ភ្នំពេញៈ នៅក្នុងដីនៅឯវាលពិឃាតជើងឯក ក្នុងចំណោមឆ្អឹងលលាដ៍ក្បាលរបស់ជនរងគ្រោះក្នុងរបប ប៉ុល ពត គេឃើញមានកប់វត្ថុបុរាណជាច្រើន គឺអំបែងពណ៌ខ្មៅ ក្រហមនិងពណ៌ត្នោត ដែលនេះគឺទំព័រសំខាន់មួយទៀត នៅក្នុងប្រវត្តិសាស្ត្រដំបូងរបស់រាជធានីភ្នំពេញ។
ការរកឃើញនៃឡដុតឆ្នាំងចំនួន ៦៩ កន្លែង នៅក្នុងដើមទសវត្សរ៍ ឆ្នាំ២០០០ ដោយអ្នកបុរាណវិទូលោក ផុន កសិកា បានចង្អុលបង្ហាញថា សហគមន៍ឧស្សាហកម្មមួយ បានបង្កើតឡើងនៅសតវត្សរ៍ទីប្រាំ គឺប្រហែលមួយពាន់ឆ្នាំមុនពេលភ្នំពេញក្លាយជារាជធានី។
លោក កសិកា ដែលជាប្រធានផ្នែកបុរាណវិទ្យានៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា វាលពិឃាតជើងឯក គឺជាកន្លែងឡដុតឆ្នាំងចាស់បំផុត ដែលគេស្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផលិតវត្ថុប្រើប្រាស់ក្នុងពិធីផ្សេង។ ប៉ុន្តែ យោងតាមអង្គការ យូណេស្កូ បានឲ្យដឹងថា វត្ថុបុរាណ នឹងបាត់បង់ទៅវិញជា «រៀងរហូត» ខណៈដែលល្បឿនយ៉ាងលឿន នៃការធ្វើនគរូបនីយកម្មនឹងប៉ះពាល់មកលើតំបន់ប្រវត្តិសាស្ត្រនេះ។ ដើម្បីស្វែងរកចម្លើយចំពោះសំណួរមួយចំនួនដែលនៅសេសសល់ ស្ថាប័នការពារបេតិកភណ្ឌរបស់អង្គការសហប្រជាជាតិ នឹងធ្វើការស្ទង់មតិចុងក្រោយលើកន្លែងនេះ ក្នុងពេលឆាប់ៗនេះ។
លោកស្រី Anne Lemaistre នាយកប្រចាំប្រទេស នៃអង្គការយូណេស្កូ បានថ្លែងថា៖ «តម្លៃពិសេស នៃសក្តានុពលបុរាណវិទ្យានេះនៅចំមុខទ្វាររាជធានីភ្នំពេញ និងការគំរាមកំហែង គឺជាមូលហេតុត្រឹមត្រូវក្នុងការអនុវត្តនូវកិច្ចអន្តរាគមន៍សង្គ្រោះ ដើម្បីចុះកាលបរិច្ឆេទ និងយល់ដឹងពីដំណើរការនៃកន្លែងនេះ ដែលបច្ចុប្បន្ននៅតែជាការមន្ទិលនៅឡើយ»។
លោកស្រី ម៉េង អេដា នៃក្រុមហ៊ុន ម៉េង អចលនទ្រព្យ ដែលកំពុងអភិវឌ្ឍផ្ទៃដីជាង ១០០ ហិកតា នៅជើងឯក បានថ្លែងថា៖ «យើងមានអតិថិជនជាច្រើនរួចហើយ ហើយយើងបានលក់ចេញដីចំនួន ៦០ ឡូត៍ ក្នុងរយៈពេលជិតពីរខែ»។ លោកស្រី អេដា មិនដឹងពីសារៈសំខាន់នៃបុរាណវិទ្យា ក្នុងតំបន់នេះទេ។
កំណត់ត្រាប្រវត្តិសាស្ត្រ បានរៀបរាប់តិចតួចពីតំបន់នេះ មុនពេលរាជធានីភ្នំពេញ ក្លាយជារាជធានីខ្មែរ ក្នុង ឆ្នាំ ១៤៣២។ រឿងព្រេងបានរៀបរាប់ថា ការតាំងទីលំនៅបានរៀបចំឡើងនៅចតុមុខ នៅក្នុងសតវត្សរ៍ ទី១៤ បន្ទាប់ពីស្ត្រីម្នាក់ដែលគេស្គាល់ថា ឈ្មោះ ដូនពេញ បានសង់ទីសក្ការៈមួយនៅលើកំពូលភ្នំ ដែលគេស្គាល់ថា វត្តភ្នំ។
ក៏ប៉ុន្តែលោកស្រី LeMaistre បញ្ជាក់ថា បុរាណវត្ថុបានចង្អុលបង្ហាញថា កន្លែងប្រជុំជនមួយ កើតមាននៅចតុមុខ ចាប់តាំងពីសម័យនគរភ្នំ។
លោក កសិកា បានសម្រេចចិត្តរុករកពីតំបន់នៅជើងឯកនេះ ក្នុង ឆ្នាំ២០០០ បន្ទាប់ពីសហសេវិកម្នាក់បានកត់សម្គាល់ឃើញអំបែង ក្នុងចំណោមឆ្អឹងសព នៅឯកន្លែងរំឭកខួបអំពើប្រល័យពូជសាសន៍នេះ។
លោក កសិកា បានរកឃើញពីសំណល់ឡដុតឆ្នាំងដែលកប់នៅទីនោះដែលមានអាយុកាលពីសតវត្សរ៍ទីប្រាំដល់សតវត្សរ៍ ទី១៣។ វត្ថុរកឃើញ រួមបញ្ចូលទាំងឆ្នាំងក្អមដំបូង និងឡឥដ្ឋទំនើបៗ នៅសតវត្សរ៍ក្រោយៗមក។
លោកបានលើកឡើងថា កន្លែងនេះគឺជាទីកន្លែងតាំងលំនៅឋាន ដោយសារតែមានត្រីក្នុងបឹងសម្រាប់ធ្វើម្ហូប និងព្រៃឈើក្បែរនោះ សម្រាប់ដុតឡ។ បឹងនេះគឺជាប្រភពដីឥដ្ឋខណៈដែលទន្លេក្បែរនោះ គឺជាផ្លូវទឹកដែលប្រជាជនធ្វើពាណិជ្ជកម្មលើផលិតផលរបស់ខ្លួន ជាមួយនឹងទីក្រុងអង្គរ។
សិលាចារឹកសតវត្សរ៍ ទី៧ បែបព្រហ្មញ្ញសាសនាជាភាសាខ្មែរបូរាណ ដែលបានរកឃើញនៅកន្លែងនោះ បានបង្ហាញថា ប្រជាពលរដ្ឋនៅទីនោះគឺជាខ្មែរ យ៉ាងហោចណាស់ តាំងពីសម័យចេនឡា មុនអង្គរ។ លោក កសិកា បញ្ជាក់ថា៖ «បើទោះបីជាអង្គរ រីកចម្រើនជាអាណាចក្រក៏ដោយ ក៏ប៉ុន្តែ កន្លែងដទៃទៀតនៅក្រៅអង្គរ គឺតំបន់រណប ប្រហែលជារីកលូតលាស់និងអភិវឌ្ឍដូចគ្នា»។
លោកបន្ថែមថា ឆ្នាំងក្អមនៅ ជើងឯកដែលគូសបញ្ជាក់ដោយរូបសញ្ញាបក្សីហោះហើរ ត្រូវបានគេរកឃើញនៅអង្គរ ព្រះវិហារ និងតំបន់សំខាន់ផ្សេងទៀតនៅសម័យអង្គរ។
ទីតាំងតាំងទីលំនៅនេះ បានឮដល់ព្រះបាទ ពញាយ៉ាត នៅពេលព្រះអង្គទ្រង់ផ្លាស់ព្រះបរមរាជវាំងពីអង្គរមកភ្នំពេញ។ លោក កសិកា បានបញ្ជាក់ថា៖ «មិនមែនព្រះមហាក្សត្រ ប្តូរមកចតុមុខដោយចៃដន្យទេ ព្រះអង្គបានដឹងថា ទីនេះគឺមានការអភិវឌ្ឍ»។
កន្លែងនេះពុំរងផលប៉ះពាល់អស់ជាច្រើនសតវត្សរ៍ ប៉ុន្តែរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ ពំនូកឡដុតជាច្រើនកន្លែងត្រូវបានបំផ្លាញ ដោយមួយចំនួនត្រូវបានបំផ្លាញនៅទស្សវត្សរ៍ ទី ៦០ នៅពេលខ្មែរចិនបានបង្កើតកន្លែងកប់ខ្មោចនៅជុំវិញមន្ទីរប្រល័យពូជសាសន៍ជើងឯក ចំណែកឯពំនូកឡដុតដទៃទៀត ត្រូវបានបំផ្លាញ នៅពេលខ្មែរក្រហមជីកផ្នូរធំក្នុងតំបន់នេះ។
លោក កសិកា បញ្ជាក់ថា ការសាងសង់រយៈពេល ១០ ឆ្នាំ មកនេះ បានធ្វើឲ្យបាត់បង់ពំនូកឡដុតជាច្រើនថែមទៀត ខណៈដែលតម្លៃដីឡើងថ្លៃលើកទឹកចិត្តឲ្យកសិករលក់ដីទៅឲ្យក្រុមហ៊ុនអភិវឌ្ឍ។
លោកស្រី Nancy Beavan ជាអ្នកជំនាញដែលកំណត់ឆ្នាំងកាបោន ពីសាកលវិទ្យាល័យ Ortago នៃប្រទេស New Zealand ដែលបានជួយកំណត់អាយុកាលនៃទីកន្លែងនេះ បានថ្លែងថា ក្រុមលោក កសិកា បានខិតខំធ្វើការងារនេះ។ លោកស្រីបន្តថា៖ «ការខិតខំប្រឹងប្រែង របស់ពួកគេក្នុងការសង្គ្រោះបុរាណវិទ្យា បានកត់ត្រាព័ត៌មានបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃដែលនឹងត្រូវបាត់បង់ក្នុងការឈូសឆាយដី»។ មានពំនូកឡដុត តែ ១១ ប៉ុណ្ណោះ ដែលនៅសល់។
លោក កសិកា ឱ្យដឹងថា ត្រូវសិក្សាបន្ថែមទៀតមុនពេលអស់ពេលវេលាជាពិសេសក្នុងចន្លោះរយៈពេល ១០០ ឆ្នាំរវាងការបញ្ចប់ការផលិតឡដុត និងការបង្កើតរាជធានីភ្នំពេញ៕