ្មី​កាល​ពី​ខែ​មុន​ដល់​កម្មករ​គឺ​ឡើង​ពី​៦១​ដុល្លារ​ទៅ​៨០​ដុល្លារ​ក្នុង​មួយ​ខែ​ដែល​ប្រាក់​ឈ្នួល​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​ឧសភា​នេះ​៕ PN

អត្ថបទគួរចាប់អារម្មណ៍