ភ្នំពេញៈ វិទ្យាសា្ថន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ (MOU) ​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរលើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​​នៅ​កម្ពុជា​។

អនុស្សរណៈ​នេះ​ចុះ​ហត្ថលេខា​រវាង​លោក អ៊ុម រម្យណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​តិចណូ​) ​និង​លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ​កាលពី​ថ្ងៃទី​ ១២ ខែ​មករា​។ ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​ដែល​ក្រសួង​ទាំង​ ២ ​បាន​សហការ​គ្នា តាមរយៈ​វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាសា្ថន​បច្ចេកវិទ្យា​កម្ពុជា​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ព្រោះ​កន្លងមក​កម្ពុជា​មិនទាន់​មាន​គ្រឹះស្ថាន​ណាមួយ​បណ្ដុះបណ្ដាល​ផ្ដោតលើ​ជំនាញ​បច្ចេកទេស​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​បែបនេះ​ទេ​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ចង់ឃើញ​​កូន​ខ្មែរ​យើង​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់ មាន​សមត្ថភាព​ដូច​បុព្វបុរស យើង​សម័យមុន​ដែល​មាន​សមត្ថភាព​កសាង​ប្រាង្គ​ប្រាសាទ​ដ៏ស្រស់បំព្រង និង​មាន​គុណភាព​ជាប់​បាន​រាប់រយ​ពាន់​ឆ្នាំ ថែមទាំង​ល្បីល្បាញ​ពាសពេញ​សកលលោក​ទៀតផង​»​។

លោក ស៊ុន ចាន់ថុល ជឿជាក់​ថា និស្សិត​ខ្មែរ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ជំនាញ​នេះ​។

បើតាម​លោក ចាន់ថុល ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១ ​នេះ វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​វិទ្យាសា្ថន​បច្ចេកវិទ្យា​កម្ពុជា​នឹង​ជ្រើសរើស​និស្សិត​ ២០០ ​នាក់ ដើម្បី​សិក្សា​នៅ​វិទ្យាសា្ថនតេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។ ប៉ុន្តែ​ក្រសួង​ទាំង​ ២ ​កំពុង​ពិភាក្សា​ពី​តម្លៃ​សិក្សា និង​ការផ្ដល់​អាហារូបករណ៍​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក​បានឱ្យ​​ដឹង​ដែរ​ថា ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​នានា​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ផ្ដល់​អាហារូបករណ៍​ជូន​និស្សិត​ដែល​ជួប​ការលំបាក ប៉ុន្តែ​មាន​សមត្ថភាព និង​មហិច្ឆតា​ចង់​សិក្សា​ជំនាញ​នេះ​នៅ​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា​៖ «​យើង​មានលទ្ធភាព​កសាង​គ្រឹះស្ថានសិក្សា ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​កូន​ខ្មែរ​។ ប៉ុន្តែ​កូន​ខ្មែរ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ខ្ពស់ និង​មុតស្រួច​ក្នុង​ការយក​ចំណេះដឹង​ទាំងនោះ​ទៅ​បម្រើ​ជាតិ​មាតុភូមិ​នៃ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ប្រកប​ដោយ​កេរ្តិ៍ឈ្មោះ​ល្បីរន្ទឺ​ពាសពេញ​ពិភពលោក​»​។

ដោយឡែក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​មក​នេះ​គឺជា​លើក​ទី​​១ ​ហើយ ដែល​កម្ពុជា​មាន​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរលើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន កម្រិត​បរិញ្ញាបត្រ​វិស្វករ ខណៈ​ពី​មុន​កម្ពុជា​តែងតែ​បញ្ជូន​និស្សិត​ទៅ​សិក្សា​ជំនាញ​នេះ​នៅក្រៅ​ប្រទេស​។

លោក​ថ្លែង​៖ «​ខ្ញុំ​សង្ឃឹមថា​ទៅ​ថ្ងៃមុខ​យើង​ច្បាស់​ជា​អាច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវដែក​ដោយ​ខ្លួនឯងបាន​»​។

លោក អ៊ុម រម្យណី នាយកវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​តិចណូ​) ថ្លែងថា មុខជំនាញ​នេះ​ជា​គ្រឹះ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធជាតិ​ដ៏សំខាន់ ពិសេស​គឺ​ការពង្រឹង​សមត្ថភាព និង​ច្បាប់​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ស្របពេល​ប្រទេស​កំពុងមាន​សម្ទុះ​អភិវឌ្ឍន៍​យ៉ាង​លឿន​។

លោក​ថ្លែងថា​៖ «​តាម​ខ្លឹមសារ​ក្នុង​អនុស្សរណៈ​នេះ​គឺ​យើង​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន​តាមរបៀប​កម្មវិធី​សញ្ញាបត្រ​ទ្វេ ដែល​នៅក្នុង​កម្មវិធី​នេះ ភាគី​សាលា​តិចណូ បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​កម្មវិធី​កូនកាត់​តាមរបៀប​បណ្ដុះបណ្ដាល​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ក្នុង​សហគមន៍​អឺរ៉ុប​ជប៉ុន និង​អាស៊ាន​»៕