ស្វាយ​រៀង:​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ អេង​ ហ៊ី​ នៅ​ថ្ងៃ​ទី ១១ ​ខែ​ឧសភា​ នេះ​ បាន​ច្រាន​ចោល​ការ​ផ្សាយ​ព័ត៌​មាន​មួយ​ដែល​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀងជំ​រិតទារ​ប្រាក់ ពី​​ការ​បង្ក្រាប​រថយន្ត​ដឹក​ជញ្ជូន​ធ្យូង​ខុស​ច្បាប់​ចំនួន​ ៧​ គ្រឿង ​នៅ​ភូមិ​បុស្ស​មន ​ឃុំ​បុស្ស​មន​ ស្រុក​រំដួល​ កាល​ពី​ថ្ងៃទី ១៣ ​ខែ​មេ​សា ​ខណៈ​រថយន្ត​ទាំ​ង​នេះ​​បម្រុង​ឆ្លង​ដែន​ទៅ​លក់​នៅ​វៀត​ណាម​។​

លោក​ អេង ​ហ៊ី ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ​១១​ ខែ​ឧសភា ​ថា ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​កាល​ពី​ថ្ងៃទី​ ១៣ ​ខែ​មេសា​ កន្លង​ទៅ​នេះ​ បាន​ឃាត់​រ​ថ​យន្ត​ចំនួន ៧​ គ្រឿង ​ដែល​មាន​ដឹក​ធ្យូង​សរុប​ចំនួន​ ១ ​៣៨៩​ បាវ ​ដែល​មាន​ទម្ងន់​សរុប​ចំនួន​ ជាង​ ៥៦​ តោន​ ពិត​ប្រាកដ​មែន​ ដោយ​សារ​​ដឹ​ក​ជញ្ជូន​ផល​ អនុ​ផល​ព្រៃ​ឈើ ដោយ​គ្មាន​លិខិត​អនុ​ញ្ញាត​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​ដែល​ជា​អំពើ​ល្មើ​សនឹង​មាត្រា​ ៦៩ កថា​ខណ្ឌ ​១​ និង​កថា​ខណ្ឌ ​៤​ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ។​

ដោយ​អនុ​លោ​ម​​តា​ម​មាត្រា​ ​៧៨ ​នៃ​ច្បាប់​ស្តីពី​ព្រៃ​ឈើ ​កង​រា​ជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ ​ក៏​អាច​ឃាត់​ខ្លួន​ជន​ប្រ​ព្រឹត្ត​ល្មើស ​និង​ចាប់​ឃា​ត់​​វត្ថុ​តាង​​បទ​ល្មើស​ជា​បណ្តោះ​អាសន្ន​ រួច​បញ្ជូន​ទៅ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​បាន​ដែរ​។​

លោក​បន្ត​ថា​ ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង ​បាន​ប្រគល់​វត្ថុ​តាង​ និង​សំណុំ​រឿង​ជូន​លោក ​នេ​ត​ គក​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​រមាស​ហែក​ នៅ​ថ្ងៃទី​ ១៣ ខែ​ មេសា ​ឆ្នាំ​ ២០២០​ ប៉ុន្តែ​ដោយ​សារ​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​រមាស​ហែក​ ទី​តាំ​ង​​ច​ង្អៀត​មិន​មាន​កន្លែង​រក្សា​ទុក​ ក៏​សុំ​រក្សា​ទុក​បណ្តោះ​អាសន្ន​នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​។​

លោក​បន្ថែម​ថា​ ធ្យូង​ទាំង​អស់​សរុប​ចំនួន​ជាង ​៥៦​តោន​ដែល​បម្រុង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​នោះ​ មិន​មែន​ជា​ករណី​តូច​តាច​ដូច​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​អន​ឡាញ ​«​LSN.TV​ ​នាទី​កំសាន្ត»​ផ្សាយ​នោះ​ទេ។​ លើ​ស​ពី​នេះ​​សារ​ព័ត៌​មាន​បាន​ផ្សាយ​ថា ​«​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ឃាត់​រ​ថ​យន្ត​ដឹក​ធ្យូង​ ​និង​ចោទ​ពី​បទ​ល្មើស​ខុស​ច្បា​ប់ ​និង​ផាក​ពិន័យ​ម្នា​ក់​ជាង​ ១០​ លាន​​រៀល ហើយ​មិន​ឲ្យ​យក​ឡាន​ទៅផ្ទះ​ទេ ​សូម​បង​ប្អូន​ជួយ​ស៊ែរ​ផង​»​។​

ដោយ​ការ​លើក​ឡើង​នេះ ​លោក​ អេង ​ហ៊ី ​ឲ្យ​ដឹង​ថា ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ មិន​មាន​សមត្ថ​កិច្ច​ចោទ​ ឬ​ប្រ​មូ​ល​ប្រាក់​ពិន័យ​ ឬ​ប្រគល់​វត្ថុតាង​ជូន​ម្ចាស់​ដើម​វិញ​ទេ គឺ​ជា​សមត្ថ​កិច្ច​របស់​រដ្ឋបាល​ព្រៃ​ឈើ ​និង​តុលា​ការ​។​

លោ​ក​​បាន​ស្នើ​ឲ្យ​សារ​ព័ត៌​មាន​អន​ឡាញ ​“LSN.TV​ នាទី​កំសាន្ត”​ ធ្វើការ​កែ​តម្រូវ ដោយ​យក​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​នេះ​ទៅ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើ​ព័ត៌​មាន​អន​ឡាញ ​“LSN.TV ​នាទី​កំសាន្ត​” ឡើង​វិញ​ ប៉ុន្ដែ​ក្នុង​ករណី​មិន​មាន​ការ​កែ​តម្រូវ​នោះ​មន្ត្រី​​នឹង​ធ្វើ​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​ក្រសួង​ព័ត៌​មាន​ និង​តុលា​ការ​តាម​នីតិ​វិធី​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​សារ​ព័ត៌​មាន​។​

លោក ​ថាច់​ រតនា​ ប្រធាន​មន្ទីរ​កសិ​កម្ម​ រុ​ក្ខា​ប្រមាញ់ ​និង​នេ​សាទ​ខេត្ត​ស្វាយ​រៀង​ពី​ម្សិល​មិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជា​ក់​ជុំវិញ​ករណី​នេះ​បាន​ទេ​ ដោយ​ទូរ​ស័ព្ទ​លោក​គ្មាន​អ្នក​ទទួល​។​

លោក ​គល់ ​សុវណ្ណ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្វាយ​រៀង​ពី​ម្សិល​មិញ​បាន​បដិ​សេធ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​ករ​ណី​នេះ ​ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរ​ស័ព្ទ​វិ​ញ​។​

លោក ​លួស ​សេង​ ចាង​ហ្វាង​សារ​ព័ត៌​មាន​អន​ឡាញ ​LSN.TV​ នាទី​កំសាន្ត​ ពី​ម្សិល​មិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​ប​ញ្ជា​ក់​ជុំវិញ​ករណី​នេះ​បាន​ទេ ​ដោយ​លោក​បាន​បិទ​ទូរ​ស័ព្ទ​។​

ប៉ុន្ដែ​អ្នក​សារ​ព័ត៌​មាន​របស់​គេហៈ​ទំ​ព័រ​ LSN.TV​ នាទី​កំសាន្ត​ កាល​ពី​ថ្ងៃទី​ ១១ ខែ​ឧសភា​ នេះ​ បាន​ធ្វើការ​សម្ភាស​​ជា​មួ​យ​ម្ចាស់​រថ​យន្ត​ដឹក​ធ្យូង​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ម្នាក់​ក្នុង​ចំ​ណោម​ ៧​ នាក់​ថា ​រថ​យន្ត​ដឹក​ធ្យូង​របស់​ពួក​លោក​ចំនួន​ ៧​ គ្រឿង​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ឃាត់​ ក្នុង​អំឡុង​ពេល​ដឹក​ធ្យូង​យក​ទៅ​លក់​នៅ​វៀត​ណាម​។​

លោក​បន្ត​ថា​ សមត្ថ​កិច្ច​បាន​ឃាត់​រថយន្ត​ទាំង​ ៧​ គ្រឿង​ ដោយ​បាន​សួរ​រក​លិខិត​អនុ​ញ្ញាត​ ឬ​លិខិត​អាជី​វក​ម្ម​ធ្យូង​ ប៉ុន្ដែ​ពួក​លោក​មិន​បាន​ដឹង​ថា​ ការ​ដឹក​ជញ្ជូន​ធ្យូង​ត្រូវ​មាន​លិខិត​នោះ​ទេ។​ ​លោក​បាន​ព្យា​យាម​សម្រប​សម្រួល​ជា​មួយ​សម​ត្ថ​កិ​ច្ច ប៉ុន្ដែ​សមត្ថ​កិច្ច​បាន​បញ្ជូន​ស​ម​ណុំ​រឿង​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ ​និង​តុលា​ការ ​តុ​លា​កា​រ​បាន​តម្រូវ​ឲ្យ​ពួក​លោក​បង់​ប្រាក់​ពិន័​យ​​ជាង​ ១០ លាន​រៀល​ ហើយ​នៅ​តែ​មិន​ទាន់​ប្រគល់​រ​ថ​យន្ត​ឲ្យ​ពួក​លោក​វិញ​ដែរ​។​

លោក​បញ្ជាក់​ថា​៖ ​«​ពួក​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​ក្រីក្រ ​រកស៊ី​លក់​ធ្យូង​តិច​តួច​ ហើយ​ឡាន​នេះ ​ពួក​ខ្ញុំ​បាន​ខ្ចីលុយ​ពី​ធនា​គារ​មក​ទិ​ញដើម្បី​រក​ស៊ី​ ប៉ុន្ដែ​លោ​កស​ត្ថ​កិច្ច​ចាប់​ឡាន​ខ្ញុំ​បែប​នេះ ​តើ​ខ្ញុំ​បាន​លុយ​ពី​ណា ​ប​ង់​សង់​ធនាគារ​វិញ។​ ទោះ​ពួក​ខ្ញុំ​ខំ​និ​យា​យ​​ស​ម្រ​ប​សម្រួល​យ៉ាង​ណា ​ក៏​មន្ត្រី​មិន​ព្រម​អនុ​គ្រោះ​ឲ្យ​ពួក​ខ្ញុំ​ដែរ​»​៕​ ​ ​ ​