ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy កាលពី​ម្សិលមិញ​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ឃួងស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដោយ​បាន​ពិភាក្សា​ពី​ការ​រឹតចំណង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ និង​លើក​ពី​បញ្ហានយោបាយ និង​សេដ្ឋកិច្ច​ផងដែរ​។

តាម​គេហទំព័រ​របស់​រដ្ឋសភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ការជួប​សម្តែង​ការគួរសម​រវាង​លោក Patrick Murphy និង​លោក ហេង សំរិន បាន​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ ​

តាម​គេហទំព័រ​ដដែល​បាន​បន្តថា លោក Murphy បាន​វាយតម្លៃ​ខ្ពស់​ដល់​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ខណៈ​លោក​លើកឡើង​ថា​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ចំណុច​ជាច្រើន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដូចគ្នា​ក្នុង​នោះ​ដូចជា​ការចែង​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​រដ្ឋ​ធម្មនុញ្ញ ហើយ​អំណាច​ដឹកនាំ​រដ្ឋ​ទាំង​ ៣ ​ចែកដាច់​ពី​គ្នា​។

លោក Murphy បានលើកឡើង​បន្តថា​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កសាង​សមិទ្ធផល​ជាច្រើន​ជាមួយ​គ្នា​រួចមកហើយ​។ នៅ​ឆ្នាំ​ ២០២០ ​នេះ​គឺជា​ឱកាស​កាន់តែ​សំខាន់​ទៀត​ដែល​ប្រទេស​ទាំង​ ២ មានលទ្ធភាព​នៅក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា ស្រប​ពេល​ដែល​ឆ្នាំនេះ​ជា​ខួប​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ ២​។

លោក Patrick Murphy បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ twitter របស់​លោក បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ​លោក ហេង សំរិន ថា​៖ «(​ខ្ញុំ​) ​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ពិភាក្សា​ជុំវិញ​ទំនាក់ទំនង និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្កើត​ទំនាក់ទំនាក់​ជាមួយ​គ្នា​។ ​ជាមួយ​គ្នា​នោះ​ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ស្ថាប័ន​ទាំង​ ២ ក្នុង​ការរក្សា​ប្រព័ន្ធ​ពហុបក្ស និង​សារប្រយោជន៍​នៃ​ការត្រួតពិនិត្យ និង​តុល្យភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។

លោក ហេង សំរិន ​បាន​ចាត់ទុក​បេសកកម្ម​ការទូត​របស់​លោក Murphy ថា មាន​សារៈសំខាន់​ខ្លាំង​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។

លោក ហេង សំរិន បញ្ជាក់​ថា​៖ «(​យើង​) ​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ទាំងឡាយ​ដែល​ប្រសូត​ចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​ជា​បន្តបន្ទាប់​មកនេះ បាន​នាំ​មក​នូវ​ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាជាតិ​ទាំង​សងខាង​។ រដ្ឋសភា​កម្ពុជា​សូម​អបអរសាទរ​ចំពោះ​ការផ្លាស់ប្តូរ​សារលិខិត​ដ៏មាន​តម្លៃ និង​មាន​អត្ថន័យ​ដ៏ជ្រាលជ្រៅ​រវាង​លោក​ប្រធានាធិបតី​អាមេរិក និង​សម្តេចតេជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ​»​។

ក្រៅពី​ជំនួប​នេះ​លោក Patrick Murphy ក៏បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ដដែល​ផងដែរ​។ ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី-ភ្នំពេញ​បាន​ឲ្យ​ដឹងថា លោក ឃួង ស្រេង និង Patrick Murphy បាន​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វប្បធម៌​។ និយាយ​ដោយឡែក​ក្នុង​រាជធានី​ភ្នំពេញ​គឺ​បាន​ពិភាក្សា​គ្នា​ដោយ​ធ្វើ​យ៉ាងណា​ដើម្បី​ទាក់ទាញ​ពាណិជ្ជករ​មក​វិនិយោគ និង​ភ្ញៀវទេសចរ​​មក​ទស្សនា​កម្សាន្ត​ឱ្យ​កាន់តែច្រើន ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ការគាំទ្រ​រាល់​គម្រោង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើការ​វិនិយោគ​ក្នុង​រាជធានី​។

លោក Murphy ថ្លែងថា​៖ «​ខ្ញុំ​រីករាយ​នឹង​ជួបពិភាក្សា​ជាមួយ​លោក ឃួង ស្រេង ម្តងទៀត​ក្នុង​ការ​ប្រារព្ធ​ពិធី​ខួប​លើក​ ៧០ ​ឆ្នាំ​រវាង​ប្រទេស​ទាំង​ ២ ​នៅ​ខែក្រោយ​។ សង្ឃឹម​ថា​នឹង​ទទួលបាន​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​របស់​អាមេរិក​នៅក្នុង​គម្រោង ​“Smart Cities” ខណៈ​វា​កំពុង​ជម្នះ​ជាមួយ​បញ្ហា​»៕