ភ្នំពេញៈ អតីត​តំណាងរាស្ត្រ​នៃ​អតីត​បក្សប្រឆាំង​លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា គណបក្ស​ «​កែទម្រង់​កម្ពុជា​» របស់​លោក​ដែល​បានស្នើ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ១ មីនា មិនមែន​ជា​ផ្កា​លម្អ​សួន​ប្រជាធិបតេយ្យ​ដូច​ការរិះគន់​មួយ​ចំនួន​ទេ​។ គណបក្ស​របស់​លោក​មាន​ជំហរ​រឹងមាំ មាន​បាវចនា សង្គ្រោះ បម្រើ ការពារ ដូច ពាក្យស្លោក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ខេត្តតាកែវ​នៃ​គណបក្ស​សង្គ្រោះជាតិ បានដាក់​ពាក្យ​ជា​ផ្លូវការ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​គណបក្សនយោបាយ​ថ្មី ឈ្មោះ​ថា គណបក្ស​កែទម្រង់​កម្ពុជា​។ ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការចុះបញ្ជី​នៅឡើយ​ទេ ដោយ​បក្ស​នេះ​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចដែល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បានកំណត់​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ដាក់​ឯកសារ​ឈ្មោះ​គណបក្ស និង​និមិត្តសញ្ញា​បក្ស និង​ឯកសារ​ពាក់ព័ន្ធ​ដែល​ច្បាប់​តម្រូវ ហើយ​ក្រសួងមហាផ្ទៃ​ពិនិត្យឃើញ​ថា ឈ្មោះ​ និង​និមិត្តសញ្ញា​គណបក្ស​មិនមាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​លោក​កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត​ទៅតាម​ដំណាក់កាល​នៃ​នីតិវិធី ដូចជា​ស្នាម​មេដៃ​ និង​អត្តសញ្ញាណ​ប័ណ្ណសមាជិក​។

លោក​ថ្លែងថា​៖ «​យើង​នៅមាន​កិច្ចការ​មួយចំនួន​ទៀត​ដែល​រួមមាន​ទាំង​គោលការណ៍​ និង​គោលនយោបាយ​របស់​គណបក្ស​។ យើង​បាន​ព្រាង​វា​រួចហើយ យើង​នៅតែ​សម្រេច​នៅពេលដែល​សមាសភាព​ថ្នាក់ដឹកនាំ​បាន​ចូល​ជុំគ្នា​និង​សម្រេច​ជា​ផ្លូវការ​។ ខ្ញុំ​គិតថា បន្ទាប់ពី​កូវីដ​បាន​ស្រាកស្រាន្ត ខ្ញុំ​នឹងធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​សាធារណជន​បានដឹង​»​។

គណបក្ស​ថ្មី​នេះ​មាន​បាវចនា​ដូចគ្នា​នឹង​បាវចនា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ គឺ​សង្គ្រោះ បម្រើ ការពារ​។ លោក ច័ន្ទរ័ត្ន ថ្លែងថា ការជ្រើសរើស​យក​បាវចនា​នេះ ដោយសារ​វា​ជា​បាវចនា​របស់​អតីត​អ្នកតស៊ូ គឺ​លោក​ សឺន សាន ហើយ​សមាជិក​ចាស់ៗ​នៃ​បក្ស​របស់​លោក​ពេញចិត្ត​នឹង​បាវចនា​មួយ​នេះ​។

សមាជិក​មួយចំនួន​នៃ​គណបក្ស​នេះ​កំពុងស្ថិត​នៅក្រៅ​ប្រទេស​ដូចជា​នៅ​សហរដ្ឋអាមេរិក​ជាដើម ហើយ​ពួកគេ​មិនទាន់​អាច​ចូលមក​កម្ពុជា​បានទេ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩​។ លោក​ធ្លាប់​បាន​ជជែក​ជាមួយ​លោក​ សុន ឆ័យ អតីត​សមាជិក​សំខាន់​ ១ ​រូប​ របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ខែកញ្ញា ២០២០​។ ប៉ុន្តែ​ការសម្រេចចិត្ត​យ៉ាងណា​នោះ លោក​ សុន ឆ័យ នឹង​ប្រកាស​ដោយ​ខ្លួនឯង​ថា​តើ​លោក​ចូលរួម​ជាមួយ​គណបក្ស​នេះ​ឬ​អត់​? នេះ​ជា​ការលើក​ឡើង​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន​។

ចាប់តាំងពី​លោក​ផ្ដើមគំនិត​បង្កើត​គណបក្ស​នេះ​មក​លោក​ជួបប្រទះ​ឧបសគ្គ​ខ្លះ ជាពិសេស​ការខ្វែង​គំនិត​គ្នា​ក្នុងចំណោម​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ដោយ​អ្នកខ្លះ​រង់ចាំ​ក្រែងលោ​មាន​ដំណោះស្រាយ​នយោបាយ​។ លោក​យល់​ថា បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ ៣ ​ឆ្នាំ​ហើយ​នោះ គ្មានទេ​ដំណោះស្រាយ​នយោបាយ​ដែល​អាចឱ្យ​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​មកវិញ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ដូច្នេះ​ខ្ញុំ​យល់ថា ឧបសគ្គ​ដែល​ធ្វើឱ្យ​មាន​ការខ្វែងគំនិត​គ្នា​ខ្លះ​នោះ​អាច​នឹង​បញ្ចប់​នៅពេល​បន្តិចទៀតនេះ កាលណា​យើង​ដឹង​ច្បាស់​ថា​មិន​មានអី​ជា​ដំណោះស្រាយ​ធំដុំ ក្រៅពី​ច្រកចេញ​តែ​ ១ ​គត់​គឺ​ចាប់ផ្ដើម​ឡើងវិញ​។ ប្រមូល​គ្នា​ដែលជា អតីត​មាន​និន្នាការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ប្រកួតប្រជែង​ម្ដងទៀត​»​។

ការបង្កើត​គណបក្ស​នយោបាយ​ថ្មី​ក្នុងចំណោម​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​កាលពី​មុន​ត្រូវបាន​រំលាយ​នៅ​ឆ្នាំ​ ២០១៧ ​នោះ​បាន​រង​ការរិះគន់​ពី​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង ដោយ​រិះគន់​ថា គណបក្ស​ថ្មី​ទាំងនេះ​គឺជា​ផ្កា​លម្អ​សួន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​លោក​ អ៊ូ ច័ន្ទរ័ត្ន ច្រានចោល​ការលើកឡើង​នេះ ដើម្បី​ការពារ​ការបង្កើត​គណបក្ស​របស់លោក​។

លោក​ថ្លែងថា​៖ «​ការវាយប្រហារ​មួយ​ចំនួន​លើ​ការបង្កើត​គណបក្ស​ថ្មី​នេះ​យើង​បានដឹង​ទាំងអស់​គ្នា​ហើយ គឺ​ដោយសារ​អ្នកគាំទ្រ​ខ្លះ និង​សកម្មជន​ខ្លះ​លោក​មិន​ទុកចិត្ត ចំពោះ​ការប្រកួតប្រជែង​ហ្នឹង​។ បើ​ការប្រកួតប្រជែង​មាន​សក្ដានុពល​ និង​ប្រសិទ្ធភាព​ខ្ញុំ​ជឿថា ការបង្កើត​គណបក្ស​ដើម្បី​ជា​ផ្កា​លម្អ​សួន​ប្រជាធិបតេយ្យ​អាច​សាបរលាប​ទៅវិញ​»​។

លោក​បន្តថា បក្សនយោបាយ​មួយ​ត្រូវមាន​ទិសដៅ​ច្បាស់លាស់​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ចំពោះ​ប្រទេសជាតិ​មិន​យកលុយ​យក​កាក់​ពី​គណបក្ស​កាន់អំណាច ឬ​មិន​ធ្វើ​ក្រោម​សម្ពាធ​ ឬ​ដើម្បី​ប្រយោជន៍​គណបក្ស​កាន់​អំណាច​។

លោក​ ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួងមហាផ្ទៃ​បានឱ្យដឹង​ពី​ម្សិលមិញ​ថា ដោយ​មិនទាន់​រាប់បញ្ចូល​គណបក្ស​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន បច្ចុប្បន្ននេះ​មាន​គណបក្ស​នយោបាយ​ចំនួន​ ៤៧ ដែល​បាន​បង្កើត​។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​គណបក្ស​នយោបាយ​មួយ​បាន​សុំ​លុបឈ្មោះ​វិញ​។

ចំពោះ​ការស្នើសុំ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​លោក​ថ្លែង​ថា ក្រសួងមហាផ្ទៃ​បានទទួល​ពាក្យស្នើសុំ​បង្កើត​បក្ស​ហើយ ប៉ុន្តែ​លោក​ អ៊ូ ច័ន្ទរ័ត្ន មិនទាន់​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៩ ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។

លោក​ ឈឹម កាន ថ្លែង​ដូច្នេះ​ថា​៖ «​ឯកសារ​នោះបាន​មកដល់​អង្គភាព​ជំនាញ​ហើយ តែ​ជា​នីតិវិធី អង្គភាព​ជំនាញ​ចាត់ការ​អត់​ទាន់​កើត​ទេ ដោយសារ​តែ​គាត់​មិនទាន់បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​មាត្រា​ ៩ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​។ ឥឡូវ​គាត់​ទៅ​បំពេញ​ឯកសារ​ជូន​ក្រសួង​ឡើងវិញ​។ គាត់​នៅ​ខ្វះ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន​ ៨០ ​នាក់​។ តាម​មាត្រា​ ៩ គាត់​ត្រូវមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​លំនៅ​អចិន្រៃ្តយ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ ៨០ ​នាក់​។ ឥឡូវ​គាត់​ស្នើទៅ​បំពេញ​បន្ថែម​»​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា ការអះអាង​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ដែលថា​គណបក្ស​នេះ​មិនមែន​ជា​ផ្កា​លម្អ​ប្រជាធិបតេយ្យ​នោះ មិន​មាន​ន័យ​គ្រប់គ្រាន់​ទេ ដរាបណា​ស្ថាបនិក​បក្ស​នេះ​មិនទាន់​បាន​បង្ហាញ​ច្បាស់លាស់​នូវ​ទស្សន​វិស័យ​របស់ខ្លួន បូករួម​នឹង​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បីឱ្យ​ទស្សន​វិស័យនេះ​ក្លាយ​ជា​ការពិត​ដែល​អាច​ឱ្យ​ពលរដ្ឋ​ជឿជាក់​ផ្ដល់​អំណាច​ឱ្យ​បក្ស​នេះ​ដឹកនាំ​ប្រទេស​។

នៅពេល​សួរថា តើ​ការបង្កើត​បក្ស​ថ្មី​នេះ​ជា​ការក្បត់​ស្មារតី​អតីត​គណក្ស​ប្រឆាំង​ដែរ​ឬ​យ៉ាងណា​នោះ លោក​ថ្លែង​ដូច្នេះ​ថា​៖ «​មនុស្ស​ដែលមាន​សេរីភាព គួរតែ គាំទ្រ​ដល់​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការបង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ហើយ​ខ្ញុំ​នឹង​គាំទ្រ​ដល់​សិទ្ធិ​មួយ​នេះ​»៕

វីដេអូ៖