ភ្នំពេញៈ លោក អ៊ូ ច័ន្ទប្ញទ្ធិ អតី​​ត​តំណាង​រាស្រ្ត​ខេត្ត​កណ្តា​ល ​នៃអតីត​​គណ​បក្ស​សង្គ្រោះជាតិ បាន​បដិសេ​ធថា ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី មិន​មែន​​ធ្វើ​ឡើង​ដើម្បី​​ប្រមូល​លុយ​នោះ​ទេ ពីព្រោះ​ក្រុម​មេ​ដឹក​នាំបាន​កំណត់​ពេល​​​ជាក់​លាក់​នៃ​ការ​វិល​ចូល​ស្រុក​នេះ​រួច​ហើយ។

លោក ច័ន្ទ​ប្ញទ្ធិ​ ត្រូវ​បាន​តែង​តាំង​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ធ្វើជា​អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មការ​ដែល​រៀប​ចំ​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី និង​ថ្នាក់ដឹក​នាំ​ផ្សេង​ទៀត​របស់​​អតី​ត​គណ​បក្ស​សង្គ្រោះជាតិ​​​មក​កាន់​កម្ពុជា។ កាល​ពីថ្ងៃ​អាទិត្យ អនុ​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​​ជាតិ​លោក​ស្រី មូរ សុខហួរ បា​ន​​ប្រកាស​ថា ក្រុម​មេ​ដឹក​នាំ​គណ​បក្ស​នឹង​វិល​ត្រឡ​ប់​មកកម្ពុជា​​វិញ​នា​ខែ​សីហា ឬ​ខែ​កញ្ញា។

លោក ​ច័ន្ទ​ប្ញទ្ធិ​ បាន​ប្រាប់​ភ្នំ​​​ពេញ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​​អង្គារ​ថា ការ​ចោទ​ប្រកាន់​ថា ថ្នាក់​ដឹក​នាំ​​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ប្រមូល​លុយ​សម្រាប់​ចំណាយ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ជា​ការ​លាប​ពណ៌ សំដៅ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ​ប៉ុណ្ណោះ។

លោក ច័ន្ទ​ប្ញទ្ធិ​បាន​ថ្លែង​ថា៖ «យើង​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ថវិ​កា​​មួយ។ អ្នក​ទាំង​នោះ​ ដែល​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ [នៅ​កម្ពុជា​] បាន​រួម​ចំណែក​ជា​មួយគណ​ប​ក្ស​សង្គ្រោះ​ជាតិ។ ប្រសិន​បើ​ពួក​គេ​​ជឿថា​ យើង ​និង​ឯកឧត្តម​ សម រង្ស៊ី​ បោក​ប្រាស់​លុយ​របស់​ពួកគេ ពួក​គេ​ប្រហែល​ជា​មិន​ជួយ​យើង​ទេ​។ ពួក​គេ​មិន​ល្ងង់​ដល់​ថ្នាក់​នោះ​ទេ»។

លោក​ ច័ន្ទ​ប្ញទ្ធិ​ បាន​ចាត់​ទុក​អ្នក​ដែល​ថា ការ​រៃ​អង្គាស​ប្រាក់​គឺ​ដើម្បី​យក​មក​ចា​យ​ផ្ទាល់​ខ្លួន គឺ​ជា​ការ ​«​ញុះញង់»។

លោក ច័ន្ទ​ប្ញទ្ធិ​បន្ត​ថា៖ «លុយ​ (រៃ​អង្គាស) នេះ គឺ​សម្រាប់​សកម្ម​ជន និង​ការ​វិល​ត្រឡប់​មក​វិញ។ វា​មិន​មែន​ប្រើដើម្បី​ទិញ​សំបុត្រ​យន្តហោះ​សម្រាប់​ សម រង្ស៊ី ឬ​សម្រាប់​ខ្ញុំ​ទេ។ យើ​ង​អាច​មាន​លទ្ធភាពទិញ​សំបុត្រ​យន្ត​ហោះ​បាន តែការ​វិល​ត្រឡ​ប់​មក​វិញ​ពាក់​ព័ន្ធ​នឹង​មនុស្ស​ច្រើ​ន វា​ក៏​ទាម​ទារ​លុយ​ច្រើន​ដែរ»។

ទាក់​ទង​នឹង​កាល​បរិច្ឆេទ​​ពិត​ប្រាកដ​នៃ​ការ​វិល​ត្រឡប់​នេះ លោក ច័ន្ទ​ប្ញទ្ធិ​ បាន​លើក​ឡើង​ថា ក្រុម​ថ្នាក់​ដឹក​នាំ​នា​ពេល​ថ្មីៗ​នេះ​បាន​បង្កើត​គណៈ​កម្មការ និង​អនុ​គណៈ​កម្មការ​ដែល​មា​ន​ភារ​កិច្ច​រៀបចំ​កិច្ច​ប្រជុំ​ជាច្រើន។

​លោក​​បានបញ្ជាក់​​ថា៖ «យើ​ង​បាន​កំណត់​ថ្ងៃ​ខែ​នៃការ​វិល​មក​វិញ​រួច​ហើយ តែយើ​ង​ពុំអាច​លាត​ត្រដាង ដល់​សាធារណ​ជ​ន​​នៅ​ឡើយ ដោយ​សារ​យើង​នៅ​មាន​ការងារ​បច្ចេក​ទេស​ខ្លះ​ដែ​ល​យើង​ត្រូវ​ធ្វើ​បន្ថែម​ទៀត​។ យើង​នឹង​មាន​កិច្ច​ប្រជុំ​បន្ថែម ហើយ​នឹង​អនុ​ញ្ញាត​ឲ្យ​សាធា​រណ​ជន​ដឹង​អំពី​កាល​បរិច្ឆេទ​នោះ»។

លោក ច័ន្ទ​ប្ញទ្ធិបន្ត​ថា លោក​បាន​រំពឹង​ទុក​ថា អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​មក​ស្វាគមន៍​ពួក​គេ​នៅ​ពេលត្រឡ​ប់​មក​វិញ​ដែល​នឹង​កើត​ឡើង​ក្រោម​អ្នក​អង្កេតការណ៍​អន្តរជាតិ។

លោក​​បន្ថែម​ថា៖ «យើង​មាន​កង្វល់​អំពី​ការ​ចាប់​ខ្លួន តែយើង​ត្រូវ​​តែ​​វិល​ត្រឡប់​ដូច​មាន ​(បញ្ជាក់​) នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដើ​ម្បី​ស្តារ​ប្រជា​ធិប​តេយ្យដើម្បី​ចៀ​សវាង​បញ្ហា​ធ្ងន់​ធ្ងរ​បន្ថែម​សម្រាប់ ប្រទេស​កម្ពុជា»។

លោក ច័ន្ទ​ប្ញទ្ធិ​ បាន​ពន្យល់​ថា កាល​បរិច្ឆេទ​នៃការ​វិល​មក​វិញ​មិន​អាច​កំណត់​មុន​ពេល​យូរ​​បាន​ទេ ខណៈ​ដែល​ពួក​គេ​ត្រូវ​រង់​ចាំ​សម្រាប់​ពេល​វេលា និង​ស្ថានភាព​អំណោយ​ផល។

លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​បាន​ថ្លែង​ថា ថ្នាក់​ដឹកនាំ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ អា​ចវិល​ត្រឡប់​នៅ​ពេល​ណាក៏បាន​។

លោក​ គិន ភា ប្រធាន​វិទ្យា​ស្ថា​ន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា លោក​​មិន​ជឿ​ថា ថ្នាក់ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​នឹង​វិល​ត្រឡប់​មក​វិញ​ឆាប់​ៗ​​នេះទេ។​ លោក​បន្ថែ​ម​ថា ពួក​គេ​គ្រាន់​តែធ្វើកា​រ​ប្រកាស ដើម្បី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ឃឹម និង​ប្រមូ​ល​លុយ​បន្ថែម​ប៉ុណ្ណោះ។

លោក គិន ភា បញ្ជាក់​ថា​៖​ «​នោះ​​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រប​ស់​ពួក​គេមិន​ភ្លេច​ពួក​គេ​ប៉ុណ្ណោះ​។ ដូច្នេះ​ពេល​នេះ​ យើង​ឃើញ​ថា ពួក​គេ​កំណត់​ពេល​វេលា តាម​ដែល​ខ្ញុំ​ដឹង ថ្ងៃ​ទី ១៩ ខែ​ កក្កដា​ តែខ្ញុំ​គិត​ថា ពួក​គេ​នឹង​មិន​វិល​មក​វិញ​នៅ​ពេល​នោះ​ទេ»។

លោក​បន្ត​ថា​​៖ «ប្រសិន​បើ​ពួ​កគេវិល​មក​វិញ ពួក​​គេ​នឹង​ប្រឈ​ម​មុខ​ការ​អនុវត្ត​ច្បាប់​ ជាពិសេស​ដីកាពីតុលាកា​រ​។ នេះមិន​អាច​លើក​លែង​បាន​ទេ​»។

លោក​ភា​បន្ថែម​ថា ពួក​គេ​កំពុង​តែ​ប្រមូ​ល​​​លុយ​ពីអ្នក​គាំ​ទ្រ តែការ​ប្រមូល​លុយ​នេះ គឺ​មិន​បញ្ជាក់​​ពីការ​ប្តេ​​ជ្ញា​ចិត្ត​របស់​ពួក​គេ​​ក្នុង​ការ​វិល​​ត្រឡប់​មក​វិញ​នោះ​ទេ៕