ភ្នំពេញៈ ការ​ចាប់ផ្តើម​​គោលនយោបាយ​​សាលា​កុមារ​មេត្រី​ជាតិ​ក្នុង​រយៈកាល​មួយ​ទសវត្សរ៍​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើឲ្យ​មាន​​សុខដុម​នីយកម្ម​ចំពោះ​​កម្មវិធី​​អប់រំ​របស់​កម្ពុជា​ដោយ​នាំឲ្យ​មាន​​ភាព​ស៊ី​គ្នា​​ចំពោះ​កម្មវិធី​សិក្សា​​ដែល​​កាលពី​មុន​មិន​សូវ​មាន​លក្ខណៈ​​ស៊ី​គ្នា​។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​​សើរើ​ទាំង​ស្រុង​ចំពោះ​ស្តង់ដារ​ប្រឡង​របស់​សិស្ស​ថ្នាក់​អនុវិទ្យាល័យ​ និង​​វិទ្យាល័យ​ដែល​មាន​ន័យ​ថា​សញ្ញាបត្រ​​នាពេល​ឥឡូវ​នេះ​បង្ហាញពី​ការ​ខិតខំ​រៀនពិត​ប្រាកដ​ជា​ជាង​គ្រាន់តែ​​​មាន​តែ​វត្តមាន​។

ជា​ជាង​ការ​តម្រូវ​ឲ្យ​មាន​អគារ​សាលា​ថ្មី​កម្មវិធី​សាលា​កុមារ​មេត្រី ពិនិត្យ​មើល​ទៅ​លើ​ថា​តើ​សាលា​​ដំណើរការ​ និង​តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​ដូចម្តេច​​ចំពោះ​​ស្តង់ដារ​ និង​​គំនិត​ដែល​នាំ​មក​នូវ​​ភាព​ផ្លាស់ប្តូរ​។

លោក ចាន់ សុភា លេខារង​នៃ​​ក្រុមប្រឹក្សា​​កម្ពុជា​ដើម្បី​ការ​​អភិវឌ្ឍ​យុវជន ​និង​ជា​ប្រធាន​​នាយកដ្ឋាន​សាលា​បឋមសិក្សា​ថ្លែង​ថា​​ដើម្បី​​បំពេញ​បាន​ទៅ​តាម​កម្មវិធី​​សាលា​កុមារ​មេត្រី​សាលា​ត្រូវ​មាន​ធាតុ​ផ្សំ​​ចំនួន​ ៦​។

ទី​ ១ គឺ​ត្រូវ​ផ្តល់​ឱកាស​សិក្សា​ដល់​​ក្មេង​​ទាំងអស់​ដោយ​មិន​គិត​ពី​​​មធ្យោបាយ​ និង​កន្លែង​នៅ​ក្នុង​សាលា​។ ​ទី​ ២ សាលា​គួរ​កែលម្អ​គុណភាព​នៃ​ការរៀន ​​និង​ការ​បង្រៀន​ និង​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​ជួយ​ឲ្យ​សិស្ស​រៀន​ទាន់​នៅក្នុង​ការ​សិក្សា​របស់​ខ្លួន​។ បើ​តាម​តួលេខ​ចុងក្រោយ​បំផុត​ដែល​ទទួល​បាន​ពី​ក្រសួង​អប់រំ​ក្មេង​ប្រហែល ៩៧ ​ភាគរយ​បច្ចុប្បន្ន​នេះ​បាន​ចុះ​ឈ្មោះ​ចូល​​រៀន​។ ​ទី​​ ៣ ​គឺ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ និង​បរិយាកាស​​សាលារៀន​។

លោក សុភា បាន​ថ្លែង​ថា​៖ «​​យើង​ចង់​ឲ្យ​មាន​ការ​បង្រៀន​ដោយ​មិន​មាន​ការ​ប្រើ​ហិង្សា​ដូចជា​ការ​វាយ ឬ​ដាក់​ទណ្ឌកម្ម​សិស្ស​»​។ «​បរិយាកាស​សាលារៀន​ក៏​សំខាន់​​ខ្លាំង​ផង​ដែរ​​ដោយសារ​យើង​ត្រូវ​តែ​ធ្វើឲ្យ​​ថ្នាក់​រៀន​​​ស្អាត​ និង​​មាន​របៀប​ដើម្បី​ឲ្យ​សិស្ស​​ចង់​មក​​រៀន ​​និង​​បន្ត​ចាប់​អារម្មណ៍​ចំពោះ​ការ​សិក្សា​»។

ទី​ ៤ គឺ​​​មិន​គួរ​​មាន​ការ​រើសអើង​ផ្អែក​លើ​យេនឌ័រ​ទេ​។

លោក សុភា បន្ត​ថា​៖ «​​ការគោរព​យេនឌ័រ​មាន​ន័យ​ថា​​ជា​ការ​លើក​កម្ពស់​សេរីភាព​​របស់​សិស្ស​​ទាំង​សិស្ស​​​ប្រុស​ និង​សិស្ស​ស្រី​ដើម្បី​ទទួល​បាន​ឱកាស​ស្មើភាព​គ្នា​ចំពោះ​ការ​អប់រំ​»។

ទី​ ៥ គឺ​​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រួសារ​ និង​សហគមន៍​ទាំងមូល​នៅ​ក្នុង​ការ​អប់រំ​ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ស្តាប់​ពី​សិស្ស​ផង​ដែរ​។

លោក សុភា ថ្លែង​ថា​៖ «​​នេះ​គឺ​ជា​អ្វី​មួយ​ដែល​ឪពុក​ម្តាយ​ និង​អាណាព្យាបាល​​ទាំងអស់​ត្រូវ​យល់​​ និង​ជា​មូលហេតុ​ដែល​យើង​បាន​បង្កើត​ក្រុម​ប្រឹក្សា​កុមារ​​នៅ​តាម​សាលា​»។

លោក​បញ្ជាក់​ថា​៖ «​​នៅពេល​ណា​ក៏ដោយ​ដែល​​សាលា ឬ​សហគមន៍​មួយ​ប្រជុំ​ដើម្បី​សម្រេច​លើ​អ្វី​មួយ​ក្រុម​ប្រឹក្សា​​កុមារ​នឹង​ចូលរួម​ផង​ដែរ​ ដើម្បី​ផ្តល់​​មតិ​យោបល់​។ ទោះ​យ៉ាងណា​ក្តី​អ្នក​វ័យក្មេង​ត្រូវ​តែ​គោរព​អ្នក​វ័យ​ចាស់​ផង​ដែរ​។ ​បើ​តាម​ទំនៀម​ទម្លាប់​កម្ពុជា​អ្នក​វ័យក្មេង​​មិន​គួរ​លូក​មាត់​និយាយ​កាត់​ទេ​នៅ​ពេល​មនុស្ស​ចាស់​ជាង​កំពុង​និយាយ​គ្នា​។

ទី​ ៦ គឺ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ទាំង​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​សម្រាប់​សាលា​​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក សុភា ថ្លែង​បន្ត​ថា​៖ «​​ការ​គាំទ្រ​ជា​ប្រព័ន្ធ​មាន​ន័យ​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​បញ្ជូន​​ប្រតិភូ និង​ថវិកា​ទៅ​តាម​តម្រូវការ​របស់​សាលា​នីមួយៗ»​។ លោក​បាន​បន្ថែម​ថា​តួលេខ​​របស់​ក្រសួង​បង្ហាញ​ថា កម្ពុជា​មាន​សាលា​​ប្រមាណ​ ៧១៨៩ ដែល​បង្រៀន​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ​៦​។

លោក សុភា បន្ត​ថា​៖ «​​នៅក្នុង​ខេត្ត​ក្រុង​​ចំនួន​ ១២ ​ក្នុង​ប្រទេស​កម្ពុជា ​រដ្ឋាភិបាល​បាន​ផ្គត់ផ្គង់​អង្ករ ២ តោន​ និង​អាហារ​​ដទៃៗ​ទៀត​​ជា​ប្រចាំ​ឆ្នាំ​ទៅ​ដល់​កម្មវិធី​​មួយ​ដែល​ផ្តល់​អាហារ​​មួយ​ពេល​ក្នុង​​មួយ​ថ្ងៃ​ដល់​សិស្ស​ទាំងអស់​»។

លោក​​បាន​ឲ្យ​ដឹង​ថា​៖ «​ជាង​នេះ​ទៅ​ទៀត​មាន​សិស្ស​ក្រីក្រ​ប្រហែល ៩ ម៉ឺន​នាក់​​ទទួល​បាន​​ការ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន ២៤ ម៉ឺន​រៀល (៦០ ​ដុល្លារ) ​ក្នុង​ ១ ​ឆ្នាំ​»៕ PS