ភ្នំពេញៈ បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា និងពិភពលោករងផលប៉ះពាល់ខ្លាំងពីវិបត្ដិកូវីដ ១៩ ស្របពេលនេះវិស័យទេសចរណ៍ជនបទបានចូលរួមទប់ស្កាត់ចំណាកស្រុករបស់ពលរដ្ឋ តាមរយៈការបង្កើតការងារ ការអភិរក្ស និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងទំនៀមទម្លាប់ប្រពៃណី ការពារ ថែរក្សាធនធានធម្មជាតិនៅកម្ពុជា នេះបើតាមប្រមុខរដ្ឋាភិបាល។
ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ពីម្សិលមិញ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ថ្លែងថា វិបត្តិកូវីដ ១៩ ធ្វើឲ្យមានការផ្លាស់ប្តូរ ចំណង់ចំណូលចិត្តរបស់ទេសចរឲ្យងាកទៅរកការដើរកម្សាន្ត តាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែខ្លាំងឡើង។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «វិស័យទេសចរណ៍ជនបទបានចូលរួមទប់ស្កាត់ចំណាកស្រុកតាមរយៈការបង្កើតការងារការអភិរក្ស និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និង ទំនៀមទម្លាប់ប្រពៃណី ការពារ និង ថែរក្សាធនធានធម្មជាតិ ព្រមទាំង នាំមកនូវនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន»។
ប្រមុខដឹកនាំលើកឡើងទៀតថា ការចាប់ផ្តើមឡើងវិញនៃការធ្វើដំណើរកម្សាន្តក្នុងស្រុកតាមបណ្តាគោលដៅទេសចរណ៍នានា ពេញផ្ទៃប្រទេស ដោយតម្កល់សុវត្ថិភាព និងសុខភាពសាធារណៈជាអាទិភាព ជាឱកាសនៃការស្តារវិស័យសេដ្ឋកិច្ចជាតិឡើងវិញ។ ដូចនេះអាជ្ញាធរពាក់ព័ន្ធនានាត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្តម្ភយុទ្ធសាស្ត្រមួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលត្រូវមានផែនការអភិវឌ្ឍន៍ជាក់លាក់ស្របតាមសក្តានុពលទេសចរណ៍នៃតំបន់នីមួយៗ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋានក្នុងទម្រង់ភាពជាដៃគូរដ្ឋឯកជនប្រជាជន។
លោកនាយករដ្ឋមន្ត្រីក៏បានសាទរចំពោះវិស័យទេសចរណ៍ឆ្នាំ ២០១៩ កន្លងទៅដែលពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ត្រូវជា ១០% នៃការងារសរុប។ បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។
បើតាមលោកនាយករដ្ឋមន្ត្រី វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ ម៉ឺននាក់ឆ្នាំ ១៩៩៨ រហូតដល់ ៦,៦ លាននាក់ នៅឆ្នាំ ២០១៩។ បានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។ ចាប់ពីដើមឆ្នាំ ២០២០ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោកបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផងដែរ។
តាមលោកនាយករដ្ឋមន្ដ្រីដដែលនាអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរកន្លងទៅពលរដ្ឋក្នុងប្រទេសប្រមាណ ១,៥ លាននាក់ បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា និងចូលរួមបង្កើតចំណូលដល់មូលដ្ឋានយ៉ាងតិច ១០០ លានដុល្លារអាមេរិក។
លោកថ្លែងថា ការបើកទេសចរណ៍ក្នុងស្រុកប្រកបដោយការទទួលខុសត្រូវនេះ ទទួលបានការកោតសរសើរពីអង្គការទេសចរណ៍ពិភពលោក (UNWTO) ផងដែរ។ ដោយឡែកកាលពីថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ពលរដ្ឋកម្ពុជាក៏បានធ្វើដំណើរកម្សាន្ត ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យ និងសុខភាព គួរជាទីពេញចិត្តផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាថ្ងៃទី ២៥ កញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ ១៩ សម្រាប់ឆ្នាំ ២០២០-២០២៥។ លោកថ្លែងថា៖ «តាមរយៈផែនការនេះក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងចាប់យកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ៧ លាននាក់ និងធ្វើឲ្យប្រសើរឡើងវិញពីការចូលរួមរបស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ច និងសង្គម។
លោករដ្ឋមន្ដ្រីថ្លែងថា តាមរយៈផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ដាក់ចេញវិធានគោលនយោបាយអន្តរាគមន៍ក្នុងរយៈពេលខ្លី មធ្យម និងវែងជា ៣ ដំណាក់កាលសំខាន់ៗ។ គោលនយោបាយនោះរួមមាន ទី ១ ដំណាក់កាលទី ១ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (ឆមាស ទី ២ ឆ្នាំ ២០២០ ដល់ឆមាសទី ១ ឆ្នាំ ២០២១)។ ទី ២ ដំណាក់កាលទី ២ ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (ឆមាសទី ២ ឆ្នាំ ២០២១-២០២២)។ ទី ៣ ដំណាក់កាលទី ៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៣-២០២៥)៕