ភ្នំពេញៈ វិបត្ដិ​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ និង​ការលំបាក​ដល់​គ្រូបង្រៀន និង​បុគ្គលិក​សិក្សា​ជាង​ ២០ ​ម៉ឺន​នាក់​នៅ​កម្ពុជា ដោយ​គ្រូបង្រៀន​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ការបង្រៀន​ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅលើ​ការបង្រៀន​បែប​ថ្មី​ (​ឌីជីថល​) ​ដើម្បី​ដើរ​ឱ្យទាន់​សភាពការណ៍​វិវត្តន៍​។

សេចក្ដី​ណែនាំ​ព័ត៌មាន​របស់​អង្គការ UNESCO សម្រាប់​ការប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​ ៥ ខែ តុលា ឆ្នាំ ២០២០ នេះ​ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាតវៃ ដើម្បី​ការអប់រំ​ឌីជីថល​» (Smart Teachers for Digital Education) បាន​បង្ហាញថា ជំងឺ​កូវីដ ១៩ បាន​បង្ក​ផលប៉ះពាល់​ដល់​អ្នកសិក្សា​ជិត​ ១,៦ ​ពាន់​លាន​នាក់​នៅ​គ្រប់​កម្រិតសិក្សា​ទាំងអស់​ហើយ​ ៦៣ ​លាន​នាក់​ទៀត​ នៅ​កម្រិត​បឋមសិក្សា​ និង​អនុវិទ្យាល័យ​នៃ​ប្រទេស​ចំនួន​ ១៩០ ទូទាំង​ពិភពលោក​។ ចំណែក​នៅក្នុង​ប្រទេស​កម្ពុជា បុគ្គលិក​សិក្សា​ប្រមាណ ១១៣ ០០០ នាក់ និង​គ្រូបង្រៀន ៩៣ ២២៥ នាក់​ បាន​រង​ផលប៉ះពាល់​ពី​វិបត្ដិ​កូវីដ​ ១៩ នេះ​ផងដែរ​។

អង្គការ UNESCO បង្ហាញថា​៖ «​ស្របតាម​ការអនុវត្ដ​របស់​ក្រសួង​អប់រំ​ដោយ​បាន​បិទ​សាលារៀន​ទាំងអស់​កាលពី​ថ្ងៃទី​ ១៦ ខែ​ មីនា ឆ្នាំ​ ២០២០ ក្រសួង​អប់រំ​កម្ពុជា​បាន​បន្ត​កម្មវិធីសិក្សា​ក្នុង​នោះ​គ្រូបង្រៀន​ជាច្រើន​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​នៃ​ការបង្រៀន​របស់ខ្លួន​ដើម្បី​ដើរ​ឱ្យទាន់​សភាព​ការវិវឌ្ឍ​។ តាមរយៈ​ពេលវេលា​ដ៏ខ្លី​គ្រូបង្រៀន គឺជា​អ្នក​នៅ​ជួរមុខ​ចំពោះ​វិស័យ​អប់រំ​គឺ​ត្រូវបាន​សម្រប​ខ្លួន​ទៅលើ​ការបង្រៀន​បែប​ថ្មី (​ឌីជីថល​)»​។

អង្គការ UNESCO បន្ដថា ចំពោះ​ការផ្លាស់ប្ដូរ​នៃ​ការបង្រៀន និង​ការរៀន ដូចជា​ការបង្រៀន និង​ការរៀន​ពី​ចម្ងាយ គ្រូបង្រៀន​ត្រូវ​បាន​រៀនសូត្រ​ពី​របៀប​ទាំងនេះ​ក្នុង​នោះ​គ្រូបង្រៀន​ក៏ត្រូវ​ចុះ​តាមដាន​ការសិក្សា​របស់​សិស្ស​ដោយ​ផ្ទាល់​ដល់ផ្ទះ​របស់​ពួកគេ ដើម្បី​ឱ្យ​ប្រាកដថា សិស្ស​គឺ​នៅ​បន្ត​ការសិក្សា​។

លោក ទិន ឆៃស្រេង គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​គោកបញ្ជាន់​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​បាន​លើកឡើងថា ក្នុងពេល​វិបត្ដិ​កូវីដ ​១៩ ក្រសួង​អប់រំ​បាន​បិទ​សាលារៀន​។ ការរៀន និង​ការបង្រៀន​គឺ​មាន​ការផ្លាស់ប្ដូរ​ទៅតាម​ការណែនាំ​ថ្មី​របស់​ក្រសួង​អបរំ​ក្នុង​នោះ​គឺ​សាលារៀន​ត្រូវយក​ឯកសារ​ដែល​ក្រសួង​ផ្ដល់​ឱ្យ​យក​ទៅ​ចែក​ដល់​សិស្ស​សម្រាប់​សិក្សា​ដោយ​ខ្លួនឯង​នៅឯ​ផ្ទះ​ជា​រៀងរាល់​សប្ដាហ៍​។ ចំណែក​គ្រូបង្រៀន​វិញ​គឺ​ធ្វើការ​តាមដាន​ការរៀន​របស់​សិស្ស​លើ​កិច្ចការងារ​សិក្សា​នៅផ្ទះ​នោះ​។

លោក​បន្ដថា​៖ «​យើង​ឱ្យ​សិស្ស​មក​យក​ឯកសារ​ទៅ​សិក្សា​នៅផ្ទះ​ជា​រៀងរាល់​ថ្ងៃ​សៅរ៍​នៅ​រៀងរាល់​សប្ដាហ៍​ក្នុង​នោះ​យើង​ក៏​ទទួល​យក​កិច្ចការងារ​ចាស់​ដែល​បាន​ឱ្យទៅ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកវិញ​ដើម្បី​ពិនិត្យ​ដែរ​។ យើង​មិនបាន​បង្រៀន​ដោយផ្ទាល់​ដល់​សិស្ស​ទេ ដូច្នេះ​សិស្ស​ក៏​មាន​ការលំបាក​ក្នុង​ការសិក្សា​ដែរ​»​។

លោក​ ឆៃស្រេង បាន​បញ្ជាក់ថា ការបើកប្រាក់​បៀវត្សរ៍​គោល​សម្រាប់​គ្រូបង្រៀន​ក្នុង​ពេល​វិបត្ដិ​កូវីដ​១៩​នេះ គឺ​មិនមាន​ការអាក់ខាន​ទេ គឺ​នៅតែ​បន្ត​បើក​ដោយ​ធម្មតា​។

ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ​បាន​ប្រកាស​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ ​តុលា ឆ្នាំ​ ២០២០ ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​» នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រយៈពេល​ ១ ​ថ្ងៃ ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ សមាគម​បុគ្គលិក​សិក្សា​ខ្មែរ សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា គ្រូបង្រៀន​គ្រប់​កម្រិត​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ ១២ ​ម៉ឺន​នាក់​។ ក្រសួង​អប់រំ​ផ្តោត​លើ​ការលើកកម្ពស់​គុណវុឌ្ឍិ និង​ជីវភាព​របស់​គ្រូបង្រៀន សម្រាប់​ចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​អប់រំ​ដូច​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣ ដែលមាន​បំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​មូលធន​មនុស្ស​សម្រាប់​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ ២០៥០​។

លោក​ថ្លែងថា​៖ «​ក្នុង​បរិការណ៍​នេះ គ្រូបង្រៀន​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការលើកកម្ពស់​គុណភាព​រៀន និង​បង្រៀន ជាពិសេស​ក្នុង​បរិបទ​កូវីដ​ ១៩ ដោយ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន និង​រៀន​បែប​ចម្រុះ និង​ឆ្លាស់​វេន​គ្នា​គឺ​ក្នុង​ថ្នាក់រៀន​ផង តាម​អនឡាញ​ផង និង​អមដោយ​ការប្រើប្រាស់​ក្រដាស​កិច្ចការ​ជំនួយ និង​សៀវភៅ​សិក្សា​គោល​»​។

លោក សុវាចា បានឱ្យដឹងថា ប្រាក់ខែ​គ្រូបង្រៀន​នៅ​ឆ្នាំ​ ២០១៥ គឺ​ចន្លោះ​ជាង ៥ ​សែន​រៀល ដល់​ ១ ​លាន ២ សែន​រៀល​។ ចំណែក​ប្រាក់ខែ​គ្រូបង្រៀន​នៅ​ឆ្នាំ​ ២០២០ គឺ​ចន្លោះ ១ លាន ២ ​សែន​រៀល ដល់ ២ ​លាន ១ សែន​រៀល​។

លោក​បន្តថា​៖ «​ក្រសួង​អប់រំ សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កម្រង​ភារកិច្ច​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​មនសិការ​ស្នេហា​ជាតិ​។ ឧបការគុណ​នេះ​ជា​ការចូលរួម​ចំណែក​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​គុណភាព​មូលធន​មនុស្ស​កម្ពុជា​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បន្ត​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​ឱ្យ​យក​ចិត្ដ​ទុកដាក់​ដល់​ជីវភាព និង​ការរស់នៅ​របស់​គ្រូបង្រៀន​ដោយ​កុំ​បណ្ដោយ​ឱ្យ​គ្រូបង្រៀន​ទៅ​បង្កើត​មុខរបរ​ថ្មី​ក្នុង​ពេល​មាន​អាជីព​ជា​គ្រូបង្រៀន​។

លោកស្រី​បន្តថា​៖ «​រដ្ឋាភិបាល​គួរ​គិតគូរ​ធ្វើយ៉ាងណា​បន្ត​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​គ្រូបង្រៀន​ឱ្យបាន​ចំនួន ២ ​លាន​រៀល​ដូចគ្នា ព្រោះ​បច្ចុប្បន្ន​គ្រូបង្រៀន​ខ្លះ​មិនទាន់​បាន​ប្រាក់ខែ​ដល់ ២ ​លាន​រៀល​ទេ​។ យើង​ក៏​ចង់ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បើកទូលាយ​ថែមទៀត​ចំពោះ​ការបង្រៀន​របស់​គ្រូ កុំឱ្យ​មាន​ការរឹតត្បិត ពិសេស​ចំពោះ​ការបង្រៀន​ផ្នែក​ប្រវត្ដិសាស្ដ្រ​របស់​ខ្មែរ ដើម្បី​អាចឱ្យ​សិស្ស​បាន​ស្គាល់​ពី​ប្រវត្ដិ​របស់​ខ្លួន​»៕

វីដេអូ៖