The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក អ៊ូ វីរៈ គ្រោង​បង្កើត​មជ្ឈមណ្ឌល​គោលនយោបាយ




លោក អ៊ូ វីរៈ គ្រោង​បង្កើត​មជ្ឈមណ្ឌល​គោលនយោបាយ

លោក អ៊ូ វីរៈ ​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ រូបថត ម៉ៃ វីរៈ
លោក អ៊ូ វីរៈ ​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ ម៉ៃ វីរៈ

លោក អ៊ូ វីរៈ គ្រោង​បង្កើត​មជ្ឈមណ្ឌល​គោលនយោបាយ

ភ្នំពេញៈ លោក អ៊ូ វីរៈ សកម្មជន​សិទិ្ធ​មនុស្ស នឹង​បើក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​សាធារណៈ​ឯករាជ្យ​មួយ បន្ទាប់​ពី​ ចប់​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា។

លោក វីរៈ ដែល​ល្បី​ខាង​ផ្តល់​ការ​អត្ថាធិប្បាយ​ត្រង់​ៗ​ស្តី​ពី​បញ្ហា​សង្គម និង​នយោបាយ​នោះ​បាន​បង្កើត (Future Forum) ជា​មធ្យោបាយ​ដើ​ម្បី​ប្រមូល​ផ្តុំ​អ្នក​ស្រាវ​ជ្រាវ​ល្បី​ឈ្មោះ​ដើម្បី​បង្កើត និង​ជំរុញ​ឲ្យ​គោល​នយោបាយ​សាធារណៈ​កាន់​តែ​ល្អ​ប្រសើរ​​ជូន​តំណាង​រាស្រ្ត។

លោក វីរៈ បាន​បញ្ជាក់​ថា៖ «ចាំ​បាច់​ត្រូវ​មាន​គោល​នយោ​បាយ​ ដែល​មានគោល​ការណ៍។ ខ្ញុំ​គិត​ថា ​​នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ស័ក្តិ​សម​»។

លោក​បានបន្ថែម​ថា ​​​អ្នក​ទាំង​ឡាយ​ដែល​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​មិន​មែន​ដើម្បី​ប្រាក់​ចំណេញ​នេះ ដែល​នឹង​ចាប់​ផ្តើម​នៅ​ទី​តាំង​បណ្តោះ​អាសន្ន​ក្នុង​រាជធានី​ភ្នំពេញ នឹង​«មិន​រាយការណ៍​​​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ» ហើយ​ផ្តោត​លើ​ការ​ស្រាវជ្រាវ​​ដែល​មាន​គុណភាព​ផ្អែក​លើ​វិធី​សាស្រ្ត​បែប​វិទ្យា​សាស្រ្ត។

លោកបញ្ជាក់ថា៖ «​[កម្ពុជា]​មាន​ប្រជា​ជន​ជា​ច្រើន​​ធ្វើ​ការ​អះ​អាង​ជា​ច្រើន។ ដូច្នេះ ​វិធី​សាស្រ្ត​ត្រឹម​ត្រូវ គឺ​...សំខាន់​ណាស់»។ ដោយ​មាន​ការ​ស្រាវជ្រាវ និង​សំណើ​គោល​នយោបាយ លោក វីរៈ និង​អ្នក​ដទៃ​ទៀត​ គ្រោង​នឹង​ទាក់​ទង​អ្នក​នយោ​បាយ​ដើម្បី​ផ្តល់​ជូន​នូវ​សំណើ​​សម្រាប់​កំណែ​ទម្រង់។

លោក​បាន​​ថ្លែង​ពី​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ការ​ជាមួយ​នឹង​ពួកគេ។ នោះ​តែង​តែ​ជា​វិធី​សាស្រ្ត​របស់​ខ្ញុំ។ គ្មាន​អ្នក​ណា​ម្នាក់​ជា​សត្រូវ​របស់​ខ្ញុំ​ទេ»។

លោក វីរៈ បាន​លើក​ឡើង​ថា ចំណុច​ជាច្រើន ដូចជា ពេល​លោក​​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ថៃ ​​និង​ការ​អប់​រំ​របស់​លោក​នៅ​សាកល​វិទ្យាល័យ​លោក​ខាង​លិច​បាន​កំណត់​ពី​ទស្សនៈ​របស់​លោក។ ​ក្នុង​តួនា​ទី​ថ្មីនេះ ​លោក​មាន​សុទិដ្ឋិ​និយម​ថា អាច​ចូល​រួម​ចំណែក​ជួយ​កម្ពុជា​ដោយ​ផ្តោត​​ច្រើន​លើ​អនា​គត​កម្ពុជា។

លោក ​វីរៈ ​ផ្ទាល់ ចង់បង្កើត​គម្រោង​ផ្សេង​ៗ ដូច​ជា ការ​បង្កើត​ការ​ស្ទង់​មតិ​សាធារណៈ ដើម្បី​ធានា​ថា ​មជ្ឈមណ្ឌល​នេះ​នឹង​មាន​ចីរ​ភាព​ដោយ​ខ្លួនឯង។

លោកបន្តថា៖ «ខ្ញុំ​ចង់​អនុវត្ត​នូវ​អ្វី​ដែល​ខ្ញុំ​បង្រៀន​ហើយ​កម្ពុជា​គួរ​សម្លឹង​លើ​របៀប​ឈរ​ជើង​ពីរ​ដោយ​ខ្លួន​ឯង​។ យើង​នឹង​ស្វាគមន៍​ការ​ផ្តល់​មូលនិធិ ប៉ុន្តែ ​មូលនិធិ​នឹង​មាន​កម្រិត​»។

លោក វីរៈ បន្ថែម​ថា លោក​មាន​​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​មជ្ឈមណ្ឌល​នេះ​​ហើយ​។ «យើង​នឹង​​ប្រមូល​អ្នក​ស្រាវ​ជ្រាវ​ពិត​ប្រាកដ​ ដែល​អាច​មិន​[ល្បី​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ]»។

អ្នកទាំង​ឡាយ​ ដែល​ចូល​រួម​ក្នុង​គម្រោង​ដែល​នឹង​ប្រើ​ប្រាស់​ពាក្យ​ស្លោក «សាធារណៈ គោល​នយោបាយ ទៅ​មុខ​» នេះ នឹង​ធ្វើ​ការ​តែ​ឯង ឬ​រួម​គ្នា។ ការ​ណែ​នាំ​អ្នក​មាន​ទេព​កោសល្យ​វ័យ​ក្មេងក៏​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ផង​ដែរ។ អ្នកស្រាវ​ជ្រាវ និង​អ្នក​ប្រឹក្សា​ឯករាជ្យ​នឹង​​អង្គុយ​នៅ​មជ្ឈមណ្ឌល​នេះ ដោយ​ទទួល​បាន​កម្រៃ​តិច​។

លោក វីរៈ បាន​ចំណាយ​ពេលវេលា​ជិត​មួយ​ទសវត្សរ៍​នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​​​ក្នុង​នោះ លោក​បាន​ធ្វើ​ជា​ប្រធាន​​​​មជ្ឈមណ្ឌល​​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​លោក​បាន​វិល​មក​កម្ពុជា​វិញពី​សហរដ្ឋ​អាមេរិក។ លោក​បាន​ក្លាយ​ជាអ្នក​វិភាគ និង​ឥស្សរជន​សង្គម​ស៊ីវិល​លិច​ធ្លោ​ម្នាក់។

កាលពីខែមុន លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​តែង​តាំង​លោក ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ និង​លោក​សាយ បូរី ដែល​ជា​អ្នក​ច្បាប់​​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ចំណែក​ឯ​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ និង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផង​នោះ មាន​សកម្ម​ភាព​យ៉ាង​សកម្ម​ក្នុង​នយោបាយ តាម​រយៈ​ចលនា​សង្គម «​ខ្មែរ​ដើម្បី​ខ្មែរ» ដែល​មាន​បំណង​បង្កើតគោល​នយោបាយ​​នៅ​ថ្នាក់​មូល​ដ្ឋាន ជា​ជម្រើស​ផ្សេង​ ជំនួស​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​​ វីរៈ បាន​បញ្ជាក់​ថា ពេល​នេះ លោ​កគ្មាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ទេ ហើយ​មាន​បំណង​ផ្តោ​ត​លើ​ គុណភាព​នៃ​ការ​ស្រាវជ្រាវ​ដែល​ចេញ​ពី Future Forum នេះ​។

លោក​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​រីក​រាយ​ណាស់​​ពេល​នេះ»។

លោក​ស្រីមូរ សុខហួរ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំងបាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា អ្នក​នយោបាយ​​កំពុង​ពឹង​ផ្អែក​ថែម​ទៀត​លើ​ការ​ស្រាវ​ជ្រាវ​ឯករាជ្យ ខណៈ​ដែល​គុណភាព​នៃ​ការ​ស្រាវ​ជ្រាវ​ កាន់​តែ​ល្អ​ប្រសើរ​ឡើង។ ​

លោក​ស្រី​បាន​បន្ថែម​ថា ចំនួន​ពលរដ្ឋ​កម្ពុជា ដែល​បាន​ទទួល​ការ​អប់រំ​នៅ​ក្រៅ​ប្រទេស ហើយ​វិល​មក​ប្រទេស​វិញ គឺ​ជា​មូល​ហេតុ​មួយ​ ​ត្រូវ​បង្កើន​ការ​ស្រាវ​ជ្រាវ​ក្នុង​ស្រុក​ឲ្យ​បាន​ល្អ​។ ការ​សន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ដែល​រួម​បញ្ចូល​តួលេខ​​រឹង​មាំ​ អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សុខុមាលភាព ត្រូវ​បាន​បង្កើត​ឡើង​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​ឯករាជ្យ​រឹង​មាំ​ពី​ក្រៅ​គណបក្ស។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «នោះ​មិន​ត្រឹម​តែ​ជា​តួលេខ​ដែល​យើង​បាន​បញ្ចេញ​ទេ»។ គោល​នយោបាយ ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​កត្តា​ចម្បង​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ៕ TK

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។