The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិវាទ​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ ១០ ​គ្រួសារ​​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ត្រូវបាន​ដោះស្រាយ




វិវាទ​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ ១០ ​គ្រួសារ​​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ត្រូវបាន​ដោះស្រាយ

Content image - Phnom Penh Post
លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា ១៥ ​ឆ្នាំ​នៃ​ទំនាស់​នេះ​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​ស្ងប់​អារម្មណ៍​សម្រាប់​ភាគី​ជម្លោះ​ទាំងសងខាង និង​ខាតបង់​ពេលវេលា​បាត់បង់​ឱកាស​ប្រើប្រាស់​ដីធ្លី​របស់ខ្លួន​ឱ្យអស់​សក្តានុពល​។ រដ្ឋបាល ស្រុក​បន្ទាយស្រី

វិវាទ​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ ១០ ​គ្រួសារ​​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ត្រូវបាន​ដោះស្រាយ

សៀមរាបៈ វិវាទ​ដីធ្លី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ១០ ​គ្រួសារ​ដែល​អូសបន្លាយ​អស់​ពេល​ជាង​ ១៥ ​ឆ្នាំ​ត្រូវ​បាន​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ដោះស្រាយ​បញ្ចប់​ដោយ​ភាគី​វិវាទ​បាន​ជ្រើស​យក​ការ​ចាប់ដៃគ្នា​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក និង​ផ្ដិត​មេដាយ​បញ្ចប់​វិវាទ​ចំពោះមុខ​រដ្ឋបាល​ស្រុក​កាលពី​ថ្ងៃទី​ ១៩ ខែមករា​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា ១៥ ​ឆ្នាំ​នៃ​ទំនាស់​នេះ​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​ស្ងប់​អារម្មណ៍​សម្រាប់​ភាគី​ជម្លោះ​ទាំងសងខាង និង​ខាតបង់​ពេលវេលា​បាត់បង់​ឱកាស​ប្រើប្រាស់​ដីធ្លី​របស់ខ្លួន​ឱ្យអស់​សក្តានុពល​។ សូម្បីតែ​អាជ្ញាធរ​ក៏​ជាប់រវល់​ដោះស្រាយ និង​ខាតបង់​ពេលវេលា​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​មិនតិច​ដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​ករណីនេះ​នឹងធ្វើ​ឱ្យ​ករណី​វិវាទ​ដទៃទៀត មាន​ការបន្ទន់ឥរិយាបថ​ និង​ព្រម​ទទួលយក​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ប្រឹង​ប្រែង​ស្វែងរក​ជូន​។ ព្រោះ​ករណី​វិវាទ​ដីធ្លី​កើតឡើង​ភាគច្រើន​ជា​ដី​ដែល​ប្រជាពលរដ្ឋ​មកកាន់​កាប់​យូរ​ឆ្នាំ​នៅលើ​ដី​គម្រប​ព្រៃឈើ ហើយ​មាន​លិខិតបញ្ជាក់​ពី​ភូមិ ឃុំ ជាន់គ្នា​»​។

លោក ហ្វីណង់ ថ្លែងថា ក្នុង​ឆ្នាំ​ ២០២១ ​នេះ​រដ្ឋបាល​ស្រុក​នឹង​បើក​យុទ្ធនាការ​ដោះស្រាយ​បញ្ចប់ ឬ​បញ្ជូន​បន្តទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​នូវ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​សរុប​ជាង ​១០០ ​ករណី​ដែល​បាន​នៅ​កកស្ទះ​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ការធ្វើ​យុទ្ធនាការ​នេះ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​ការចុះបញ្ជី​ជា​ប្រព័ន្ធ ដែល​នឹង​ធានា​ភាពរឹងមាំ​ច្បាស់លាស់ និង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​ដែល​មាន​ការការពារ​ដោយ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​ជូនដល់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ដីធ្លី​របស់ខ្លួន​ជា​ទ្រព្យ​ដ៏មាន​តម្លៃ​ឱ្យអស់​សក្តានុពល​។

បញ្ហា​វិវាទ​ដីធ្លី​នៅតែ​ជា​បញ្ហា​ប្រឈម​ធំជាងគេ​មួយ ដែល​បង្ក​ផលវិបាក​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ខាតបង់​ឱកាស និង​ពេលវេលា ទាំង​សម្រាប់​ប្រជាពលរដ្ឋ និង​រដ្ឋបាល​មូលដ្ឋាន​ផ្ទាល់​ផងដែរ​។ ភាពមិនប្រក្រតី​នៃ​ការកាន់កាប់​ដី​គម្រប​ព្រៃឈើ ភាពមិន​ច្បាស់លាស់​នៃ​ព្រំប្រទល់​ដី​ដែល​មិនទាន់​ចុះបញ្ជី ការលក់​បន្ត​គ្នា​ពីមួយ​ទៅ​មួយ ការត្រួត​ជាន់គ្នា​នៃ​ឯកសារ​ដីធ្លី និង​ការអូសបន្លាយ​រ៉ាំរ៉ៃ​មកជា​ច្រើន​ឆ្នាំ​សុទ្ធសឹង​តែ​ជា​ហេតុផល​ចម្បង​ដែល​ធ្វើឱ្យ​ការស្រាវជ្រាវ​រក​ឯកសារ សាវតារ និង​ការដោះស្រាយ​វិវាទ​ដីធ្លី ជួប​ឧបសគ្គ​ច្រើន ហើយ​ត្រូវការ​ប្រើពេល​យូរ មុននឹង​អាចធ្វើ​ការវិនិច្ឆ័យ​ ឬ​សន្និដ្ឋានបាន​។

លោក សួស ណារិន មន្ដ្រី​អង្កេត​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​សៀមរាប​បាន​ឲ្យ​ដឹងថា​ករណី​វិវាទ​ដីធ្លី​ធំៗ​ភាគច្រើន​ដែល​កើតឡើង​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ ឬ​អ្នកមានអំណាច លោក​អភិបាលស្រុក​ដោះស្រាយ​ហាក់បី​ដូចជា​នៅ​ស្ទាក់ស្ទើរ​មិនទាន់​អស់​សមត្ថភាព​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍