ភ្នំពេញៈ កម្ពុជា​បញ្ជាក់ប្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​ប្រាប់​ទៅ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​លើក​ទី​​ ១៥ ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​លើ​ទឹកដី​របស់​ខ្លួន​ឡើយ​ទាំង​ពេលបច្ចុប្បន្ន និង​នាពេល​អនាគត​។

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​ចំនួន​ ២ រួមមាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៥ ដែល​លោក​តំណាងឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ក្នុង​កិច្ចប្រជុំ​ទាំង​ ២ ​នេះ​លោក​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការគោរព​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ដែល​ហាម​មិន​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា និង​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ ដែល​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ១២ វិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​នានា​ដែល​ត្រូវបាន​លើកឡើង​ដោយ​ប្រភព​ផ្សេងៗ ដែល​ចោទប្រកាន់​ថា កម្ពុជា​បានធ្វើ​កិច្ចព្រមព្រៀង​ក្នុង​ការអនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស កម្ពុជា​សូមបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកាន់ខ្ជាប់​នូវ​ឯករាជភាព និង​អព្យាក្រឹតភាព​ក្នុង​កិច្ចការពារ​ជាតិ និង​អធិបតេយ្យភាព​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​យោធា​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​កម្ពុជា​ឡើយ​»​។

កាលពី​ខែកក្កដា ឆ្នាំ ២០១៩ កាសែត The Wall Street Journal បានចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​ស្រង់​សម្ដី​មន្ត្រី​សហរដ្ឋអាមេរិក​មិន​បញ្ចេញ​ឈ្មោះ ដែល​អះអាង​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋានទ័ព​រាម នៅពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​ជំរុញ​ទៅមុខ​នូវ​ផែន​ការដាក់​យោធា​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​ ១៥ រៀបចំ​ឡើង​តាម​អនឡាញ​កាលពី​ថ្ងៃទី​ ១៤ វិច្ឆិកា លោក Robert O''Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​តំណាងឱ្យ​សហរដ្ឋអាមេរិក​បាន​ថ្លែង​អំពី​ការព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​ចំពោះ​បញ្ហា​នេះ​។

លោក Robert O''Brien បាន​ថ្លែង​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ផែនការ​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កងទ័ព​ជើងទឹក​បរទេស និង​បុគ្គលិក​របស់គេ នៅឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នៅ​ឈូង​សមុទ្រ​ថៃ​។ វត្តមាន​កងទ័ព​ជើងទឹក​បរទេស​នៅ​កម្ពុជា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ការលើកកម្ពស់​សុវត្ថិ​ភាព​នាវាចរណ៍ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៅក្នុង​តំបន់​»​។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា បញ្ហា​នេះ​ត្រូវបាន​លើក​មក​ចោទប្រកាន់​ម្ដងហើយ​ម្ដងទៀត ព្រមទាំង​មាន​ការផ្សព្វផ្សាយ​គ្មាន​មូលដ្ឋាន ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​ការជឿ​ទុកចិត្ត​គ្នា និង​បង្ក​អរិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បានបញ្ជាក់​រួចមកហើយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ ហើយ​នាយករដ្ឋមន្ត្រី​របស់ខ្ញុំ​ក៏បាន​ធ្វើការ​បញ្ជាក់​ដូចគ្នានេះ​ម្តង​ហើយ​ម្តង​ទៀតថា កម្ពុជា​គ្មាន ហើយ​ថ្ងៃមុខ​ក៏​នឹង​ពុំមាន​ដែរ​នូវ​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅលើ​ទឹកដី​របស់ខ្លួន​។

លោក​បន្តថា​៖ «​ខ្ញុំ​សូមបញ្ជាក់​សាជាថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ឯករាជ្យ និង​អព្យាក្រឹត​តាម​សេចកី្ត​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ហាមឃាត់​ដាច់​ខាត​នូវ​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ក្នុងនាម​ជា​ប្រទេសមួយ​ដែលមាន​អធិបតេយ្យ និង​ឯករាជ្យ​មាន​បូរណភាព​ទឹកដី​ពេញលេញ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ស្របច្បាប់ និង​មាន​សិទ្ធិ​ស្មើគ្នា​ដូច​ប្រជាជាតិ​ដទៃទៀត​ក្នុង​តំបន់​ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ និង​មិនអាច​កាន់​ផ្តាច់​បាន​ក្នុង​ការកែលម្អ​មូលដ្ឋាន​កងទ័ពជើងទឹក កំពង់ផែ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​នាវាចរណ៍​របស់ខ្លួន ដើម្បី​បំពេញសេចកី្ត​ត្រូវការ​ក្នុងពេល​បច្ចុប្បន្ន ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។ នេះ​ជាការ​លើកឡើង​របស់​លោក អូន ព័ន្ធមុនីរ័ត្ន​។

បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន ដដែល​ការកែលម្អ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​តម្រូវឱ្យមាន​ការរុះរើ​ប្ដូរ​ទីតាំង​មជ្ឈមណ្ឌល​សមុទ្រ​ចេញពី​មូលដ្ឋាន​ទ័ពរាម​។ មជ្ឈមណ្ឌល​នេះ​មិនត្រូវ​បាន​បិទ​ចោល​នោះទេ ហើយ​កម្ពុជា​ក៏បាន​ស្វាគមន៍​ដល់​មិត្ត​បរទេស​ទាំងអស់​ដែល​ចង់​ចូលរួម​ផ្ដល់​ហិរញ្ញប្បទាន​ទ្រទ្រង់​ដល់​មណ្ឌល​នេះ​។

លោក​បញ្ជាក់​យ៉ាងច្បាស់​ថា​៖ «​យើង​ស្វាគមន៍​ចំពោះ​ការផ្តល់ជំនួយ និង​ការបន្ត​ផ្តល់ជំនួយ​ពី​សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និង​ប្រទេស​ដទៃទៀត ដរាបណា​ជំនួយ​នេះ​មិន​រារាំង​យើង​ក្នុង​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​»​។

លោក ឯក សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា បើទោះបី​ជា​មាន​ការបញ្ជាក់​ពី​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ​បែបនេះ​ក៏ដោយ ក៏​មន្ទិលសង្ស័យ​របស់​សហរដ្ឋ​អាមេរិក​នៅ​មិន​ត្រូវបាន​លាងជម្រះ​ទេ​។

លោក​ថា សហរដ្ឋអាមេរិក​ចង់​ឱ្យ​ការអភិវឌ្ឍ​នោះ​មាន​តម្លាភាព ហើយ​ចង់ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន និង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មាន​តុល្យភាព​។

លោក​ថ្លែងថា​៖ «​វា​ត្រូវការ​ពេលវេលា​ច្រើន និង​ឥរិយាបថ​ច្រើន​ទៀត ដើម្បី​លុបបំបាត់​ភាពមន្ទិលសង្ស័យ​នេះ​។ ទាល់តែ​មាន​ការសហការ ឬ​ការលាងជម្រះ​ដោយ​ការរួបរួម​គ្នា​រវាង​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​បច្ចេកទេស ទើប​អាច​ឈាន​ដល់​ការលុបបំបាត់​ការមន្ទិលសង្ស័យ​នេះ​បាន​»៕