ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលអាចនឹងកើតមាននៅតាមតំបន់ប្រឈមមួយចំនួនតាមដងទន្លេមេគង្គ ទន្លេសាប ឬជំនន់ដោយ ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
វិធានការទាំងនេះត្រូវបានមន្ត្រីនៃអន្តរក្រសួងប្រជុំពិភាក្សារយៈពេល ១ ខែមុននឹងត្រូវដាក់ចេញក្នុងកិច្ចប្រជុំរៀបចំផែនការបម្រុងឆ្លើយតបនឹងគ្រោះមហន្តរាយ និងការប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ «វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ព្រីសឹម PRISM)» កាលចុងសប្តាហ៍មុន។
លោក គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងក្នុងពិធីនោះថាការរៀបចំផែនការឆ្លើយតបនឹងគ្រោះមហន្តរាយក៏ដូចជាគ្រោះទឹកជំនន់ក្នុងរដូវវស្សានេះគឺជារឿងចាំបាច់ និងត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរលើប្រជាពលរដ្ឋ។
ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយក៏ដូចជាគ្រោះទឹកជំនន់ នេះលោក គន់ គីម ប្រកាសដាក់ចេញនូវវិធានការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់ដោយក្នុងនោះរួមមាន «ការប្រកាសឱ្យដឹងមុនអំពីគ្រោះទឹកជំនន់ដែលនឹងកើតមានការត្រៀមកម្លាំងមធ្យោបាយ សម្ភារ ដើម្បីសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ការកាត់បន្ថយហានិភ័យឲ្យមានកម្រិតទាបបំផុត និងការចាត់វិធានការស្តារឡើងវិញក្រោយទឹកស្រក»។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រើប្រាស់ប្រព័ន្ធ «វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ព្រីសឹម PRISM)» គឺជាការស្នើដល់គ្រប់នាយកដ្ឋានពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវជួយពិនិត្យ និងផ្ដល់យោបល់ឲ្យបានទាន់ពេលវេលា។ លោកបន្តថាក្នុងនោះភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវសិក្សា និងឆ្លើយតបនូវផែនការរបស់ខ្លួនឲ្យបានទាន់ពេលវេលាទៅលើចំណុចជាក់ស្ដែងរបស់ពលរដ្ឋនៅមូលដ្ឋាន នៅពេលមានគ្រោះថ្នាក់ជាយថាហេតុ។
លោកថា៖ «រដូវភ្លៀងគឺចាប់ផ្តើមពីខែ ៦ ទៅដោយក្នុងពេលនេះ យើងមិនទាន់អាចព្យាករបានច្បាស់ទេថា ក្នុងអំឡុងរដូវវស្សានាឆ្នាំនេះមានលក្ខណៈកម្រិតណា? គ្រាន់តែយើងអាចវាយតម្លៃបានថាទឹកជំនន់អាចនឹងកើតមានខ្លាំងក្នុងចន្លោះខែ ៨ និងខែ ៩ ដែលយើងត្រូវមានការប្រុងប្រយ័ត្ន។ នៅតាមផែនការគឺត្រូវមានការត្រៀមទីតាំងជម្លៀស មធ្យោបាយជួយសង្គ្រោះ ជាពិសេសធនធានដែលត្រូវមាន ព្រោះបើទំហំប៉ះពាល់ប៉ុណ្ណឹងថ្នាក់ខេត្តត្រូវធ្វើម៉េច ហើយបើខ្ពស់ជាងនេះ ថ្នាក់ជាតិត្រូវធ្វើយ៉ាងម៉េច?»។
លោក ឃុន សុខា ឲ្យដឹងថា ការវាយតម្លៃរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏ដូចជាបាតុភាពទឹកជំនន់ដែលកើតមានរាល់ឆ្នាំ តំបន់ដែលប្រឈមអាចនឹងរងនូវផលប៉ះពាល់ទឹកជំនន់នេះ គឺភាគច្រើនតំបន់ជាប់ទន្លេមេគង្គ ទន្លេសាប ហើយមានផ្នែកខ្លះក៏អាចនឹងរងជំនន់ទឹកភ្ញៀងផងដែរ។
លោកក៏បានអះអាងដែរថា បើទោះជាពេលនេះស្ថានភាពទឹកនៅមានភាពល្អប្រសើរនៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែគណៈកម្មាធិការនៅបន្តតាមដាន និងឃ្លាំមើលជាប្រចាំ ដើម្បីប្រាកដថាអាចប្រកាសអាសន្នដល់ពលរដ្ឋបានទាន់ពេលវេលា។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមលើកឡើងថា កន្លងទៅ នៅពេលមានគ្រោះថ្នាក់មហន្តរាយដោយទឹកជំនន់ គឺប្រជាពលរដ្ឋនៅក្នុងតំបន់មិនសូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ។ បើក្នុងករណីខាងមុខនេះ ការរៀបចំផែនការដោយថ្នាក់ក្រោមជាតិ គ្មានការចុះពិនិត្យស្ថានភាពពីមន្ត្រីថ្នាក់ជាតិនោះ គឺបញ្ហាដដែលៗអាចនឹងបន្តកើតមានដដែល។
លោកថា៖ «ដោយសារតែកន្លងទៅមន្ត្រីថ្នាក់ក្រសួងហ្នឹងពឹងតែថ្នាក់ក្រោម ហើយមិនចុះទៅផ្ទាល់ ដើម្បីស្រង់របាយការណ៍ នៅពេលមានប្រជាពលរដ្ឋ កំពុងតែរងគ្រោះនោះទេ ហើយពឹងតែលើថ្នាក់ក្រោម ហើយវាមិនសូវមានប្រសិទ្ធភាព ព្រោះផែនការមិនស៊ីចង្វាក់គ្នាមានចំណុចចន្លោះប្រហោងដែលនាំឲ្យពលរដ្ឋទទួលរងគ្រោះដដែលៗ»។
លោកបន្តថា បើចង់កាត់បន្ថយ និងទប់ស្កាត់ហានិភ័យដែលកើតមានឡើងដោយគ្រោះទឹកជំនន់ អាជ្ញាធរត្រូវតែជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់ឲ្យបានទាន់ពេលវេលា និងត្រូវមានវិធានការជួយសង្គ្រោះឲ្យបានសមស្រប។ លោកថា បើវិធានការដែលដាក់ចេញអាចធ្វើបាន គ្រោះមហន្តរាយដោយទឹកជំនន់អាចនឹងដោះស្រាយបាន៕