The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក អ៊ុំ សំអាន សុំ​អធ្យាស្រ័យ​ពី​លោក​ ហេង សំរិន

លោក អ៊ុំ សំអាន សុំ​អធ្យាស្រ័យ​ពី​លោក​ ហេង សំរិន

លោក អ៊ុំ សំអាន (ស្ដាំ) នៅឯ​ព្រំដែន​នា​ពេល​កន្លង​មក​។
លោក អ៊ុំ សំអាន (ស្ដាំ) នៅឯ​ព្រំដែន​នា​ពេល​កន្លង​មក​។ ម៉ៃ វីរៈ

លោក អ៊ុំ សំអាន សុំ​អធ្យាស្រ័យ​ពី​លោក​ ហេង សំរិន

ភ្នំពេញៈ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ទន់​ឥរិយាបថ​ស្នើសុំ​ការ​អធ្យាស្រ័យ​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចំពោះ​​ការ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ និង​បញ្ចប់​គម្រោង​ប្តឹងប្ដល់​គ្នា ប៉ុន្តែ​លោក​នៅ​តែ​រក្សា​ជំហរ​មិន​ខ្លាច​ក្នុង​ការ​បន្ត​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

ក្នុង​លិខិត​ស្នើ​ការ​អធ្យាស្រ័យ​ចុះ​ថ្ងៃ ២៤ កក្កដា​​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ផ្ញើ​ទៅកាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​លើក​ឡើង​ថា​លោក​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅលើ លោក ហេង សំរិន តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម។

លិខិត​បន្ត​ថា​រាល់​អាកប្បកិរិយា និង​ពាក្យ​សម្តី​ខុស​ឆ្គង​របស់​លោក​កន្លង​មក​លោក​ថា​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋសភា និង​កិត្តិយស​របស់​លោក ហេង សំរិន។ ជា​ការ​ឆ្លើយតប​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចារ​ក្នុង​លិខិត​នោះ​ផ្តល់​នូវ​ការ​អធ្យាស្រ័យ​ដោយ​បញ្ចប់​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ដូច​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ ២៤ កក្កដា​ដូចគ្នា​នោះ​។

ការ​ស្នើ​ក្តី​អធ្យាស្រ័យ​របស់​លោក អ៊ុំ សំអាន ធ្វើ​ឡើង​បន្ទាប់ពី​តំណាង​រាស្ត្រ​រូប​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ដាក់​ពិន័យ​ដោយ​ព្យួរ​ការងារ​ហាម​មិន​ឲ្យ​ចូលរួម​ប្រជុំ​សភា​ចំនួន ១៥ ​លើក និង​កាត់​ប្រាក់​ខែ ៥០ ភាគរយ​រយៈពេល​ ២ ​ខែ​ដោយ​ចោទ​ថា លោក អ៊ុំ សំអាន ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ប្រធាន​រដ្ឋសភា។

លោក អ៊ុំ សំអាន បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ការ​ស្នើ​ក្តី​អធ្យាស្រ័យ​នេះ​គឺ​ផ្អែក​លើ​វប្បធម៌​សន្ទនា​ដែល​ថ្នាក់​ដឹកនាំ​បក្ស​ទាំង​ពីរ​កំពុង​ប្រកាន់​យក​ក្នុង​គោលបំណង​បន្ថយ​កម្ដៅ​នយោបាយ​បន្ទាប់ពី​សកម្មជន​គណបក្ស​ប្រឆាំង ១១ នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ទៅ​តុលាការ​ប៉ុន្តែ​លិខិត​នេះ​មិនមែន​មាន​ន័យ​ថា លោក បាន​និយាយ ឬ​រិះគន់​ខុស​នោះ​ទេ​មាន​តែ​ការ​ប្រើ​ពាក្យ​សម្តី មិន​សូវ​សមរម្យ​តែ​ប៉ុណ្ណោះ។

លោក​ថា៖ «ការ​រិះគន់​កន្លង​មក​នេះ​ខ្ញុំ​គិត​ថា​មិន​ខុស​ទេ​ព្រោះ​ខ្ញុំ​ប្រើប្រាស់​តួនាទី​ជា​តំណាងរាស្ត្រ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​តែ​ប៉ុណ្ណោះ​គ្រាន់តែ​ថា​ខ្ញុំ​ប្រើ​ពាក្យ​មិន​សមរម្យ​ចំពោះ​គាត់ ខ្ញុំ​ខុស​មែន​ ខ្ញុំ​ចាត់​ទុក​គាត់​ប្រៀប​ដូចជា​លោកតា​ខ្ញុំ​អ៊ីចឹង។ បើ​ខ្មែរ​យើង​បន្ត​ឈ្លោះ​គ្នា​ច្បាស់​ជា​ខាតបង់​ដូច​ប្រវត្តិសាស្ត្រ​មុន​ពឹង​វៀតណាម​ជួយ​ហើយ​កាត់​ដី​ឲ្យ​គេ​ទៀត​អ៊ីចឹង​យើង​មាន​តែ​ចរចា​យោគយល់​គ្នា​ហើយ​ខ្ញុំ​ក៏​មិន​រួញរា​ក្នុង​ការ​បន្ត​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ព្រំដែន​ដីធ្លី​អំពើ​ពុករលួយ​ជាដើម»។

ក្រៅពី​ការ​ផ្ញើ​លិខិត​នេះ លោក អ៊ុំ សំអាន ក៏​បាន​បន្ថែម​ថា​គម្រោង​ដែល​ប្តឹងប្ដល់​គ្នា​ដែល​លោក​គ្រោង​ប្តឹង​លោក ហេង សំរិន ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំណែក​លោក ហេង សំរិន ប្តឹង​លោក​ទៅ​តុលាការ​វិញ​នោះ​គឺ​នឹង​ត្រូវ​បញ្ចប់​ដោយ​សន្តិវិធី​ដោយ​ការ​យោគយល់​គ្នា។

លោក ឈាង វុន អ្នក​នាំពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក អ៊ុំ សំអាន បាន​ស្នើ​កិច្ច​សម្របសម្រួល​ពី​លោក​​ពី​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សម្រាល​ភាព​តានតឹង​ព្រោះ​បើ​ពុំ​នោះ​ទេ​ក្រៅពី​ទណ្ឌកម្ម​វិន័យ លោក អ៊ុំ សំអាន អាច​នឹង​ប្រឈម​ពី​បទ​បរិហារកេរ្តិ៍​វាយ​ប្រហារ​ប្រធាន​រដ្ឋសភា​ទៀត​ផង។

លោក​ថា៖ «គណៈកម្មាធិការ​អចិន្រៃ្តយ៍​យល់​ថា​គាត់​ខុស​គ្រាន់តែ​ថា​គណបក្ស​ប្រជាជន​លើក​ដៃ​គាំទ្រ​បើ​ទោះ​ខាង​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​លើក​ដៃ​តែ​ក្នុង​អារម្មណ៍​គេ​យល់​ឃើញ​អ៊ីចឹង​ខ្ញុំ​បាន​ជួយ​សម្របសម្រួល​ឲ្យ​គេ​យក​លិខិត​ទៅ​ដល់ (ខេត្ត) ត្បូង​ឃ្មុំ ដើម្បី​អធ្យាស្រ័យ​រឿង​នេះ។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​គាត់​ថា​ឲ្យ​ប្រើប្រាស់​ពាក្យសម្តី​ប្រយ័ត្ន​ប្រយែង​បន្តិច​កាលណា​លើសលស់​អី​មាន​ការ​លំបាក»​។

កន្លង​ទៅ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ «...យួន​និយាយ​ថា​ភូមិ​កំណើត​របស់​សម្តេច (ហេង សំរិន) ស្ថិត​ក្នុង​ដី​យួន​អត់​ហ៊ាន​ក្អក​ជាមួយ​យួន​កុំ​ចង់​យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ឲ្យ​យួន​ដូរ​ជាមួយ​ភូមិ​កំណើត​សម្តេច​វិញ»​។

លោក បាន​សរសេរ​បែប​នេះ​ក្រោយពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន សម្រេច​មិន​បញ្ជូន​លិខិត​របស់​លោក​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ករណី​ស្នើសុំ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ក្រោយ​ពី​តំណាងរាស្ត្រ​រូប​នេះ​បាន​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន និង​រកឃើញ​ថា​វៀតណាម​បាន​កំពុង​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា៕

អត្ថបទគួរចាប់អារម្មណ៍