ភ្នំពេញៈ រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​ ៤៥ ​ថ្មី​ (​ស្ទួន​) ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដោយ​សំឡេង​ឯកច្ឆន្ទ​ដែល​ច្បាប់​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាច​ដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី​ហើយ​នាយករដ្ឋមន្ត្រី​ដាក់​សំណើ​នេះ​បន្ត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ដក​បម្រាម​នយោបាយ​ពី​អ្នក​នយោបាយ​ណា​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​មិន​ឲ្យ​ធ្វើ​នយោបាយ​។

មិន​ខុស​ពី​ការរំពឹង​ទុក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ១១៥ រូប​ដែល​មាន​វត្តមាន​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ដែល​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន បាន​ពិភាក្សា​ដេញដោល និង​អនុម័ត​ដោយ​មិនមាន​សំឡេង​ជំទាស់​។ បច្ចុប្បន្ន​គណបក្ស​ប្រជាជន​ដែល​ទទួល​បាន​ជ័យជម្នះ​ «​ភ្លូកទឹក​ភ្លូកដី​» ​ក្នុង​ការ​បោះឆ្នោតជាតិ​កាលពី​ខែ​កក្កដា​ឈ្នះ​អាសនៈ​ទាំង​ ១២៥ នៅ​រដ្ឋសភា​។ ក្នុង​អង្គសភា​ពី​ម្សិលមិញ​មិន​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ទេ​។

នេះ​មិនមែន​ជា​វិសោធនកម្ម​លើក​ទី​ ១ ​នោះ​ទេ​។ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​ ១៩៩៧ ​មក​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ ២ ​លើក​រួច​មក​ហើយ​គឺ​លើក​ទី​ ១ ​នៅ​ថ្ងៃទី​ ៧ ខែ​មីនា ឆ្នាំ​ ២០១៧ និង​លើក​ទី​ ២ នៅ​ថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ​ ២០១៧ ដដែល​។ រដ្ឋសភា​អះអាង​ថា​វិសោធនកម្ម​កន្លង​មក​គឺ​ធ្វើ​ឡើង​ដើម្បី​ «​ពង្រឹង​តួនាទី និង​ការទទួល​ខុសត្រូវ​របស់​គណបក្ស​នយោបាយ​ស្រប​តាម​ការវិវឌ្ឍ​របស់​សង្គម​កម្ពុជា​»​។

មាត្រា​ ៤៥ ​ថ្មី​ (​ស្នួន​) ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ម្សិលមិញ​ចែង​ថា​៖ «​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់ ការធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា​មួយ គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ»​។ មាត្រា​នេះ​មាន​ខ្លឹមសារ​បន្ថែម​ថា​៖ «​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​»​។

មុន​ច្បាប់​ត្រូវ​បាន​អនុម័ត​តំណាងរាស្ត្រ​មួយ​ចំនួន​បាន​ឡើង​មាន​យោបល់​ម្ដងម្នាក់ៗ ហើយ​បាន​សម្តែង​ការគាំទ្រ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។ លោក​ ម៉ុក ម៉ារ៉េត ដែល​ជា​តំណាងរាស្ត្រ​ថ្លែង​ថា​វិសោធនកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​។

លោក ហេង សំរិន (​កណ្តាល​) នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​។ផា លីណា

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាទ​សូម​សម្តែង​នូវ​ការគាំទ្រ​ទាំងស្រុង​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​ ៤៥ ​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។ ការធ្វើ​វិសោធនកម្ម​នេះ​គឺ​ស្រប​ទៅ​តាម​ការវិវឌ្ឍ​នៃ​សង្គម​កម្ពុជា​របស់​យើង ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ក៏​ធានា​បាន​ការពង្រឹង​សន្តិសុខ​ជាតិ ឯករាជភាព និង​អធិបតេយ្យ​ជាតិ​ដែល​ជា​ចំណុច​សំខាន់​»​។

លោក​បន្ថែម​ថា​៖ «​វិសោធនកម្ម​នេះ​សំដៅ​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ចំពោះ​អ្នកនយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់ ការធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​ក៏​មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ប្រឆាំង​នឹង​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូចជា​គោលការណ៍​នីតិរដ្ឋ​»​។

ជាមួយ​គ្នា​នេះ​លោក​ ជាម យៀប សមាជិក​សភា និង​ជា​តំណាង​ក្រុម​តំណាង​រាស្ត្រ​ហត្ថលេខី​ទាំង ៨៧ រូប​ដែល​បាន​លើក​សំណើ​វិសោធនកម្ម​ច្បាប់​នេះ​បាន​ប្រាប់​អង្គសភា​ថា ការផ្តួចផ្តើម​ធ្វើ​ច្បាប់​នេះ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​ខ្ញុំ​សូម​បដិសេធ​នូវ​មជ្ឈដ្ឋាន​ខ្លះ​ដែល​បាន​លើក​ឡើង​ថា​ការរៀបចំ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​គឺ​មាន​សម្ពាធ​ពី​បរទេស ប៉ុន្តែ​តាម​ការពិត​ការរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នាពេល​នេះ គឺជា​ស្មារតី​នៃ​ការបង្រួបបង្រួម​ជាតិ ការសន្តោស​ប្រណី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​និច្ចកាល​គោរព​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​»​។

លោក​បន្ថែម​ថា​ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នាពេល​នេះ​គឺ​ដើម្បី​ពង្រឹង​តួនាទី និង​ការទទួល​ខុសត្រូវ​របស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ស្រប​តាម​សភាពការណ៍​វិវឌ្ឍ​ជាក់ស្ដែង​របស់​សង្គម​កម្ពុជា​ការអនុវត្ត​ឥត​ងាករេ​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ស្រប​តាម​ឧត្តមនិវត្តភាព​អន្តរជាតិ ព្រម​ទាំង​ពង្រឹង​សន្តិសុខ​ជាតិ ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ចំណែកឯ​មូលហេតុ​នៃ​ការធ្វើ​វិសោធនកម្ម​ជា​លើក​ទី​ ៣ នៃ​ច្បាប់​ស្ដីពី​គណក្ស​នយោបាយ​នាពេល​នេះ​គឺ​ដើម្បី​ធានា​ភាព​ច្បាស់លាស់​របស់​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​សម្រេច​ហាមឃាត់ ការធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ដោយ​នៅ​ជា​ធរមាន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ​ដើម្បី​លើក​កម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅ​កម្ពុជា​»​។

ទោះ​យ៉ាង​ណា​លោក ​មាស នី អ្នកវិភាគ​នយោបាយ​យល់​ថា​ការកែ​ច្បាប់​ដើម្បី​ឲ្យ​អ្នក​នយោបាយ​អាច​មាន​លទ្ធភាព​ចូល​ធ្វើ​នយោបាយ​ឡើងវិញ​គឺជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្តែ​ថា​ការកែប្រែ​ច្បាប់​ញឹកញាប់​ពេក​ក៏​មិនមែន​ជា​រឿង​ល្អ​ទាំង​ស្រុង​ដែរ​។

លោក​ថ្លែង​ថា​៖ «​បើ​នៅ​បន្ត​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​គិត​ថា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​លែង​មាន​អ្វី​ទៀងទាត់ ព្រោះ​ច្បាប់​ត្រូវ​បាន​កែតម្រូវ​ទៅ​តាម​អ្វី​ដែល​ជា​មនោសញ្ចេតនា ឬ​អារម្មណ៍​របស់​អ្នក​នយោបាយ​។ ការកែប្រែ​ច្បាប់​ញឹកញាប់​ពេក​ពេល​ខ្លះ​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​លែង​មាន​តម្លៃ វា​បាត់បង់​គុណតម្លៃ​អ្វី​ទៅ​ជា​ច្បាប់​»​។ លោក​បន្ថែម​ថា​សម្រាប់​មហាជន​ក៏​នៅ​តែ​មើល​ឃើញ​ថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ទំនង​មិន​ទាន់​បាន​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ចុះ​សម្រុង​ខាង​នយោបាយ​ទាំងស្រុង​បាន​នៅ​ឡើយ​។

លោក ​ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពី​ម្សិលមិញ​បាន​សម្តែង​ការពេញចិត្ត​នឹង​វិសោធនកម្ម​ច្បាប់​ស្ដី​នេះ​។ លោក​ថ្លែង​ថា​៖ «​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​គឺជា​ការងារ​មួយ​ដើម្បី​ផលប្រយោជន៍​ជា​សកល​សម្រាប់ អនុគ្រោះ​ ឬ​ការរក្សា​សកម្មភាព​នយោបាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ឲ្យ​ធ្វើ​នយោបាយ បន្ទាប់ពី​វិនិច្ឆ័យ​ជា​ស្ថាពរ​ពី​តុលាការ​។ វិសោធនកម្ម​មិនមែន​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​នោះ​ទេ​»៕