ភ្នំពេញៈ លោក អេង ហ៊ី ស្នងការ​នៃ​ស្នងការដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អះអាង​ថា ការផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ​ដល់​កងរាជអាវុធហត្ថ​ជាប្រចាំ​គឺជា​ការដាស់តឿន​កម្លាំង​ស្មារតី​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​គុណតម្លៃ និង​ប្រសិទ្ធភាព​។

កាលពី​ព្រឹក​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​នេះ លោក អេង ហ៊ី បាន​ដឹកនាំ​ប្រជុំ​មួយ​តាម Video Conference ស្តីពី​ការផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​របស់​កងរាជអាវុធហត្ថ ដោយ​​មាន​ការចូលរួម​ពី​ស្នងការរង នាយ នាយរង​ការិយាល័យ និង​មេបញ្ជាការរង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​មកពី​ខណ្ឌ​ទាំង​ ១៤ ក្នុង​រាជធានី​ភ្នំពេញ​។

លោក អេង ហ៊ី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​ ១ ​ឆ្នាំៗ កងរាជអាវុធហត្ថ​តែង​អប់រំ​ចិត្តសាស្ត្រ​ដល់​កងរាជ​អាវុធហត្ថ​ជា​បន្តបន្ទាប់​ដូចជា​ប្រចាំខែ ត្រីមាស និង​ឆមាស ពិសេស​ពេល​កើតហេតុ​ការណ៍​ថ្មីៗ ដូចជា ករណី​ផ្ទុះ​ជំងឺ​កូវីដ​១៩​នេះ​ជាដើម គឺ​ត្រូវតែ​រៀបចំ​វគ្គ​អប់រំ​ចិត្តសាស្ត្រ​នេះ​បន្ថែម​។

លោក​បន្តថា ការអប់រំ​ចិត្តសាស្ត្រ​នេះ​គឺ​សំដៅ​ពង្រឹង​ឆន្ទៈ ការទទួល​ខុសត្រូវ​ឲ្យ​មាន​ស្មារតី​ហ្នឹងនរ និង​បង្កើត​ការបម្រើ​ការពារ​ពលរដ្ឋ ដោយ​បញ្ជ្រាប​នូវ​ចំណេះដឹង​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការវិវត្ត​របស់​ពិភពលោក​ក៏ដូចជា​ក្នុង​ប្រទេស​។

លោក​ថា​៖ «​យើង​ឃើញថា ក្រោយពី​យើង​បាន​ផ្សព្វផ្សាយ​ជាប្រចាំ​គឺ​ពួកគាត់ មាន​ការយល់​ដឹង និង​ធ្វើ​ការងារ​មិនសូវ​ខុស​។ គាត់​យល់​អំពី​ច្បាប់​យល់​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គាត់​។ ​យើង​ឃើញ​ថា ទោះបី​​មាន​ការអប់រំ​យ៉ាងណា ក៏​ឃើញ​​មាន​បុគ្គល​មួយចំនួន​តូច គាត់​នៅ​តែ​បន្តធ្វើ​ខុស​។ ប៉ុន្តែ​កងរាជ​អាវុធហត្ថ គឺ​មិន​បណ្តែតបណ្តាយ​ឲ្យ​បុគ្គល​នោះ​ធ្វើ​ខុស ដោយ​យថាហេតុ ឬ​ចេតនា​នោះ​​ទេ​គឺ​ត្រូវ​មាន​ការត្រួតពិនិត្យ​ជាប់​ជានិច្ច​»​។

លោក អេង ហ៊ី បាន​បន្តថា ក្នុង​ដំណាក់កាល​នេះ​កម្លាំង​​កងរាជអាវុធហត្ថ​មិន​ត្រឹមតែ​​ការពារ​សុខ​សុវត្ថិភាព​របស់​ពលរដ្ឋ​ទេ តែ​ក៏ត្រូវ​យកចិត្ត​ទុកដាក់​ពី​សុខភាព​ផ្ទាល់ខ្លួន​តាម​ការណែនាំរ​បស់​ក្រសួង​សុខាភិបាល​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ​១៩ ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​បណ្តុះបណ្តាល​ពួកគាត់​ឲ្យ​យក​​ចំណេះដឹង​ទាំងនេះ​បន្ត​ទៅ​មន្ត្រី​​ថ្នាក់ក្រោម​រហូត​ទូទាំង​ប្រទេស​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ពី​ម្សិលមិញ​បាន​សាទរ​ចំពោះ​កម្មវិធី​អប់រំ​ចិត្ត​ដល់​កម្លាំង​កងរាជ​អាវុធហត្ថ​ដោយ​លោក​លើក​​ទឹកចិត្ត​ធ្វើឲ្យ​បាន​ញឹកញាប់​កាន់តែ​ល្អ ព្រោះថា​កម្លាំង​កងរាជ​អាវុធហត្ថ គឺជា​ផ្នែក​មួយ​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព សម្រាប់​សង្គមជាតិ​ទាំងមូល​។

លោក​បន្ត​ថា​មួយ​វិញ​ទៀត​កងរាជអាវុធហត្ថ​ក៏​ជា​បុគ្គល​ដែល​ធ្វើការ​ជាមួយ​មនុស្ស​ទូទៅ​​ដែរ ដែល​ចាំបាច់​ត្រូវ​មាន​ការយល់ដឹង​អំពី​ផ្នែក​ចិត្តសាស្ត្រ ការអប់រំ​ចិត្ត​របស់​ពួកគាត់​។ ​កម្លាំង​សមត្ថកិច្ច​ដែល​មាន​ក្រមសីលធម៌​ខ្ពស់​ទើប​អាចបំពេញ​​ភារកិច្ច​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​លើក​​ទឹកចិត្ត​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់​​យើង​ហ្នឹង​រៀនសូត្រ​អំពី​ការអប់រំ​ពី​សមាធិ និង​អំពី​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ឲ្យ​បាន​ជ្រៅជ្រះ​ ដើម្បី​​ពួកគាត់​ក្លាយជា​កងកម្លាំង​មួយ​ដែល​ជួយ​ប្រជាជន​ចៀសវាង​​អំពើ​ទាំងឡាយណា​ដែល​បង្ក​នូវ​​ចរិត ឃោរឃៅ ឬ​ក៏​ជ្រុលនិយម​ក្នុង​ការបំពេញ​ភារកិច្ច​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​លើកឡើង​ដែរ​ថា ដើម្បី​បាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ដែល​ល្អ​គឺ​ត្រូវ​ឆ្លងកាត់​​ការអប់រំ​លក្ខណសម្បត្តិ និង​ដំណើរការ​នៃ​ការជ្រើសរើស​ជាច្រើន​ដំណាក់កាល​។ ការបណ្តុះបណ្តាល​នេះ​គឺ​ដើម្បី​ពង្រឹង​ចិត្ត​គំនិត​របស់​កងកម្លាំង​ឲ្យ​មាន​ភាពរឹងមាំ ទាំង​កម្លាំងចិត្ត និង​​កម្លាំងកាយ​ជាង​ជន​ទូទៅ​។

ជា​គំនិត​ត្រូវ​គិតពិចារណា​លោក សន ជ័យ ចង់​ឲ្យ​មាន​ការបំបួស​កងកម្លាំង​ប្រដាប់​អាវុធ​រយៈពេល​ខ្លី​មុន​ចូល​ធ្វើការ​ដើម្បី​​អប់រំ​ចិត្តគំនិត​របស់​ពួកគេ​ឲ្យ​​ក្លាយ​ខ្លួន​ជា​អ្នកការពារ​សង្គមជាតិ និង​ប្រណិប័តន៍​តាមផ្លូវ​​មួយ​ដែល​ល្អ​។

លោក​ថា​៖ «​ការធ្វើ​បែបនេះ​គឺជា​គំរូ​ដ៏ល្អ​សម្រាប់​គ្រួសារ​រហូត​ដល់​ទៅ​សង្គម ការទទួល​ស្គាល់​របស់​មហាជន​នូវ​តម្លៃ​របស់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​រួមមាន កងរាជ​អាវុធហត្ថ​ជាដើម​នេះ​គឺជា​តម្លៃ​មួយ​ដែល​​សង្គម​កម្ពុជា​ចង់បាន​។ ​យើង​ចង់ឃើញ​តាំងពី​ឥរិយាបថ និយាយស្តី ការអនុវត្ត​តួនាទី​​នៅ​ទីសាធារណៈ​ក៏ដូចជា​ទំនាក់ទំនង​ក្នុង​សង្គម​ផង​ដែរ​»៕