ភ្នំពេញៈ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន រួម​នឹង​អតីតមន្ត្រី​មួយចំនួនទៀត​កំពុង​ប្រជុំគ្នា​រៀបចំ​ឯកសារ​ផ្លូវច្បាប់ កំណត់​ឈ្មោះ និង​ស្លាក​សញ្ញា​គណបក្ស​ថ្មី ដើម្បី​ដាក់​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​បាន​មុន​ដំណាច់​ខែមករា​នេះ ដោយសារ​តែ​មិនអាច​បន្ត​រង់ចាំ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​បន្តទៅទៀត​បាន​។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការសម្រេច​ចិត្ដ​ជារួម​របស់​អ្នក​នយោបាយ​នៃ​អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បាន​ឯកភាពគ្នា​បង្កើត​គណបក្ស​ថ្មី ដោយ​កំពុង​បន្ត​ប្រជុំ​ពិភាក្សាគ្នា ដើម្បី​រៀបចំ​ឯកសារ​ដាក់​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ជជែក​គ្នា​បន្ត ទោះបី​យ៉ាងម៉េច​ក៏ដោយ​មុន​ដំណាច់​ខែមករា​នេះ យើង​ត្រូវតែ​ដាក់​ទៅ​​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​។ យើង​កំពុង​ពិនិត្យមើល​ឡូហ្គោ តើ​គួរ​ប្ដូរ​ទៅជា​របៀប​ម៉េច​? គឺ​យើង​មាន​ជម្រើស​ ២ ​ទៅ​ ៣ ​ដែល​យើង​ធ្វើ​នេះ​។ យើង​អាច​នឹង​កែ​វា​ហើយ​ឈ្មោះ​ក៏​យើង​អាច​នឹង​កែ​វា​ដែរ ព្រោះ​យើង​មាន​អ្នក​ផ្ដល់យោបល់​រឿង​ឈ្មោះ​នេះ​»​។

បើតាម​លោក ច័ន្ទរ័ត្ន បម្រាម​សិទ្ធិ​នយោបាយ​ដោយ​សាលដីកា​តុលាការ​កំពូល​ក៏​ជា​ឧបសគ្គ​ក្នុង​ការបង្កើត​គណបក្ស​ថ្មី​នេះដែរ​។

លោក​បាន​ថ្លែងថា​៖ «​ការសម្រេច​ចិត្ដ​ជាទូទៅ បុគ្គល​មន្ដ្រី​នយោបាយ​មួយចំនួន គឺ​គាំទ្រ​ការបង្កើត​គណបក្ស​ថ្មី​នេះ​។ នៅពេល​នេះ​គឺ​ចាំមើល​អ្នកណា​ចេញមក​មុន អ្នកណា​ចេញមក​ក្រោយ​តែប៉ុណ្ណោះ​។ អ្នកខ្លះ​នៅមាន​ការខ្លាច​ការស្ដីបន្ទោស​ពី​អ្នកគាំទ្រ ហើយ​អ្នក​ខ្លះទៀត​នៅមាន​ការស្ទាក់ស្ទើរ ដោយសារ​តែមាន​មនោសញ្ចេតនា​ជាមួយ​ថ្នាក់​ដឹកនាំ​ចាស់ៗ​»​។

លោក ច័ន្ទរ័ត្ន បញ្ជាក់ថា ក្រុម​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាទូទៅ​គឺ​ចង់ឱ្យ​មានការ​ទម្លាក់ចោល បញ្ចប់​ ឬ​ព្យួរ​នូវ​សាលដីកា ការបិទ​សិទ្ធិ​នយោបាយ ព្រោះ​ចំណុច​នេះ គឺជា​ផល​ល្អ​សម្រាប់​ដំណើរការ​បង្កើត​គណបក្ស​ថ្មី និង​ជា​ហេតុផល​ល្អ​ធ្វើឱ្យ​បុគ្គល​នយោបាយ​ទាំងអស់​មិន​ស្ទាក់ស្ទើរ​។

លោក​ថា ការសម្រេច​ចិត្ដ​បង្កើត​គណបក្ស​ថ្មី​ពេលនេះ គឺ​ដោយសារតែ​សមាជិក​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​បន្ត​រង់ចាំ​ថ្នាក់ដឹកនាំ​ដែល​នៅក្រៅ​ប្រទេស​ទៀត​បានទេ​ខណៈ​ការរង់ចាំ​អស់​រយៈពេល​ជាង​ ៣ ​ឆ្នាំ​គ្មាន​លទ្ធផល​ណាមួយ​ដែល​អាច​ផ្សះផ្សា​ជម្លោះ​នយោបាយ​បាន​ទាល់​តែសោះ​។

លោក ច័ន្ទរ័ត្ន បញ្ជាក់ថា​៖ «​យើង​ក៏បាន​រង់ចាំ​ ១ ​ទៅ​ ២ ​លើក​ហើយ​ដែរ រហូតមក​ដល់ពេល​នេះ​គឺ​ឃើញថា​មិនមាន​លទ្ធភាព​ចូលមក​ដោះស្រាយ​អ្វី​ទេ ហើយ​ការ​ប្រឈម​ដាក់គ្នា​ក៏​នៅតែ​មានការ​ប្រឈម​គឺ​មិន​មានការ​សម្របសម្រួល​អ្វី​ទេ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាច​បាន​ស្វាគមន៍​ចំពោះ ការសម្រេចចិត្ដ​ និង​ការ​ហ៊ាន​បញ្ចេញ​លទ្ធផល​ក្នុង​ការបង្កើត​គណបក្ស​ថ្មី​របស់​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​លើក​ទឹក​ចិ​ត្ដ និង​គោរព​សិទ្ធិនយោបាយ​របស់​ឯកឧត្ដម អ៊ូ ច័ន្ទរ័ត្ន ដែល​គាត់​មាន​ឆន្ទៈ​មោះមុត​នៅក្នុង​ការចង់​ធ្វើ​នយោបាយ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។ សកម្មភាព​នេះ​ក្នុង​នាម​គាត់​ជា​អតីត​មន្ដ្រីជាន់ខ្ពស់​នៅក្នុង​អតីត​គណបក្សប្រឆាំង​គឺ​គាត់​អស់ជំនឿ​លើ​ការដឹកនាំ​របស់​ក្រុម​ប្រធាន​ក្រៅច្បាប់​នៅក្រៅ​ប្រទេស​ហើយ​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ថា អ្នកនយោបាយ​ណា​ដែល​ទទួលបាន​នីតិសម្បទា​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ គឺ​ពួកគាត់​មាន​សិទ្ធិ​ក្នុង​ការធ្វើ​សកម្មភាព​នយោបាយ​ ឬ​បង្កើត​គណបក្សនយោបាយ​។

លោក​បញ្ជាក់ថា​៖ «​ការបើក​គណបក្ស​ថ្មី​នេះ​គឺជា​សិទ្ធិ​របស់​គាត់ ប៉ុន្ដែ​បើ​និយាយ​ពី​ដំណោះស្រាយ​សម្រាប់​នយោបាយ​ខ្មែរ​នាពេល​បច្ចុប្បន្ន ខ្ញុំ​ដូចជា​មើលមិនឃើញ​ច្រក​ណាមួយ​ដែល​អាច​ចេញរួច​ទេ​»​។

លោក​បន្តថា លំនាំ​របស់លោក អ៊ូ ច័ន្ទរ័ត្ន នេះ​វា​ស្រដៀង​គ្នា​ទៅនឹង​អតីតមន្ដ្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន​នាក់​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បាន​ទៅ​បើក​គណបក្ស​ថ្មី​មួយចំនួន នាពេល​កន្លងមក​ដែល​ជា​លទ្ធផល​មាន​តែ​បក្ស ប៉ុន្ដែ​រឿង​ពួតដៃគ្នា​ដើម្បី​ក្លាយជា​កម្លាំង​នយោបាយ​ធំ​គឺ​មិនមាន​ទេ​។

បើតាម​លោក ច័ន្ទរឿន តាម​ការសង្កេត​របស់​លោក​នយោបាយ​របស់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១៨ រហូតដល់​បច្ចុប្បន្ន​មាន​ប៉ូល​នយោបាយ​ ២ ​ធំៗ គឺ​ប៉ូល​គណបក្ស​ប្រជាជន និង​ប៉ូល​គណបក្សប្រឆាំង គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​កន្លងមក​។ រហូតដល់​បច្ចុប្បន្ន​ក្នុង​ចំណោម​មន្ត្រី​គណបក្សប្រឆាំង​ទាំងអស់​លោក​មើល​មិនទាន់​ឃើញ​មាន​បុគ្គល​ណាមួយ​អាច​ជំនួស លោក សម រង្ស៊ី និង​លោក កឹម សុខា បានឡើយ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​កូនសោ ឬ​ប្រទីប​គឺ​ស្ថិតនៅលើ​ដៃ​នៃ​ថ្នាក់ដឹកនាំ​ទាំង​ ២ ​នេះ​ (​សម រង្ស៊ី កឹម សុខា​) ​នៅ​ឡើយ សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២២-២០២៣ ខាងមុខ​។ បើសិនជា​ស្ថានភាព​នយោបាយ​នៅតែ​មិនមាន​អ្វី​ផ្លាស់ប្ដូរ ខ្ញុំ​មើលមិនឃើញ​អ្នកនយោបាយ​ណាមួយ​ដែល​អាច​បាំង​ម្លប់​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី នៅក្នុង​គណបក្សប្រឆាំង​បានទេ​»៕

វីដេអូ៖