ភ្នំពេញៈ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ បាន​សម្រេច​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​គណបក្ស​ «​កែទម្រង់​កម្ពុជា​ (​គ.ក.ក​)» ​ជា​ភាសា​អង់គ្លេស​ថា Cambodia Reform Party (CRP) ​ដែល​ការសម្រេចចិត្ត​ដាក់ឈ្មោះ​ដូច្នេះ ដោយសារ​តែ​លោក​យល់ថា គ្រប់​ប្រទេស​ទាំងអស់​ត្រូវតែ​មាន​ការធ្វើ​កំណែទម្រង់​។ ​

លោក​ ច័ន្ទរ័ត្ន ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​ណា​ក៏ដោយ​កាលណា​ដឹកនាំ​យូរៗ​ទៅ វា​ចៀស​មិន​រួច​ពី​ការកែទម្រង់​ទេ ទាំង​នយោបាយ ទាំង​ច្បាប់​ត្រូវមាន​ការផ្លាស់ប្ដូរ​។ សង្គម​មាន​ការវិវត្ត​ទៅមុខ ដូច្នេះ​ឧបសគ្គ​និង​បញ្ហា​កាន់តែ​ច្រើន ហើយ​ត្រូវមាន​ការកែទម្រង់​»​។

លោក​បន្តថា​៖ «​ស្ថានភាព​បច្ចុប្បន្ន​ជិត​នេះ ៣០ ​ឆ្នាំ​ តាំងពី​បោះឆ្នោត​ឆ្នាំ​ ១៩៩៣ មកដល់​ពេល​នេះ នៅមាន​បញ្ហា​ និង​ភាព​អសកម្ម​ជាច្រើន​។ វា​ដល់​ពេលដែល​ត្រូវ​កំណែទម្រង់​ហើយ​ទាំង​វិស័យ​អប់រំ​ និង​វិស័យ​យុត្តិធម៌​ជាដើម​»​។

លោក​បញ្ជាក់ថា នឹង​មាន​មន្ត្រី​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​នៅពេល​ក្រោយ​នៅពេល​ពួកគាត់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ទោះបី​ជា​លោក​ជា​អ្នក​ចេញមុខ​ក្នុង​ការបង្កើត​គណបក្ស​នេះ​ក៏ដោយ លោក​បញ្ជាក់ថា លោក​មិនមែន​ជា​ប្រធាន​បក្ស​នេះ​ទេ​។ គណបក្ស​នេះ​ក៏​មិនមាន​វត្តមាន​លោក កឹម សុខា ជា​ស្ថាបនិក​ដែរ ប៉ុន្តែ​បើ​លោក កឹម សុខា ឬ​លោក សម រង្ស៊ី មានលទ្ធភាព​ចេញមក​ដឹកនាំ​នយោបាយ​វិញ លោក​នឹង​បញ្ឈប់​សកម្មភាព​បក្ស​ថ្មី​នេះ​។

ក្នុង​ការបង្កើត​បក្ស​ថ្មី​នេះ​លោក ច័ន្ទរ័ត្ន នឹង​ជួប​ជាមួយ​ក្រុមយុវជន​ដែល​ចូលរួម​ដើម្បី​ប្រមូល​ឯកសារ​ចាំបាច់​ដើម្បី​ដាក់ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ក្នុង​សប្ដាហ៍​នេះ​។ លោក​ថា ការបង្កើត​បក្ស​នេះ​មិនមែន​ដើម្បី​តំណែង​អ្វី​ដូចជា​តួនាទី​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ជាដើម​នោះទេ ហើយ​លោក​ក៏​មិន​ចាប់អារម្មណ៍​លើ​ការរិះគន់​នានា​នោះដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​អ្វី​ដែល​សំខាន់​មែនទែន​គឺ​ជាតិ​របស់​យើង តើ ១០, ២០ ឬ​ ៣០ ​ឆ្នាំ​ទៀត តើ​យើង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​អ្នកជំនាន់​ក្រោយ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ប្រទេសជាតិ​ខ្លួនឯង​»​។

អ្នកវិភាគ​មួយចំនួន​កាលពី​កន្លង​ទៅបាន​ថ្លែងថា អតីតមន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​បង្កើត​គណបក្ស​រៀងៗ​ខ្លួន ប៉ុន្តែ​គណបក្ស​ទាំងនោះ ប្រហែល​ជា​មិនមាន​ជោគជ័យ​ ឬ​ការគាំទ្រ​ទេ​។ ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា មានតែ​អ្នកបោះឆ្នោត​ទេ ដែល​នឹង​បង្ហាញ​ការពិត​អំពី​ការគាំទ្រ​របស់​ពួកគេ​។

នៅពេល​សួរថា​តើ​ «​គណបក្ស​កែទម្រង់​កម្ពុជា​» ​នឹងចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ ២០២២ និង​បោះឆ្នោតជាតិ​នៅ​ឆ្នាំ ២០២៣ ដែរឬទេ លោក ច័ន្ទរ័ត្ន ថ្លែង​ដូច្នេះ​ថា​៖ «​ប្រាកដ​ណាស់​! យើង​រៀបចំ​ និង​ត្រៀម​ដើម្បី​ប្រកួត​ប្រជែង​យ៉ាង​ម៉ឺងម៉ាត់ និង​ស្វិតស្វាញ​មែនទែន​ហើយ​ទៅ​អនាគត យើង​សង្ឃឹមថា អាច​ក្លាយជា​គណបក្ស​មួយ​ដែល​ប្រកួតប្រជែង​យ៉ាង​តឹងរ៉ឹង​ជាមួយ​គណបក្ស​កាន់​អំណាច​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា​ឈ្មោះ​ «​គណបក្ស​កែទម្រង់​» ​នេះ​បង្ហាញ​ពី​ភាពកណ្ដាល​និយម​មួយ ដែល​មិនមាន​លក្ខណៈ​វាយប្រហារ​។ លោក​ថា កម្ពុជា​នៅមាន​រឿង​ជាច្រើន​ដែល​ត្រូវ​កែទម្រង់ ហើយ​គណបក្ស​នេះ​អាច​ជា​គណក្ស​ប្រឆាំង​សំខាន់​បើ​ធ្វើ​បានល្អ​។

យ៉ាងណាក្តី លោក​ថ្លែងថា​៖ «​វា​លឿន​ពេក​ក្នុង​ការវាយតម្លៃ ថា​តើ​គណបក្ស​នេះ​នឹង​មាន​ជោគជ័យ​ឬ​អត់​? ប៉ុន្តែ​វា​ជា​ជំហាន​ល្អ​ដែល​លោក (​ច័ន្ទ​រ័ត្ន​) អាចបង្កើត​ទីលាន​មួយ សម្រាប់​ធ្វើ​នយោបាយ​ផ្ទាល់ខ្លួន​។ វា​ក៏​បង្ហាញ​ពី​លម្ហ​នយោបាយ​កម្ពុជា​ផងដែរ​»​។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែងថា​ពាក្យ​ «​កែទម្រង់​» បច្ចុប្បន្ននេះ​មើលទៅ​ហាក់​ដូចជា​មាន​ភាពអវិជ្ជមាន ហើយ​ទំនង​ជា​មិន​ជំរុញ​ទឹកចិត្ត​ឱ្យមាន​ការជឿទុកចិត្ត​ច្រើន​ទេ នៅពេលដែល​កំណែទម្រង់​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​រហូត​មកដល់​ពេល​នេះ​មិនមាន​អ្វីដែល​សម្បើម​អស្ចារ្យ​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ថ្នាក់ដឹកនាំ​គណបក្ស​ថ្មី​នេះ​នឹងមាន​ភារកិច្ច​យ៉ាង​លំបាក​ក្នុង​ការ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជឿថា ពួកគាត់​ដែល​ប្រជាពលរដ្ឋ​នឹង​បាន​ស្គាល់​ទៅ​ថ្ងៃមុខ ទោះជា​អាច​អាក្រក់​ក៏ដោយ ក៏​ច្បាស់​ជា​គ្រាន់បើ​ជាង​ពួក​មនុស្ស​អាក្រក់​ដែរ​»៕

វីដេអូ៖