The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិទ្យុ​អាស៊ី​សេរី អះអាង​ថា ជុន ច័នបុត្រ​នឹង​វិល​មក​កម្ពុជា​វិញ

វិទ្យុ​អាស៊ី​សេរី អះអាង​ថា ជុន ច័នបុត្រ​នឹង​វិល​មក​កម្ពុជា​វិញ

Content image - Phnom Penh Post
លោក ជុន​ ច័ន្ទ​បុត្រ​ នាយក​រង​វិទ្យុ​អាស៊ី​សេរី​ភាសាខ្មែរ​។ រូបថត ហ្វេសប៊ុក​

វិទ្យុ​អាស៊ី​សេរី អះអាង​ថា ជុន ច័នបុត្រ​នឹង​វិល​មក​កម្ពុជា​វិញ

លោក ជុន ច័ន្ទបុត្រ នាយករង​វិទ្យុ​អាស៊ី​សេរី ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ផ្លូវ​ច្បាប់​នៃ​ប្រទេស កម្ពុជា ដែល​បាន​ចាក​ចេញ​ពី​ក្នុង​ប្រទេស​នាពេល​ថ្មី​ៗ​នេះ​ទៅ​ប្រទេស ថៃ ត្រូវ​បាន​អះ​អាង​ថា នឹង​វិល​ត្រឡប់​ចូល​មក​វិញ​មុន​ថ្ងៃ​ទី ២ ខែ ឧសភា ដែល​ជា​ថ្ងៃ​តុលាការ​កំ​ណត់​​ឲ្យ​​លោក​ចូល​បំ​ភ្លឺ​ទាក់​​ទងការ​ចោទ​ថា បន្លំ​ខ្លួន​ចូល​ពន្ធនាព្រៃ​សរ។

យោង​តាម​វិទ្យុ​ អាស៊ី​សេរី ដែល​បាន​ផ្ញើរ​សារ​មក​កាន់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ក្នុង​លក្ខ​សុំមិន​បញ្ចេញ​ឈ្មោះ។

វិទ្យុ​អាស៊ី​សេរី​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​តាម​សារអេឡិច​ត្រូនិច​ថា៖ «បាទ! គាត់​ (ជុន​ ច័ន្ទ​បុត្រ​)​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ បាងកក (នៃ​ប្រទេស ថៃ ) សម្រាប់​ការងារ​ចុង​សប្តាហ៍ ហើយ​លោក​នឹង​ត្រឡប់​មក​ (ភ្នំពេញ) វិញ​មុន​ថ្ងៃ​ទី ២ ខែ​ឧសភា ​ដែល​តុលាការ​បាន​កោះ​ហៅ»។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា​ លោក ​ជុន ​ច័ន្ទ​បុត្រ​ បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស ថៃ កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​លោក​មិន​ដឹង​ថា​ទិស​ដៅ​បន្ទាប់​​របស់​គេ​ទៅ​ទី​ណា​ទេ។

លោក ខៀវ សុភ័គ ថ្លែង​ថា​៖​«បាទ​! តាម​តារាង​(យន្ត​ហោះ​) ចេញ​ គាត់​ចេញ​កាល​ពី​ថ្ងៃ​ទី ២៨​ ចេញ​ទៅ​ថៃ។ យើង​ដឹង​ត្រឹម​តែ​ថៃ​ទេ គាត់​​ប្រើ​ទិដ្ឋការ លិខិត​ឆ្លង​ដែន​អាមេរិកាំង មាន​ឈ្មោះ​ថា ឃីន វុទ្ធី...ហួត ឃីន វុទ្ធី»។

លោក ជិន ម៉ាលិន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ លោក ជុន​ ​ច័ន្ទ​បុត្រ​ អាច​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ដោយ​មិន​ប៉ះ​ពាល់​ដល់​នីតិវិធី​របស់​តុលាការ​ទេ​ដោយ​សារ​​តុលាការ​មិន​ទាន់​បាន​ហាម​ឃាត់​លោក​មិន​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា។

លោក ជិន ម៉ាលិន ថ្លែង​ថា៖«ឥឡូវ​យើង​មិន​ដឹង​គាត់​ទៅ​ទី​ណា​ទេ​ ប៉ុ​ន្តែ​គាត់​មាន​សិទ្ធិ​ពី​ព្រោះ​ដីកា​របស់​តុលា​ការ​មិន​បាន​ហាម​ឃាត់​គាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ឬ​ចាក​ចេញ​ទេ។ ប៉ុន្តែ​ថ្ងៃ​ទី ២ គាត់​ត្រូវ​តែ​បង្ហាញ​ខ្លួន​តាម​ដីកា​ក្នុង​នាម​ជន​សង្ស័យ។ បើ​សិន​គាត់​មិន​បង្ហាញ​ខ្លួន តុលាការ​នឹង​មាន​នីតិវិធី បន្ទាប់​អាស្រ័យ​លើ​លក្ខខណ្ឌ​និង​ច្បាប់។ តុលាការ​អាច​ចេញ​ដីកា​កោះ​ជា​លើក​ទី ២ ឬ​អាច​ចេញ​ដីកា​ឲ្យ​អាជ្ញាធរ​សាធារណៈ​នាំ​ខ្លួន​គាត់​មក​ចូល​រួម​ក្នុង​ដំណើរ​ការ​របស់​តុលាការ»។

លោក ម៉ាលិន បាន​ថ្លែង​ថា ក្នុង​ករណី​មិន​អាច​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ២ បាន​ទេ​ លោក​ ជុន​ ច័ន្ទ​បុត្រ​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារ តែ​ទោះ​យ៉ាង​ណា​អាស្រ័យ​លើ​តុលាការ​ទេ​ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ពន្យារ​ឬ​អត់​នោះ។

កាល​ពី​ថ្ងៃ​សុក្រ លោកស្រី មូរ សុខហួរ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​សាក្សី​ក្នុង​ករណី​លោក​ជុន ច័ន្ទបុត្រ ដែល​តុលា​ការ​បាន​ចោទ​ថា​លោក​ ​ជុន ​ច័ន្ទ​បុត្រ​ បាន​«​ផ្តល់​សេច​ក្តី​ប្រកាស​ដោយ​ភូត​កុហក បន្លំ​ខ្លួន​​ចូល​ពន្ធនាគារ»។

កាល​ពី ២ សប្តាហ៍​មុន តុលាការ​បាន​កោះ​ហៅ​លោក លោក ឡុង រី និង​លោក​ស្រី មូរ សុខ​ហួរ​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បំភ្លឺ​នៅ​តុលា​ការ​ក្នុង​នាម​សាក្សី ​ពាក់​ព័ន្ធ​នឹង​ការ​ចូល​សួរ​សុខ​ទុក្ខ​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពន្ធនាគារ​ព្រៃស ដែល​ក្នុង​ការ​ចូល​សួរ​សុខ​ទុក្ខ​នោះ ​មាន​វត្ត​មាន​របស់​លោក ជុន ច័ន្ទបុត្រ​ផង​ដែរ។

តុលាការ​បាន​ចោទ​លោក ជុន ច័ន្ទបុត្រ​ថា បាន​ផ្តល់​សេច​ក្តី​ប្រកាស​ភូត​កុហក​ដើម្បី​បាន​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន វិទ្យុ​អាស៊ីសេរី​បាន​ហៅ​ចំណាត់​ការ​របស់​តុលាការ​ថា​ជា​រឿង​ហួស​ហេតុ​ និង​ជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី៕

អត្ថបទគួរចាប់អារម្មណ៍