The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វាយ​អគារ​រោងចក្រ​សង់​ខុស​ច្បាប់​ចោល




វាយ​អគារ​រោងចក្រ​សង់​ខុស​ច្បាប់​ចោល

វាយ​អគារ​រោងចក្រ​សង់​ខុស​ច្បាប់​ចោល

ភ្នំពេញៈ មន្រ្តី​រោងចក្រ​និង​កម្មករ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា អគារ​ជាន់ ទី២ ដែល​សាង​សង់​ខុស​ច្បាប់​នៅ​រោងចក្រ​កាត់ដេរ SiuQuinh ក្នុង​ខណ្ឌ ដង្កោ ដែល​មន្រ្តី​រដ្ឋាភិបាល​បាន​រក​ឃើញ​ដោយ​ចៃដន្យ​នៅ​ចុង​ខែ វិច្ឆិកា ឆ្នាំ​មុន​នោះ ត្រូវ​បាន​បំផ្លាញ​ចោល​ហើយ។

លោក ប៊ុន ឡេង អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​រោងចក្រ​មួយ​នេះ បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​បាន​បំផ្លាញ​ជាន់​នោះ បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​ពី​ក្រុមហ៊ុន​ឯកជន និង​កិច្ច​ពិភាក្សា​ជាមួយ​នឹង​មន្រ្តី​ពី​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ក្រុមហ៊ុន​ឯកជន​បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ដោយ​បញ្ជាក់​ថា ជាន់ ទី២ នេះ​ត្រូវ​បំផ្លាញ​ចោល»។ លោក​បាន​បន្ថែម​ថា ការ​បំផ្លាញ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ ធ្នូ។

លោក​បាន​បញ្ជាក់​ថា ក្រសួង​បាន​ឯកភាព​លើ​ការ​សាង​សង់​ឡើង​វិញ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ មីនា ខាង​មុខ​នេះ។

កម្មករ​បាន​រត់​ចេញ​ពី​រោងចក្រ កាល​ពី​ចុង​ខែ វិច្ឆិកា ដោយ​អះអាង​ថា ជញ្ជាំង​រង្គោះរង្គើ។ ការ​ស៊ើប​អង្កេត​ដោយ​មន្រ្តី​ក្រសួង​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រក​ឃើញ​ជាន់​អគារ​ដែល​សាង​សង់​គ្មាន​ការ​អនុញ្ញាត​នោះ។

មន្រ្តី​ក្រសួង​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​អ្នក​ស្រី ប៊ួយ ស្រីមុំ អាយុ ២៦ ឆ្នាំ បាន​ថ្លែង​ថា អ្នក​ស្រី​បាន​មើល​ឃើញ​គេ​បំផ្លាញ​ជាន់ ទី២ នៃ​រោងចក្រ​មែន។ អ្នក​ស្រី​បាន​បន្ត​ថា កម្មករ​នៅ​តែ​ផលិត​សម្លៀក​បំពាក់​នៅ​កន្លែង​ធ្វើ​ការ​បណ្តោះ​អាសន្ន ប៉ុន្តែ​រីករាយ​ចំពោះ​ការ​បំផ្លាញ​ជាន់ ទី២ នោះ។

អ្នក​ស្រី​បាន​លើក​ឡើង​ថា៖ «កន្លែង​នោះ​ចង្អៀត​បន្តិច និង​ក្តៅ ប៉ុន្តែ​វា​មាន​សុវត្ថិភាព​ចំពោះ​យើង​ជាង​អគារ​រង្គោះ​រង្គើ»។

អ្នក​ស្រី​បាន​បន្ថែម​ថា៖ «ទី​បំផុត យើង​នឹង​ទៅ​ធ្វើ​ការ​នៅ​អគារ​ធំ​វិញ។ ខ្ញុំ​សង្ឃឹម​ថា អគារ​នឹង​ឈប់​រង្គោះ​រង្គើ​ពេល​មាន​ជាន់​ថ្មី»។

កាល​ពី​ខែ ឧសភា ឆ្នាំ​មុន កម្មករ ២នាក់ ម្នាក់​ជា​ក្មេង​ជំទង់ បាន​ស្លាប់​ពេល​ជាន់​ស្តុក​ទំនិញ​មួយ​ដែល​បាន​សាងសង់​ខុស​ច្បាប់​បាន​ដួល​រលំ​នៅ​រោងចក្រ Wing Star Shoes នៅ​ខេត្ត កំពង់ស្ពឺ។

ការ​ស្លាប់​ជំរុញ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ ដែល​ជា​រដ្ឋ​មន្រ្តី​សង្គមកិច្ច​នៅ​ពេល​នោះ សន្យា​ថា​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​សំណង់ ក្នុង​ឧស្សាហកម្ម​នាំ​ចេញ​ដ៏​ធំ​របស់​កម្ពុជា​នេះ។ ទោះ​យ៉ាង​ណា ការ​ត្រួត​ពិនិត្យ​ដែល​សន្យា​នោះ​នៅ​ពុំ​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ៕ TK

អត្ថបទគួរចាប់អារម្មណ៍