ភ្នំពេញៈ លោក ​អះម៉ាត់​ ​យ៉ះយ៉ា ​អតីត​រដ្ឋលេខាធិការ​ក្រសួង​​សង្គមកិច្ច​ និង​ក្មួយ ​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ ម្នាក់ ១៥ ​ឆ្នាំ ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ បញ្ជូន​​ទៅ​កាន់​​ពន្ធនាគារ​ព្រៃ​ស ​(​ម១​)​ ភ្លាមៗ បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​អង្គារ​ហើយត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​រាជធានី​ភ្នំពេញ ​រក​ឃើញ​អំពី​ទោស​កំហុស​របស់​គាត់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​។​ ​

លោក ​អះម៉ាត់​ ​យ៉ះយ៉ា​ និង​​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ ​អ៊ីស្មាអែល ពិនឧស្មាន​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ស្ត្រី​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ ក្នុង​អំឡុង​ឆ្នាំ ​២០០៤​ ប៉ុន្តែ​កន្លង​មក​គាត់​បាន​បដិសេធ​ថា​ ​នោះ​គឺ​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​ដើម្បី​ចាប់​ខ្លួន​គាត់​ប៉ុណ្ណោះ។​​ ​

លោក​ ​សួស​ ​វិទ្យារ៉ាន់ឌី​ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ក្រោយ​ពី​បើក​សវនាការ​ជំនុំ​ជម្រះ​​ពេញ​មួយ​ព្រឹក​រួច​មក​ លោក​ អះម៉ាត់​ យ៉ះយ៉ា​ អតីត​រដ្ឋលេខាធិការ​ក្រសួង​​សង្គម​កិច្ច​ និង​ក្មួយ​ប្រុស​របស់​គាត់​​ម្នាក់​ទៀត ​ឈ្មោះ ​អ៊ីស្មាអែល ​ពិនឧស្មាន​ ​ត្រូវ​បាន​លោក​ កូយ​ សៅ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ ​១៥ ឆ្នាំ ​ដោយ​ចោទ​ប្រកាន់​ពី​បទ ​«​នាំចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​ការ​ឆ្លង​ដែន​»​ តាម​មាត្រា ​១១ ​នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

លោក​ ​វិទ្យារ៉ាន់ឌី​ ​បាន​បញ្ជាក់​ទៀត​ថា​៖ ​«​ក្រោយ​ពី​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​រួច​ លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​មន្ត្រី​នគរបាល​យុត្តិធម៌​ ​នាំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង ​២ នាក់​ [អះម៉ាត់​ ​យ៉ះយ៉ា ​និង​អ៊ីស្មាអែល ពិនឧស្មាន​] ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ​(​ម​១)​ ​ដើម្បី​ធ្វើ​ការ​ឃុំ​ខ្លួន​តាម​នីតិវិធី​ច្បាប់​ភ្លាមៗ​ផង​ដែរ​»​។

កាល​ពី​ថ្ងៃទី ​៥​ ​ខែ ​កុម្ភៈ​ ​ឆ្នាំ ​២០១៨​ លោក​ សេង ​ហៀង​ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​ដីកា​បង្គាប់​​ឲ្យ​នាំ​ខ្លួន​លោក​ ​អ៊ី​ស្មាអែល​ ពិនឧស្មាន ​អតីត​បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​កំពង់ចាម​ ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​នាំចេញ​មិន​ស្រប​ច្បាប់​។​

នៅ​ពី​ថ្ងៃទី​ ​៧​ ​ខែ ​កុម្ភៈ​ ឆ្នាំ ​២០១៨​ លោក​ អ៊ីស្មាអែល​ ពិនឧស្មាន​ អតីត​បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​កំពង់ចាម​ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​ ខណៈ​គាត់​កំពុង​ធ្វើ​ដំណើរ​មក​សួរ​សុខ​ទុក្ខ​​សហគមន៍​ខ្មែរ​អ៊ិស្លាម​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ​២​ ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ ក្រោយ​ការ​ចាប់​ខ្លួន​លោក ​អ៊ីស្មាអែល​ ពិនឧស្មាន​ ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ លោក​ អះម៉ាត់​ យ៉ះយ៉ា ​មាន​ជាប់​ពាក់ព័ន្ធ​ ​និង​​ជា​មេ​ខ្លោង​ក្នុង​សំណុំ​រឿង​នាំចេញ​មិន​ស្រប​ច្បាប់​នេះ ​ហើយ​បាន​ស្នើសុំ​ឲ្យ​​តំណាង​អយ្យការ​អម​សាលា​​ដំបូង​រាជធានី​​​ភ្នំពេញ​ ​ចេញ​ដី​កា​តាម​ស្វែងរក​ចាប់​ខ្លួន​​គាត់​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។​ ​

ព្រោះ​តែ​ករណី​នេះ ​លោក យ៉ះយ៉ា​ ​ក៏​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ដក​ហូត​តួនាទី​ ​និង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​​សង្គមកិច្ច​ផង​ដែរ​។​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ ​គាត់​បាន​បដិសេធ​ ​ដោយ​អះអាង​ថា​៖​ ​«​មាន​គេ​ប្រឌិត​រឿង​ ដើម្បី​ធ្វើ​បាប​ខ្ញុំ​ និង​ចាប់​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​»​។

លោក​ ​ស៊ឹង​ ​សែនករុណា ​អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​និយាយ​ថា ​លោក ​អះម៉ាត់​ យ៉ះយ៉ា ​ ដែល​កន្លង​មក​គាត់​មិន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដូច​ជា​ក្មួយ​ប្រុស​របស់​គាត់​ទេ​ បើ​ទោះ​ជា​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ក្ដី។​ ​ការ​បង្ហាញ​ខ្លួន​របស់​គាត់​ក្នុង​សវនាការ​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​នោះ​ គឺ​ទំនង​មក​ពី​គាត់​ចង់​បង្ហាញ​​ថា​ គាត់​ជា​មនុស្ស ​«​ស្អាត​ស្អំ​ពិត»​ ប៉ុន្តែ​ជា​ធម្មតា​ចៅ​ក្រម​ជំនុំ​ជម្រះ​​ មាន​ឆន្ទានុសិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​សេចក្ដី​ចំពោះ​ជន​ណា​ម្នាក់​ថា​ ​មាន​ទោស​ ​ឬ​មិន​មាន​ទោស។ ​គាត់​នៅ​អាច​ប្ដឹង​ឧទ្ធរណ៍៕