ភ្នំពេញៈ លោក អោ អាន ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង ០០៤/០២ នៃ​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​ទទួល​មរណភាព​ហើយ​កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកា នៅ​ខេត្ត​បាត់ដំបង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភត្រា អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ-ក្រហម​។

លោក ភក្ត្រា ថ្លែង​ថា សំណុំរឿង ០០៤/០២ ប្រឆាំង​នឹង អោ អាន បាន​បិទ​បញ្ចប់​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក) ដែល​គេ​ហៅថា សាលាក្ដី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ-ក្រហម​តាំងពី​ថ្ងៃទី​ ១០ ខែសីហា ឆ្នាំ​ ២០២០​។ ចាប់តាំងពី​ពេលនោះ​មក អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​លែង​មាន​យុត្តាធិការ​លើ​លោក អោ អាន ទៀតហើយ​។

លោក អោ អាន ត្រូវបាន​សហព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ-ក្រហម ចោទប្រកាន់​ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​នៅក្នុង​ខេត្តកំពង់ចាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​លើ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​ ១៩៥៦ គឺ​អំពើ​មនុស្សឃាត​ដោយ​ចេតនា​។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា សាលាក្ដី​ខ្មែរ-ក្រហម​បាន​បញ្ចប់​សំណុំ​រឿងនេះ​ហើយពី​ថ្ងៃទី​ ១០ ខែសីហា​។ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ថា ក្នុងករណី​ដែល​ពុំមាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ដែល​ជាក់លាក់ និង​អាច​អនុវត្ត​បាន​នោះ ដូចនេះ​រឿងក្តី​ប្រឆាំង​នឹង អោ អាន ត្រូវ​បញ្ចប់​នៅ​ចំពោះមុខ អ.វ.ត.ក​»​។

លោក ឡោ ជុនធី មេធាវី​ ១ ​រូប ​ដែល​ការពារ​ជនរងគ្រោះ​បាន​ថ្លែងថា តាមផ្លូវ​ច្បាប់ ប្រសិន​បើ​តុលាការ​មិន​បន្ត​នីតិវិធី​លើ​ជនសង្ស័យ​ទេ ហើយ​ព្រះរាជអាជ្ញា​មិនមាន​ការប្ដឹង​អ្វី​បន្តទៀត​ទេ រឿងក្ដី​ត្រូវបាន​បញ្ចប់​។

លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បាន​ថ្លែងថា​៖ «​មរណភាព​របស់គាត់​គួរតែ​ជំរុញ​ឱ្យ​យើង​រួមគ្នា និង​បន្តដំណើរ​របស់​យើង​តទៅទៀត ដើម្បី​រក្សា​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស និង​ទប់ស្កាត់​អំពើ​ឃោរឃៅ​ដ៏ធំ​នេះ​ដូចជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​មិន​ឱ្យ​ត្រឡប់​មកវិញ​។ វា​ជា​ភាព​ទទួល​ខុសត្រូវ​នៃ​មនុស្ស​គ្រប់រូប ទាំង​រដ្ឋាភិបាល​ទាំង​ប្រជាពលរដ្ឋ​»​។

សូម​រំឭក​ផងដែរ​ថា​កាលពី ២ ​ខែ​មុន មនុស្ស​ដំបូង​ដែល​ត្រូវបាន​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរ-ក្រហម​ផ្តន្ទាទោស​មុនគេ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច ក៏បាន​ទទួល​មរណភាព​ដែរ​។

ដូច្នេះ​បច្ចុប្បន្ននេះ អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ-ក្រហម​ អ្នក​ដែល​រស់​រានមាន​​ជីវិត មានតែ ខៀវ សំផន ដែលជា​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​នៃ​សាលាក្ដី​ខ្មែរក្រហម​៕