អគារ​សំណាក​ដ៏​ធំ​មួយ ស្ថិតនៅ​រង្វង់​មូល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មានជ័យ ​ត្រូវបាន​វាយកម្ទេច​ចោល ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ ​បញ្ជា​ឲ្យ​រុះរើ​ចេញដោយ​ចាត់ទុក​ថា ​សំណង់​នេះ​សាងសង់​គ្មាន​ច្បាប់ ​និង​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​សង់​លើ​ផ្លូវ​សួនច្បារ​សាធារណៈ។

តាម​គេហទំព័រ​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជ​ញ្ចូ​ន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ១៤ ​តុលា​ ថា ​សំណង់​អគារ​នៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ​មាន​រចនា​ប្រាសាទ​កំពូល ​៣ ដែល​ផ្តួចផ្តើម​សាងសង់​ដោយ ​លោក​ សាន ស៊ានហូ ​អតីត​អភិបាល​ក្រុង​ប៉ោយប៉ែត ​ត្រូវបាន​វាយកម្ទេច​ចោល​វិញ​ហើយ​ ចាប់តាំង​ពី​ថ្ងៃ​ទី ១២ ​ខែតុលា​ មក។

គេហ​ទំព័រ​ដដែល​បញ្ជាក់ថា​៖ «គម្រោង​សង់​រង្វង់​មូល​ឋានសួគ៌​ប្រាសាទ​កំពូល ៣ នេះ ​បាន​បញ្ចុះ​បឋមសិលា​កាលពី​ឆ្នាំ​ ២០១៨ ​ដោយមាន​គណអធិបតី​សំខាន់ៗ​ជាច្រើន​នាក់ ​ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ​សិស្សានុ​សិស្ស​រាប់​ពាន់​នាក់។ តាម​គ្រោងការ​សាងសង់​រង្វង់​មូល​នេះ ​មានតម្លៃ​ជាង​ ៥០ ម៉ឺន​ដុល្លារ ​មាន​កម្ពស់​ ២៣ ម៉ែត្រ ​និង​ទំហំ​ ៤១ ម៉ែត្រ»។

លោក ​អ៊ុំ រាត្រី ​អភិបាលខេត្ត​បន្ទាយ​មានជ័យ​ និង​លោក​ គាត ហ៊ុល ​អភិបាល​ក្រុង​ប៉ោយប៉ែត ​ពី​ម្សិលមិញមិនអាច​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​ការ​វាយកម្ទេច​អគារ​នោះ​បានទេ ​ដោយ​ពួក​លោកអះអាងថា​ កំពុង​ជាប់​រវល់។

យោង​តាម​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី ៣០​ ខែ កក្កដា ​ឆ្នាំ ២០២០ ​ដែល​បាន​ផ្ញើមក​កាន់​លោក ​អ៊ុំ រាត្រី ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ​និង​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ ​បានសរសេរថា ​គម្រោង​សាងសង់​សំណាក​ប្រាសាទ​កំពូល ៣​ (ប្រាសាទ​ឋានសួគ៌) ​ស្ថិតនៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ​គឺ​ក្រសួង​មហាផ្ទៃ ​ពិនិត្យ​ឃើញថា​ ដោយសារ​សំណង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​មាន​រូប​ប្រាសាទ​កំពូល ​៣ ​និងមាន​រចនាប័ទ្ម​ជា​ខ្មែរ​រួច​ហើយ ​ហេតុនេះ​ពុំ​ចាំបាច់​សាង​សង់​ទៀត​ឡើយ។

លោក​ សក់ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​លើកឡើង​ក្នុង​លិខិត​នោះ​ថា ​ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៃ​រនាំង​បាំង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ ​និង​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ព្រះរាជា​ណាចក្រ​ថៃ ​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ ​ត្រូវ​បញ្ឈប់​ការសាងសង់ ​និង​ធ្វើការ​រុះរើ​សំណង់​នេះ​ចេញ ​ដោយ​ត្រូវ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ហ្មត់ចត់ ​ដើម្បី​បង្ការ​ហានិភ័យ​ជាយថា​ហេតុ។

លោក​បញ្ជាក់​ក្នុង​លិខិត​ថា​៖ «គួរ​ត្រួត​ពិនិត្យ​រៀបចំ​ជា​សួនច្បារ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ប៉ោយប៉ែត​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត»។

លោក​ ស៊ុំ ចន្ទគា ​មន្ត្រី​សម្របសម្រួល​សមាគម ​(Adhoc)​ ប្រចាំខេត្ត​បន្ទាយ​មានជ័យ​លើកឡើងថា​ គម្រោង​មួយ​ចំនួន​របស់​អាជ្ញាធរ គឺ​តែងតែ​ធ្វើតាម​ការនឹកឃើញ​របស់​ខ្លួន ​ដោយ​គ្មាន​គម្រោង ​និង​ផែនការ​ច្បាស់លាស់​នោះ​ទេ។

ដូចជា​ក្នុង​ករណីនេះ​អ៊ីចឹង ​ការសាងសង់​អគារ​សំណាក​នេះ​ឡើង ​ក៏​ធ្វើ​ទៅតាម​ការនឹកឃើញ ​និង​អារម្មណ៍​របស់​មនុស្ស​ ដោយ​គ្មាន​ការសិក្សា​នោះ​ដែរ។

លោក​បញ្ជាក់ថា​៖ «ការសាងសង់​ និង​វាយ​កម្ទេច ​វា​គ្មាន​អ្វី​ប្លែក ​គេ​ចង់​ធ្វើ ​ក៏​ធ្វើ​ទៅ។ ដល់​គេ​ថា​ កន្លែង​ហ្នឹង​មិន​សម​អ៊ី​ចេះ​មិន​សម​អ៊ី​ចុះ ​ក៏​កម្ទេច​ចោល​វិញ​ទៅ។ ដូច្នេះ ​គ្មានអ្វី​អស្ចារ្យ ​បំផ្លាញ​តែ​ថវិកា​រដ្ឋ​ឥត​ប្រយោជន៍។ គ្មាន​យុទ្ធសាស្ត្រ ​គ្មាន​ទស្សនៈ​វែង​ឆ្ងាយ​ ដែល​ហៅ​ជា​គោល​ការ​ណ៍មួយ​ច្បាស់លាស់​ទេ។ ចំពោះ​ខ្ញុំ​វិញ ​មុន​នឹង​ធ្វើ​អ្វីមួយ​ត្រូវ​ពិនិត្យ​មើល​និរន្តរភាព​ឲ្យ​បាន​វែងឆ្ងាយ ​ថា ​កន្លែង​ហ្នឹង ​គួរ​ធ្វើ ​ឬ​អត់។ បើ​ធ្វើ​ប៉ះពាល់​អ្វី​ តើ​វា​សម​អត់ ​សម្រាប់​ប្រទេស​ជាតិ»។

គិត​ត្រឹម​ថ្ងៃ ១៥ តុលា​ នេះ ​ការ​វាយកម្ទេច​អគារ​សំណាក​រង្វង់​មូល​ប៉ោយប៉ែត​មួយ​នេះ ​គឺ​នៅសល់​ប្រមាណ​ជា ៤០ ភាគ​រយ​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​អាជ្ញាធរ​បាន​ផ្តើម​វាយកម្ទេច​ផ្នែក​លើៗ ​និង​ផ្នែក​ខ្លះ ​ដោយ​ហ៊ុមព័ទ្ធ​ជា​របង​ព័ទ្ធជុំវិញ​តាំងពី​ថ្ងៃ ១២ ​តុលា ​មក។ នេះ​បើតាម​លោក​ ស៊ុំ ចន្ទ​គា ​ដែល​បាន​ចុះទៅ​ដល់ទី​តាំង​នេះ​ផ្ទាល់៕