ភ្នំពេញៈលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិបានថ្លែងកាលពីថ្ងៃអង្គារថាកងកម្លាំងប្រដាប់អាវុធបានត្រៀមខ្លួនជាស្រេចដើម្បីបំបែកការប្រមូលផ្តុំដែលអាចចាត់ទុកថាជាបដិវត្តន៍ពណ៌មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលច្ចេកទេសសម្រាប់យោធានៅមូលដ្ឋានយោធាខេត្ត កំពង់ស្ពឺ លោក ទៀ បាញ់បានលើកឡើងថា ស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាវិវត្ត និងដើរទៅមុខយ៉ាងឆាប់រហ័សហើយបើសិនកងកម្លាំងប្រដាប់អាវុធមិនយល់ដឹងពីការពិតឲ្យបានច្បាស់លាស់ព្រោះអ្នកទាំងឡាយដែលបានរៀបចំយ៉ាងសកម្មសម្រាប់ក្រុមបដិវត្ដន៍ពណ៌គឺស្ថិតនៅជុំវិញ។
លោកបានពន្យល់ពីអ្វីដែលគេហៅថាបដិវត្តន៍ពណ៌ដោយថ្លែងថាជោគជ័យនៃបដិវត្តន៍ពណ៌គឺប្រមូល និងទទួលបានអំណាចពីប្រជាជនដែលអាចផ្តួលរដ្ឋាភិបាលទាំងអហិង្សា។
លោកទៀបាញ់ ក៏បានថ្លែងពីការតវ៉ាដែលកំពុងបន្តប្រឆាំងនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយសង្គមស៊ីវិលនៅរដ្ឋសភា និងព្រឹទ្ធសភាហើយនិងដំណើរថ្មីៗនេះរបស់តំណាងរាស្រ្តបក្សប្រឆាំងដែលប្រមូលប្រជាជនទៅពិនិត្យព្រំដែន។
លោកបានថ្លែងថា៖ «ប្រសិនបើពួកគេមិនអាចទទួលបានអ្វីដែលជាប្រយោជន៍ចំពោះពួកគេ ពួកគេអះអាងថាវាមិនមែនជាប្រជាធិបតេយ្យ។ បើយើងមិនអាចគ្រប់គ្រងលើលទិ្ធប្រជាធិបតេយ្យបានវានឹងក្លាយជាអនាធិបតេយ្យដែលយើងមិនអាចគ្រប់គ្រងបានទេ»។
លោកបានបន្ថែមថា៖ «នឹងគ្មានបដិវត្តន៍ពណ៌ក្នុងប្រទេសរបស់យើងទេ។ ការប៉ុនប៉ងរបស់ពួកគេដើម្បីបង្កើតបដិវត្តន៍ពណ៌គឺមិនទាន់ចប់ទេ... ពួកគេកំពុងបន្តធ្វើឲ្យសង្គមស្ថិតក្នុងភាពចលាចល»។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថ្លែងថាក្នុងប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្តែងនូវការព្រួយបារម្ភរបស់ពួកគេលើបញ្ហាណាមួយហើយកងកម្លាំងប្រដាប់អាវុធត្រូវមានអព្យាក្រឹតក្នុងការការពារសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋមិនមែនបុគ្គលណាម្នាក់ ឬគណបក្សនយោបាយណាមួយទេ។
លោកបានបន្តថា៖ «ប្រជាពលរដ្ឋតែងតែតវ៉ាដោយសន្តិវិធីដោយគ្មានអំពើហិង្សា។ មិនមានបដិវត្តន៍ពណ៌ទេ។ ខ្ញុំគិតថាពួកគេភ័យខ្លាចស្រមោលរបស់ខ្លួន»។
លោក អំ សំអាត មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការលីកាដូបានថ្លែងថាបើកម្លាំងប្រដាប់អាវុធហាមពលរដ្ឋមិនឲ្យប្រមូលផ្តុំគ្នាវានឹងប៉ះពាល់សិទិ្ធយ៉ាងធ្ងន់ធ្ងរ។ បាតុកម្មដោយសន្តិវិធីត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
លោកបន្តថា ក្រុមអ្នកសង្គមស៊ីវិលតវ៉ាប្រឆាំងនឹងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលព្រោះពួកគេចាត់ទុកថានៅពេលច្បាប់នេះត្រូវបានអនុម័តវានឹងរឹតបន្តឹងសេរីភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលហើយពួកគេគិតថាវាមិនមែនជាស្តង់ដារទេដូច្នេះពួកគេធ្វើការតវ៉ាប៉ុន្តែដោយសន្តិភាព។
លោកបញ្ជាក់ថា៖ «វាមិនមែនជាបដិវត្តន៍ទេ»៕