កណ្ដាលៈ នាយ​នគរ​បាល​ នាយ​នគរ​បាល​រង​ និង​មន្ត្រី​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កណ្ដាល​ចំនួន ៥០ នាក់ ​បាន​ផ្ដិត​មេ​ដៃ​រួម​គ្នា​នៅ​លើ​​ពាក្យ​បណ្ដឹង​មួយ​ចោទ​ប្រ​កាន់​លោក​ ​អ៊ាវ​ ចំរើន​​ ស្នង​ការ​នគ​របាល​ខេត្ត​កណ្ដាល​ពាក់​ព័ន្ធ​​រឿង​អំ​ពើពុករលួយ​ក្នុង​ករណី​មួយ​ចំនួន ​និង​គ្រួសារ​និយម។​

​​យោង​តាម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរ​បាល​ទាំង​នោះ​ដែល​បាន​ផ្ដិត​មេដៃ​​នៅ​ថ្ងៃ​ទី ​១៩​ ខែ​ មេសា​ ឆ្នាំ ​២០១៩ ​ហើយ​បាន​ចែក​ចាយ​តាម​បណ្ដាញព័ត៌មាន​សង្គម​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ លោក ​អ៊ាវ​ ចំរើន​ ត្រូវ​បាន​ចោទប្រ​កាន់​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ​ដូច​ជា​យក​លុយ​ពី​ការ​តែង​តាំង​តួនា​ទី​ និង​ឋាន​ន្តរ​ស័ក្ដិ​​ពី​​ ២,០០០​-​៣,០០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​ ចំ​រើន​ ក៏ត្រូវ​បាន​ចោទប្រ​កាន់​ផង​ដែររឿងយក​លុយ​ពី​ល្បែង​ស៊ី​សង​ដូច​ជា​ហ្គេម ​ជល់​មាន់ ​កន្ទុយ​លេខ ​លក់​ដី​របស់​រដ្ឋ​កេង​ប្រ​វ័ញ្ចថវិកា​ពី​ផ្នែក​មួយ​ៗ​យ៉ាង​ហោច ​ពី​ ៨០០-៣,០០​០ ​ដុល្លារ​ក្នុង​ ១​ ខែៗ ​និ​ង​បង្កើត​គ្រួសារ​និយម​នៅ​ក្នុង​ប៉ុស្ដិ៍​ច្រក​ទ្វារ​ជ្រៃ​ធំ និង​ខ្នា​តាំង​យូរ។​​​

​យោង​តាម​ពាក្យ​បណ្ដឹង​នេះ​បាន​ឲ្យ​ដឹង​ថា៖​ ​«យើង​ខ្ញុំ​ទាំង​អស់​គ្នា ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​អំពី​ការ​ដឹក​នាំ​របស់​លោក​ស្នង​កា​រ​ដោយ​ប្រើ​អំណាច​ផ្តាច់​ការ​ ធ្វើ​បាប​កូន​ចៅ​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​»។

​​ក្នុង​ពាក្យ​បណ្ដឹង​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​ទាំង​នោះ​បាន​ស្នើ​ដល់​លោក​ ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ឲ្យ​ដក​លោក​ ​អ៊ាវ​ ចំរើន​ ​ពី​ស្នងការ​ដ្ឋាន​នគរ​បាល​ ខេត្ត​កណ្ដាល។​

​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ចុះ​ថ្ងៃ​ទី ​២២ ​មេសា ​របស់​ក្រុម​ប្រឹក្សា​ឃុំ​ព្រែក​អំបិល​ ដែល​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដែរ​នោះ ​ក៏​ស្នើ​សុំ​រក្សា​តួនា​ទី​នាយ​ប៉ុស្តិ៍ ​និង​នាយ​ប៉ុស្តិ៍​រង​ព្រែក​អំបិល ​ដូច​ដើម​វិញ​ផង​ដែរ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​តំ​​ណែ​ង​និង​បញ្ឈរ​ជើង​ព្រោះ​តែរង​ការ​ចោទ​ប្រកាន់​ថាមិន​មាន​ភាព​ប្រក្រតី​ក្នុង​ការ​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ក្នុង​មូ​ល​ដ្ឋា​ន​ កាលពី​បុណ្យ​ចូល​ឆ្នាំ​នា​ថ្ងៃ​ទី​ ១៤ ​មេសា​ថ្មីៗ​នេះ។​

​លិ​ខិត​បញ្ជាក់​ថា​៖​ ​«​នាយប៉ុស្តិ៍​ អនុ​ប៉ុស្តិ៍​រូប​នេះ​ កាង​ ឬ​បើក​កន្លែង​ជល់​មាន់ ​គឺ​ជា​រឿង​មិន​ពិត​នោះ​ឡើយ​សូម​សម្តេច​ក្រ​ឡា​ហោម​ មេត្តា​​វិ​និ​ច្ឆ័យ​ដ៏​ខ្ពង់ខ្ពស់ ​ដើម្បី​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ពួក​គាត់។​ បច្ចុប្បន្ន​នាយ​ប៉ុស្តិ៍ ​អនុប៉ុស្តិ៍​ទាំង​​នោះ​​ត្រូវ​បាន​ស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល​ដក​តួនា​ទី​ទាំង ​២​ និង​បញ្ឈ​រ​ជើង​នៅ​កា​រិ​យា​ល័យ​បុគ្គ​លិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល»។

ភ្នំពេញ​ប៉ុស្តិ៍​មិ​ន​អាច​ទាក់​ទង​មន្ត្រី​នគរ​បាល​ដែល​មាន​ស្នាម​ផ្ដិត​មេដៃ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បាន​ទេ​កាល​ពី​ម្សិល​មិញ រួម​ទាំង​នាយ​ប៉ុស្តិ៍ ​និង​អនុ​ប៉ុស្តិ៍​ព្រែក​អំបិល​ទាំង​ ២ ​រូប​នោះ​ផង។​

លោក​ ​អ៊ាវ​ ចំរើន​ ​កាល​ពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​មន្ត្រី​នគរ​បាល​ទាំង​នោះ​គ្រាន់​តែ​ជា​ចេត​នា​បង្ខូច​កេរ្តិ៍​គេ​តែ​ប៉ុណ្ណោះ។​ ​

​លោក​ ចំ​រើន​ បាន​ច្រាន​ចោល​ផង​ដែរ​ថា ​ឈ្មោះ​ដែល​ផ្តិត​មេ​ដៃ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ ថា​ពួក​គេ​មិន​មែន​ជា​មន្ត្រី​នគ​រ​បាល ដូច​ការ​អះអាង​នោះ​ទេ​ ​ហើយ​តាម​ដែល​លោក​ដឹង​ ​គឺ​ស្នាម​មេ​ដៃ​ដែល​មាន​ការ​ប្រមូល​ពី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ។​

​លោក ​ចំ​រើន​ ថ្លែង​ថា៖​ «​ខ្ញុំ​យល់​ថា ​ពួក​គេ​អាច​មាន​ការ​​ខឹង​សម្បាចំពោះ​រូ​ប​ខ្ញុំ​ ​បន្ទាប់​ពី​ខ្ញុំ​ប​ញ្ឈរ​ជើង​មន្ត្រី​ ២ រូ​ប​នោះ ក្រោយ​បើក​ដៃ​ឲ្យ​មាន​ភាព​អនាធិប​តេយ្យ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ពួ​ក​គេ​។​ ​អំ​ពើ​បែប​ហ្នឹង​ ​(​បទ​ល្មើស​ទាំ​ង ១៦​ ករណី​)​ គ្មាន​អ្នកណា​ហ៊ាន​ថ្លើម​ធំ​ហ៊ាន​ធ្វើ​ទង្វើ​ទាំង​អស់​ហ្នឹង​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ​ហើយ​វា​មាន​រឿង​មិន​ប្រក្រតី​ហើយ»។

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ខុទ្ទកាល័យ​រដ្ឋ​មន្ត្រី​ មិន​ទាន់​ទទួលបាន​ពាក្យ​បណ្តឹង​ទាំង​នេះ​ទេ ​ប៉ុន្តែ​លោក​អះអាង​ថា​ ក្រសួង​នឹង​បើក​ការ​ស៊ើប​អ​ង្កេត​ជុំវិញ​ពាក្យ​បណ្តឹង​នេះ​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។​

​លោក​បញ្ជាក់​ថា​៖ ​«​ជា​ធម្មតា​ឲ្យ​​តែមា​ន​ពាក្យ​បណ្តឹង​បែប​ហ្នឹង​ ហើយ​មាន​ការ​ទទួល​ខុស​​ត្រូវ​ច្បាស់​លាស់ពី​អ្នក​ប្តឹង​អីហ្នឹង សម្តេច​ក្រឡា​ហោម​ គាត់​នឹង​មិន​ព្រងើយ​កន្តើយ​ទេ ​គាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ចាត់វិធាន​ការ​ស៊ើប​អ​ង្កេត​ជុំវិញ​​ពាក្យ​បណ្តឹង​ហ្នឹង​យ៉ាង​ណា​ ដើម្បី​ចាត់​វិធានការ»។​

​លោក​ ​ម៉ែន​ ​ប៊ុន​រិទ្ធ​ ​អគ្គ​លេខា​ធិ​ការ​រង​ និង​ជា​ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​រដ្ឋ​បាល​នៃ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ផ្នែក​រដ្ឋ​បាល​ ​មិន​ទាន់​ទទួល​លិខិត​ជា​ផ្លូវ​ការ​ណា​ ជុំវិញ​ពាក្យ​បណ្តឹង​ទាំង​នោះ​ទេ។

​​លោក​បន្ថែម​ថា​៖​ ​«​ខាង​ខ្ញុំ​មិន​បាន​ឃើញ​ទេ​ ​ខ្ញុំ​បាន​សួរ​ ​(​រដ្ឋ​បាល​)​ ព្រឹក​មិញ​ហើយ​ មិន​មាន​លិខិត​ហ្នឹង​ទេ​។​ បើ​ឃើញ​ អ្នកណា​ទៅ​ហ៊ាន​ទុក​ ​គឺ​នឹង​បញ្ជូន​ទៅ​លើ​ហើយ​ ​រឿង​អ៊ីចឹងៗ»។

​លោក​ ព្រាប ​កុល ​នាយកប្រតិ​បត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អ​ង្កេត​ឲ្យ​បាន​ហ្មត់ចត់​ជុំវិញ​ករណីនេះ ចៀស​វាង​មាន​មន្ទិល​សង្ស័យ ​និង​ដើម្បី​រក្សា​សុក្រឹតភាព។​

​លោក​ ព្រាប កុល​ បញ្ជាក់​ថា​៖​ ​«ករ​ណី​នេះ​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បា​ន​ហ្មត់ចត់​ត្រឹមត្រូវ ​ដោយ​ស្នង​ការ​ខេត្ត​ផង​ និង​ដោយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ ដើម្បី​ធានា​ភាព​សុក្រឹត​នៃ​ការពិត»៕