​មណ្ឌលគិរីៈ​ មន្ត្រី​បរិ​ស្ថាន​បាន​លើក​ឡើង​ថា​ ​វត្ថុ​តាង​ដែល​គេ​ដឹង​ថា​ មាន​ឡាន​រាប់​រយ​គ្រឿង​ ម៉ូតូ​រាប់​ពាន់​គ្រឿង​ ​និង​ម៉ា​ស៊ីន​អារ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​ ​ដែល​កំពុង​រក្សា​ទុក​ក្នុង​ស្នាក់​ការ​កណ្ដាល​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ឡើយ​ ​ថ្វី​ដ្បិតតែ​រាជ​​រដ្ឋាភិ​បា​ល​បាន​ផ្ទេរ​ដែន​ជម្រក​សត្វ​ព្រៃ​ ពី​ក្រសួង​កសិ​កម្ម​មក​ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង​អស់​រយៈពេល ២ ឆ្នាំ​ហើយ​ក្ដី។​

​លោក​ ​កែវ​ ​សុ​ភ​គ៌ ​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ នៅ​ពេល​ថ្មីៗ​នេះ​ថា​​ ​រាជរដ្ឋាភិ​បាល​បាន​សម្រេច​ឱ្យ​ផ្ទេរ​វត្ថុ​តាង​ដែល​បង្ក្រាប​បាន​ពី​តំបន់​ដែន​សត្វ​ព្រៃ​កែវ​សី​មា​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​មក​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់​គ្រង​ជំនួស​ក្ដី ​ប៉ុន្តែ​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ​ហើយ​កិច្ច​ការ​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​រវាង​ក្រសួង​បរិស្ថាន​ និង​ក្រសួង​កសិកម្ម។​

​​លោក​ ​សុ​ភ​គ៌ ​ថ្លែង​ថា​ លោក​ចង់​ឱ្យ​មា​ន​ការ​ផ្ទេរ​វត្ថុ​តាង​ទាំង​នោះ​ឱ្យ​មន្ទីរ​បរិស្ថាន​ ព្រោះ​បច្ចុប្បន្ន វត្ថុ​តាង​មាន​ដូច​ជា​ឡាន​ និង​ម៉ូតូ​ ​ដែល​បង្ក្រាប​ពី​ក្រុម​ជន​ល្មើស​ជា​បន្ត​បន្ទាប់​ ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​រាយ​ប៉ាយ​នៅ​ក្នុង​ស្នាក់​ការ​កណ្ដាល​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ​និង​កំពុង​ធ្វើ​ឱ្យ​កក​ស្ទះ​ការ​ងារ​របស់​មន្ទីរ​បរិស្ថាន។​ ​

​លោក​បាន​ថ្លែង​ថា៖ ​«​ពិបាក​ទាំង​ខ្ញុំ​ពិបាក​ទាំង​ខាង​គាត់​ (​រដ្ឋ​បាល​ព្រៃឈើ)​។​ ខាង​គាត់​នោះ​ត្រូវ​ប្រើ​បុគ្គ​លិក​មក​យាម​ ​ហើយ​ខាង​ខ្ញុំ​នេះ ​ក៏​មិន​ដឹង​ត្រូវ​ចាត់​ចែង​យ៉ាង​ម៉េច ​ព្រោះ​ទីតាំង​កែវ​សីមា ខ្ញុំ​ត្រូវ​ការ​ប្រើ​ប្រាស់​ទី​តាំង​ដើម្បី​ជាទី​លាន​ប​ណ្ដុះ​បណ្ដាលដល់​ពេល​អ៊ីចឹង វា​ស្ទះ​ការងារ​ខាង​មន្ទីរ​ខ្ញុំ​ដែរ។​ ​បើ​គេ​យក​ចេញ​ស្រួល​ដែ​រ បើ​គេ​ប្រគល់​ឱ្យ ​ខ្ញុំ​ប្រមូល​អា​ឡាន​ហ្នឹង​ដាក់​គ​រម៉ា​ដុំ​លើ​គ្នា​អ៊ីចឹង​ទៅ​​កុំ​ឱ្យ​វា​នៅ​រាយប៉ាយ»។​

លោក​ ​កែវ​ សុភ​គ៌ ​បាន​អះ​អាង​ថា​ការ​ពិភា​ក្សា​គ្នា​​នៅ​ថ្នាក់​ជាតិ​កន្លងមក​​រវាង​ក្រសួង​កសិ​កម្ម​ និង​ក្រសួង​បរិ​ស្ថាន​ ​គឺ​ក្រសួង​កសិ​កម្ម​ធ្លាប់​ចង់​ដឹក​ជញ្ជូន​ឈើ​ជា​វត្ថុ​តាង​ចេញ​ពី​ស្នាក់​​ការ​កណ្ដាល​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា និ​ង​ទុក​វត្ថុ​តាង​ផ្សេង​ទៀត​ ​ដូច​ជា​​ឡាន​ និង​ម៉ូតូ​ដើម្បី​ផ្ទេរ​មក​ឱ្យ​ក្រសួង​បរិស្ថាន​។​ ​

លោក​ថា៖​ «​តាម​គំនិត​ខ្ញុំ​ ខ្ញុំ​ចង់​តែ​ដាក់​ដេញ​ថ្លៃ​​ឱ្យ​អស់​ទៅ​ កុំ​ទុក​វា​ ទុក​យូរ​ៗ​ទៅ​គុណ​ភាព​វា​កាន់​តែ​ខូច​ ​ទុក​យូរ​កាន់​ច្រែះ​​ប្រើការ​លែង​កើត​ បើ​យើង​ចាត់​ការ​អំឡុង​ពេល​ហ្នឹង​ទៅ​ វា​អាច​ទៅ​កែ​កុន​បាន​តិចតួច»។​

កាល​ពី​ឆ្នាំ​ ២​០១៦​ ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ដែល​មាន​ផ្ទៃ​ក្រឡា​ជិត​ ៣ ​សែន​ហិក​តា ត្រូវ​បានរាជ​​រដ្ឋាភិ​បាល​ស​ម្រេច​ផ្ទេរ​ការ​គ្រប់​គ្រង​ពី​ក្រសួង​ក​សិ​កម្ម រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ មក​ឱ្យ​ក្រសួង​បរិស្ថាន​ជំនួស​វិញ​។​

​​​លោក ​នេ​ត ​ភក្ត្រា ​អ្នក​នាំ​​ពាក្យ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ថា ​ទោះបី​មាន​ការ​ផ្ទេរ​ដី​អភិ​រក្ស ​និង​ស្នាក់​ការ​រដ្ឋ​បាល​ព្រៃឈើ​របស់​ក្រសួង​កសិ​កម្ម​ មក​ឱ្យ​ក្រសួង​បរិ​ស្ថានក៏​ដោយ​ ប៉ុន្តែ​វត្ថុតាង​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​បង្ក្រាប​បាន​គឺ​ស្ថិត​ក្នុង​កា​រគ្រ​ប់​គ្រងរ​បស់​រដ្ឋបាល​ព្រៃឈើ​ដដែល។​

​​លោក​ថា៖ ​«​មិន​ទាន់​មាន​ការ​ផ្ទេរ​ឱ្យ​មក​ស្ថិត​ក្រោម​កា​រគ្រប់​គ្រងរ​បស់​ក្រសួង​បរិស្ថាន​នៅ​ឡើយ​ទេ ​ព្រោះ​ភាគ​ច្រើន​នៃ​ភ័ស្ដុ​តាង​ទាំង​នេះ​ ស្ថិត​នៅ​ក្នុង​សំណុំ​រឿង​ដែល​កំពុង​តែ​ដំណើរការ​នៅ​ចំពោះ​មុខ​តុលា​ការ​ ​ហើយ​រដ្ឋ​​បាល​ព្រៃ​ឈើ​ជា​ម្ចាស់​បណ្ដឹង​ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ​។​ ការ​ចាត់​ចែង​បន្ត​លើ​ភ័ស្ដុ​តាង​ជា​ឈើ ​រ​ថ​យន្ត​ ​ឬ​ម៉ូតូ​ដែល​ចាប់​បាន​​ទាំង​នោះ​គឺ​រង់ចាំ​ការ​ដោះស្រាយ​រួចរាល់​ពី​សំ​ណាក់​តុលាការ​ជា​មុន​សិន»។​

​លោក អ៊ុំ ​វណ្ណ​សុភ័គ​ ​ប្រធា​ន​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី​បញ្ជាក់​ដែរ​ថា​ កន្លង​មក​ រាល់​វត្ថុ​តាង​ទាំង​នោះ ​​ត្រូវ​ក្រសួង​កសិ​កម្ម​ និង​ក្រសួង​សេដ្ឋកិច្ច​សម្រេច​ដាក់​ដេញ​ថ្លៃ​ហើយ។​

លោក​ថា​៖ «​កន្លង​មក​បាន​សិក្សា​វាយ​តម្លៃ​គុណ​ភាព​​ហើយ​។​ ពុំ​បាន​ដឹង​អំពី​ចំនួន​វត្ថុតាង​នោះ​ទេ»។​

លោក​មេធា​វី​ ​សុក​ ​សំ​អឿន​ ​ថ្លែង​ថា​ ​តាម​ផ្លូវ​ច្បាប់​ វ​ត្ថុ​តាង​ដែល​បង្ក្រាប​បាន​ គឺ​រដ្ឋ​ត្រូវ​រក្សា​ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​កុំ​ឱ្យ​របស់​ទាំង​នោះ​រង​ការ​ខូច​ខាត​ ​ព្រោះ​ប្រសិន​បើ​តុលា​ការ​រក​ឃើញ​ថា​ ​វត្ថុ​តាង​ខ្លះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ គឺ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​ប្រើ​ប្រាស់​វិញ​ប៉ុន្តែ​វត្ថុ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ ឬ​ការ​ប្រ​ព្រឹត្ត​ខុសច្បាប់​ គឺ​​រដ្ឋ​មាន​សិទ្ធិ​រឹប​អូស​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ។​

​លោក​ថា៖​ «ការ​​ដេញ​ថ្លៃដើ​ម្បី​លក់​យក​ថវិកា​ចូល​រដ្ឋ​ឬ​ប្រើ​សម្រាប់​ផល​ប្រយោ​ជ​ន៍​របស់​រដ្ឋ​អ៊ី​ចឹង​ទៅ​ ​ហើយ​បើ​របស់​ហ្នឹង​ទៅ​បំផ្លាញ​សុខភាព​ពលរដ្ឋ​ ​អា​ហ្នឹង​អាច​ដុត​បំផ្លាញ​ចោល»៕​