ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​បញ្ជូន​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ទទួល​បាន​ការគាំទ្រ​ពី​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ស្រប​ពេល​ដែល​កិច្ចពិភាក្សា​បាន​ចប់​សព្វ​គ្រប់ ១០០ ​ភាគរយ​។

ការអះអាង​យ៉ាង​ដូច្នេះ​គឺ​បន្ទាប់ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដឹកនាំ​ដោយ​លោក ស្រូយ ខេត ប្រធាន​ប្តូរ​វេន និង​ជា​ប្រធាន​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ជួប​ពិគ្រោះ​ពិភាក្សា​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​នេះ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​នឹង​​ប្រតិភូ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង​។

លោក ហេង សួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជា​​រួម​គឺ​ឧត្តម​ក្រុមប្រឹក្សា និង​ផ្តល់​យោបល់​បាន​គាំទ្រ និង​ស្វាគមន៍​ចំពោះ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​សហជីព​នេះ​។

ប៉ុន្តែ​លោក​ថា​​ មាន​សំណើ​មួយ​ចំនួន​ត្រូវ​បាន​ព្រមព្រៀង​ដកចេញ​វិញ ដោយសារ​ធ្វើឲ្យ​ប៉ះពាល់​ដល់​លម្ហ​នៃ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ចំណែក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ទទួល​យក​។ ដូច្នេះ​បន្ទាប់ពី​ទទួល​បាន​ការពិភាក្សា​ក្នុង​ដំណាក់កាល​ទ្វេភាគី និង​​ត្រីភាគី​ចប់​រួចរាល់​ដោយ​ការដាក់​​បញ្ចូល​នូវ​ធាតុ​ចូល​ជាច្រើន​ផង​នោះ​ច្បាប់​នេះ​នឹង​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឆាប់ៗ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ក្រោយពី​មាន​ការពិភាក្សា និង​គាំទ្រ​ពី​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង​ទទួល​បាន​អនុសាសន៍​ផ្សេងៗ​ទៀត​គឺ​ក្រសួង​នឹង​លើក​ជា​សំណើ​នេះ​ដើម្បី​ធ្វើ​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​នៅក្នុង​ពេលវេលា​ណាមួយ​ឆាប់ៗ​នេះ​»​។

តាម​ការអះអាង​របស់​ក្រសួង​​ការងារ​គោលដៅ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​នេះ​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុម​និយោជក និង​កម្មករ​និយោជិត​រួម​ទាំង​ធានា​នូវ​សិទ្ធិ​ និង​តួនាទី​​របស់​សហជីព​នានា​ផងដែរ​។

ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​ចំនួន​ ១០ ​​មាត្រា​ដូចជា មាត្រា​ ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​ ២១ មាត្រា​ ២៧ មាត្រា​ ២៨ មាត្រា​ ២៩ ​មាត្រា​ ៥៤ ​និង​មាត្រា​ ៥៩ ដែល​ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​របស់​កម្មករ និង​សហជីព​ក្នុង​ការចូលរួម​ធ្វើ​បាតុកម្ម​។

បើ​តាម​ក្រសួង​ការងារ គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ ​នេះ​អង្គការ​វិជ្ជាជីវៈ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​មាន​ចំនួន ៤ ៩៤៩ ក្នុងនោះ​សហជីព​មូលដ្ឋាន​មាន​ចំនួន ៤ ៧២២ សហព័ន្ធ​សហជីព​មាន​ចំនួន ១៨៩ សហភាព​សហជីព​មាន​ចំនួន​ ២៩ និង​សមាគម​និយោជក​មាន​ចំនួន ៩​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែល​បាន​ចូលរួម​ពិនិត្យ​សេចក្តី​ព្រាងច្បាប់​នេះ បាន​ស្វាគមន៍​ចំពោះ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​នេះ បើ​ទោះជា​មិន​បាន​ដាក់បញ្ចូល​នូវ​សំណើ​មួយ​ចំនួន​របស់​ឧត្តម​ក្រុមប្រឹក្សា​ក៏ដោយ​។ តែ​លោក​ថា​លោក​នឹង​រង់ចាំ​តាមដាន​ការអនុវត្ត​ច្បាប់​បន្ថែម​នៅពេល​ចូល​ជា​ធរមាន​។

លោក​ថា​៖ «​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ចំណុច​ល្អ និង​កែប្រែ​បាន​ល្អ​ច្រើន ហើយ​សម្រាប់​​គណបក្ស​ខ្មែរ​ក្រោក​ក៏បាន​ឯកភាព​ជា​គោលការណ៍ ដូច​ប្រធាន​ប្តូរវេន​ដែរ​។ ច្បាប់​ល្អ​ហើយ​សំខាន់ តើ​ការអនុវត្ត​បែបណា​? ​ដូច្នេះ​យើង​នឹង​តាមដាន​បន្តទៀត​លើ​ការអនុវត្ត​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បើ​ទោះ​ជា​ក្រសួង​បាន​ទទួល​យក​នូវ​ចំណុច​មួយ​ចំនួន​របស់​សហជីព​ទៅ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​វិសោនកម្ម​ច្បាប់​ក្ដី ប៉ុន្តែ​ភាគរយ​នៃ​ការទទួល​យក​មតិយោបល់​ដែល​សហជីព​បានស្នើ​ឡើង​នៅ​តិច​បំផុត​។ ដូច្នេះ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​រដ្ឋសភា​គួរ​ពិចារណា​ដាក់​បញ្ចូល​មតិយោបល់​របស់​សហជីព​ទៅក្នុង​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​សហជីព​នេះ​​បន្ថែម​ទៀត​។

លោក​ថា​៖ «​ការកែ​ហ្នឹង វា​មាន​ចំណុច​ល្អ​ខ្លះៗ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ច្បាប់​នេះ វា​អាក្រក់​ជាង​មុន​ទេ​។ ប៉ុន្តែ​ការស្នើ​របស់​សហជីព​ហ្នឹង​ច្រើន​ទៅ​លើ​ ១០ មាត្រា​ហ្នឹង​ផង ទាំង​មាត្រា​ផ្សេង​ទៀត​ហើយ​ខាង​ក្រសួង​ក៏​មិនមាន​ការកែ​ច្រើន​ដែរ​តាម​អ្វីដែល​សហជីព​ចង់​បាន​នោះ​គឺ​តិចតួច​ប៉ុណ្ណោះ​»​។

ទន្ទឹម​នឹង​ការធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​សហជីព​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី​ ៨ ​នៃ​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា​ផងដែរ ដើម្បី​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​ដល់​​និយោជិត​៕