ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំរុញ​ឲ្យ​យុវជន​ងាក​មក​រៀន​ជំនាញ​បច្ចេកទេស ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ដោយ​លោក​ស្នើ​ឲ្យ​វិទ្យាស្ថាន CDRI ជួយ​ស្រាវជ្រាវ​រក​យន្តការ​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ងាក​មក​បើក​គ្រឹះស្ថាន​បច្ចេកទេស (TVET ) ​ឱ្យ​បាន​ច្រើន​។

ការលើក​ឡើង​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក អ៊ិត សំហេង ជាមួយ​លោក ប៉ិច សុខេម នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) កាលពី​ថ្ងៃទី​ ៥ ខែ​ឧសភា​ឆ្នាំ​ ២០២០ នៅ​ទីស្ដីការក្រសួង​។

លោក អ៊ិត សំហេង បាន​ថ្លែងថា CDRI ត្រូវ​ជួយ​សិក្សា​ស្រាវជ្រាវ​រកឱ្យឃើញ​នូវ​ចំណុច​ខ្វះខាត​ក៏​ដូចជា​ការធ្វើ​យ៉ាងណា​ឱ្យ​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

លោក​ថា ជាពិសេស​នោះ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើម្បី​ឲ្យ​កាន់តែ​ឆ្លើយតប​បាន​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត​។

លោក​បន្ត​ថា​៖ «​ក្រសួង​ក៏បាន​ខិតខំ​ជំរុញ​វិស័យនេះ តាមរយៈ​ការពង្រឹង​យន្តការ​របស់​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ការពង្រីក​ និង​ពង្រឹង​យន្តការ​ក្រុម​ការងារ​ចម្រុះ​រដ្ឋ ឯកជន និង​ដៃគូ​នានា ការបន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដោយ​រៀបចំ​ឲ្យ​មាន​ជា​ផែនការមេ សំដៅ​ធានា​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​ដល់​ការប្រតិបត្តិ​របស់​វិទ្យាស្ថាន​ទាំង ៣៨ នៅ​ក្រោម​ឱវាទ​ក្រសួង​»​។

ជាមួយ​គ្នា​នេះ​ផងដែរ​លោក​សង្កត់​ធ្ងន់​ថា គួរ​មាន​យន្តការ​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដែល​ចង់​វិនិយោគ​លើ​វិស័យ​សិក្សាធិការ​ឱ្យ​ងាក​មក​បើក​គ្រឹះស្ថានសិក្សា​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ (TVET) ឱ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ដើម្បី​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ជំនាញ​យក​មក​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​។

លោក​បន្តថា​៖ «​លើកទឹកចិត្ត​សិស្ស​ដែល​ចប់​មធ្យមសិក្សា​អាច​ងាក​មក​រៀន​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​សិន​ដើម្បី​បាន​ការងារ​ធ្វើ​ហើយ​បើ​ចង់​រៀន​បន្ត​ដល់​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​បណ្ឌិត​អាច​រៀន​បន្តបាន​»​។ លោក​បន្ត​ថា បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ TVET យ៉ាង​ច្រើន ប៉ុន្តែ​យុវជន​បែរ​ជា​មិន​សូវ​ងាក​មក​សិក្សា​ក្នុង​វិស័យនេះ​ទៅវិញ​។

លោក ប៉ិច សុខេម នាយក​ប្រតិបត្តិ​វិទ្យាស្ថាន CDRI បាន​ថ្លែង​ថា​លោក​ប្រមូល​ធាតុ​ចូល​ទាំងអស់​ដើម្បី​ឲ្យ​វិទ្យាស្ថាន CDRI ដាក់បញ្ចូល​ក្នុង​គម្រោង​ស្រាវជ្រាវ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យល់​ថា មាន​សារៈសំខាន់ និង​ជា​អាទិភាព​។

លោក​បន្តថា CDRI ប្ដេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​សម្រេច​បាន​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងមុខ​ទៀត ដើម្បី​គាំទ្រ​លើ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​វិស័យ TVET ។

ក្រសួង​ការងារ​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា ក្រសួង​នេះ​បាន​គាំទ្រ​សកម្មភាព​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន CDRI នាពេល​កន្លងមក ដែល​កំពុង​បន្ត​ការសិក្សា​លើ​គម្រោង​មួយចំនួន​ពាក់ព័ន្ធ​ការអប់រំ និង​បណ្តុះបណ្តាល​សម្រាប់​ ២ ​ឆ្នាំ​ខាង​មុខ​ដោយ​ក្នុងនោះ​មានដូចជា​ការលើក​កម្ពស់​នវានុវត្តន៍​នៃ​វិស័យ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​នៅ​កម្ពុជា និង​ការស្រាវជ្រាវ​កិច្ចសន្ទនា​គោលនយោបាយ និង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕