ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​ កើត រិទ្ធ មាន​គោលបំណង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ជូន​ដល់​ទណ្ឌិត ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​មួយ​ដែល​អាចបង្កើត​មុខរបរ សម្រាប់​ចិញ្ចឹមជីវិត បន្ទាប់ពី​ពួកគេ​ចេញពី​ពន្ធនាគារ​។ គម្រោង​នេះ​ត្រូវ​បាន​បង្ហាញ​ដល់​អង្គការសហប្រជាជាតិ​ (UN) ​រួចរាល់​ហើយ​។

លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អ្វីដែល​លោក​រដ្ឋមន្ត្រី​ កើត រិទ្ធ ចង់​បង្កើតឱ្យមាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ទណ្ឌិត​ដែល​កំពុង​ទទួលរង​នូវ​ការអនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ ដើម្បី​ឱ្យ​ពួកគេ​មាន​អាជីព​មួយ​ដែល​អាច​ប្រកបមុខរបរ ក្រោយពី​ពួកគេ​ចេញពី​ពន្ធនាគារ​វិញ​។ ទោះយ៉ាងណា លោក​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​នៃ​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ​ទេ ដោយ​ថា​នឹង​ត្រូវ​រង់ចាំ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​រួចរាល់​សិន​។

បើតាម​លោក​ គឹម សន្តិភាព មូលហេតុ​ដែល​ចង់ឱ្យមាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​ពន្ធនាគារ​នេះ​គឺ​ដើម្បី​កុំឱ្យ​ទណ្ឌិត​ទាំងនោះ ពេល​សមាហរណកម្ម​ចូលទៅក្នុង​សង្គមជាតិ​វិញ​គាត់​ប្រព្រឹត្ត​បទល្មើស​ឡើងវិញ ខណៈ​ដែល​ពួកគេ​ពុំមាន​លទ្ធភាព និង​អាជីព ឬ​មុខរបរ​ផ្សេងៗ​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ ផែនការ​នេះ​ត្រូវ​បាន​បង្ហាញ​ដល់​អង្គការសហប្រជាជាតិ ដើម្បី​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​អាច​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​នៅក្នុង​ពន្ធនាគារ​។

លោក​ គឹម សន្តិភាព ថ្លែងថា​៖ «​នៅពេលដែល​ពួកគេ​មាន​មុខរបរ​ចិញ្ចឹមជីវិត និង​ទទួល​ប្រាក់ចំណូល​ឱកាស​នៃ​ការប្រព្រឹត្ត​បទល្មើល គឺ​មិនមាន​នោះទេ និង​ជា​វិធានការ​ថ្មី​មួយ​ក្នុងការ​ទប់ស្កាត់ ស្របពេល​ដែល​យើង​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​ចូលទៅក្នុង​សង្គម គឺ​ធ្វើយ៉ាងណា​ឱ្យ​គាត់​មាន​អាជីព​វិជ្ជាជីវៈ​មួយ​ត្រឹមត្រូវ​»​។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក​ សុខ ទូច ថ្លែងថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​ទណ្ឌិត​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ គឺជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ ព្រោះ​បើ​មិន​ធ្វើ​ទេ នៅពេលដែល​ពួកគេ​ចេញមក​វិញ គ្មាន​ជំនាញ​នឹង​ធ្វើឱ្យ​គេ​ប្រព្រឹត្ត​បទល្មើស​ឡើងវិញ ដែល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​កាន់​តែ​ខ្លាំង​។

លោក​ សុខ ទូច បញ្ជាក់​ថា ទណ្ឌិត​ដែល​ជាប់ទោស​ក្នុង​រយៈពេល​ខ្លី គួរតែ​បណ្តុះបណ្តាល​ទៅលើ​ការដាំ​បន្លែបង្ការ ហើយ​ចំពោះ​ទណ្ឌិត​ដែលជាប់​ក្នុង​រយៈពេល​យូរ គឺ​គួរតែ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ​ដើម្បីឱ្យ​ពួកគេ​មាន​ជំនាញ និង​អាច​ប្រកបរបរ​បាន​។ នៅពេល​ដែល​ទទួលផល​ចំណេញ គាត់​នឹង​ទុក​ថវិកា​នោះ​សម្រាប់​គាត់​ពេលចេញ​វិញ គឺ​មាន​ដើមទុន​ក្នុង​ការបង្កើត​មុខរបរ​បាន​។

លោក​ សុខ ទូច ថ្លែងថា​៖ «​នៅក្នុង​គុក​ហ្នឹង​ត្រូវ​រៀបចំ​ឱ្យ​គាត់​រៀន​ដាំ​បន្លែ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​គាត់​មិនមែន​គាត់​ជាប់គុក​ហើយ​គាត់​ដេក​គង​អន្ទាក់ខ្លា​នោះទេ និង​គុក​នីមួយៗ​គួរតែ​ធ្វើឱ្យ​ធំ ព្រោះ​ស្រុក​យើង​សម្បូរ​ដី​ណាស់ ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការរៀបចំ​ជា​កន្លែង​ដាំ​បន្លែ​ឱ្យ​បានច្រើន ដើម្បី​លក់​ចេញ​បាន និង​រៀប​ឱ្យមាន​កន្លែង​បណ្តុះបណ្តាល​ដូចជា​ត្បាញ ឆ្លាក់ និង​ធ្វើ​ម្ហូប​ជាដើម​»​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស លើកលែង​ទោស និង​ការពង្រឹង​ការងារ​ស្នើសុំ​អនុគ្រោះ​ទោស​កាលពី​ថ្ងៃទី​ ១៧ កុម្ភៈ ឆ្នាំ​ ២០២១ លោក​ កើត រិទ្ធ បញ្ជាក់ថា ពន្ធនាគារ​គឺជា​កន្លែង​មួយ​សម្រាប់​អប់រំ​កែប្រែ​មនុស្ស​ឱ្យ​មាន​ការរាងចាល និង​លែង​ប្រព្រឹត្ត​បទល្មើស​បន្តទៀត​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ​ត្រូវ​មាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ដល់​ពួកគេ ព្រោះ​កម្ពុជា​មិនមាន​ច្បាប់​ប្រហារជីវិត​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ជជែក​ជាមួយ​នឹង UN រួចហើយ​។ ពន្ធនាគារ គឺជា​កន្លែង​ដែល​ត្រូវ​រៀបចំ​ឱ្យមាន​វគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​គាត់ មានមុខ​របរ​មួយ ហើយ​កន្លែង​នេះ ខ្ញុំ​នឹង​ជជែក​បន្ថែមទៀត​ជាមួយ​នឹង​មន្ត្រី​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​»​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បានឱ្យដឹង​ដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​ទណ្ឌិត​មាន​នៅ​ក្នុង​គ្រប់​ពន្ធនាគារ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ពន្ធនាគារ​នោះ​តូច ឬ​ធំ​។

ដោយឡែក​ចំពោះ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ កម្មវិធី​ស្ដារ​នីតិសម្បទា​មាន​រោង​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ សិប្បកម្ម​កែច្នៃ​គ្រឿងសង្ហារិម​ពី​ឈើ និង​ដែក​និង​ជំនាញ​បច្ចេកទេស​នៃ​ការដាំដុះ​បន្លែ បង្ការ និង​ការចិញ្ចឹមសត្វ​។ នេះ​ជា​ការឱ្យ​ដឹងពី​លោក​ នុត សវនា​។

លោក​ សវនា បាន​បញ្ជាក់ថា​៖ «​ជា​ផែនការ​យុទ្ធសាស្ត្រ យើង​ចាំបាច់​បង្កើត​ឱ្យ​មាន​កម្មវិធី​ទាំងនេះ នៅ​គ្រប់​ពន្ធនាគារ​ទាំងអស់​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ទីតាំង​ពន្ធនាគារ​នីមួយៗ​»​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ (ADHOC) ​ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ទណ្ឌិត​ដែល​កំពុង​ជាប់ពន្ធនាគារ​។ លោក​ជំរុញ​ឱ្យ​ឆាប់​ចាប់ផ្តើម​ពិភាក្សា​ពី​ផែនការ​នេះ និង​ស្វែងរក​ជំនួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​យកមក​អនុវត្ត​ឱ្យបាន​លឿន ដើម្បីឱ្យ​ទណ្ឌិត ឬ​ពិរុទ្ធជន​ទាំងនោះ​មាន​ជំនាញ​វិជ្ជាជីវៈ​អាច​ប្រកបមុខរបរ​បាន​ពេលចេញ​មកវិញ​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​ល្អ ខ្ញុំ​ឃើញ​ពន្ធនាគារ​មួយចំនួន​មាន​វគ្គបណ្តុះបណ្តាល​រួចហើយ ប៉ុន្តែ​មួយចំនួន​ទៀត​មិន​មាន​នោះទេ​។ ខ្ញុំ​មិនដឹងថា​មាន​មូលហេតុ​អ្វី​ទេ បញ្ហា​ថវិកា ឬក៏​បញ្ហា​អ្វី​ទេ​ក្នុង​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឱ្យ​មាន​ការខ្វះចន្លោះ​ក្នុង​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ​ជូន​គាត់​»៕