វីង​លើកទឹកចិត្ត​ភ្នាក់ងារ និង​សហគមន៍​របស់ខ្លួន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការប្រុងប្រយ័ត្ន​ចំពោះ​កូវីដ ​១៩ ​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ!

នៅពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​ប្រឈម​នឹង​បញ្ហា​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ធនាគារ​ឯកទេស​វីង​ (​ខេមបូឌា​) លីមីតធីត បាន​បង្កើន​វិធានការ​ប្រុងប្រយ័ត្ន​នៅ​តាម​ភ្នាក់ងារ​វីង​ទូទាំង​ប្រទេស​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​របស់​យើង​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ថា​ពួកគេ​អនុវត្ត​វិធានការ​ដើម្បី​ការពារ​ពី​ការឆ្លង​ជំងឺ​នេះ​។ ឥឡូវនេះ​យើង​ក៏បាន​សម្រេចចិត្ត​ចាត់​វិធានការ​ផ្សេង​បន្ថែមទៀត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ភ្នាក់ងារ និង​សហគមន៍​របស់​យើង​»​។

អតិថិជន​របស់​វីង​នឹង​ឃើញ​នូវ​សញ្ញា​ដើម្បី​ធានាបាន​នូវ​គម្លាត​សុវត្ថិភាព​នៅពេល​រង់ចាំ មាន​អាល់កុល​​ ឬ​ជែល​លាងដៃ និង​បណ្ណ​ព័ត៌មាន​ដែល​ជំរុញ​ឱ្យ​សាធារណជន​ធ្វើតាម​វិធី​បង្ការ​កូវីដ ​១៩ រួមមាន​៖ ​ការពាក់​ម៉ាស់ និង​ទៅពិនិត្យ​សុខភាព​ប្រសិនបើ​ពួកគេ​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​។ ភ្នាក់ងារ​វីង​ក៏​តម្រូវឱ្យ​ពាក់​ម៉ាស់ និង​ផ្តល់ជូន​អតិថិជន​នូវ​អាល់កុល ឬ​ជែល​លាងដៃ​ផងដែរ​។

លោកស្រី វឿន ម៉ារីណា ភ្នាក់ងារ​វីង​នៅ​ខេត្តកណ្តាល​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់ និង​ប្រកាន់​យក​ការរក្សា​គម្លាត​សង្គម​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ទីតាំង​របស់ខ្ញុំ​។ នៅពេល​មាន​អតិថិជន​ច្រើន​នៅទីនេះ ខ្ញុំ​លើក​ទឹកចិត្ត​ពួកគ​ឱ្យ​តម្រង់​ជួរ និង​ធ្វើតាម​ស្លាក​សុវត្ថិភាព​។ ខ្ញុំ​ក៏​រក្សា​ទីតាំង​របស់​ខ្ញុំ​ឱ្យ​ស្អាត និង​ផ្តល់​ឱ្យ​អតិថិជន​នូវ​អាល់កុល​លាងដៃ​ផងដែរ​»​។

វីង​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ចាប់​តាំងពី​ខែមីនា ឆ្នាំ​ ២០២០ ដើម្បី​ជំរុញ​ការយល់ដឹង​អំពី​កូវីដ​ ១៩​។ ទាំងនេះ​រួមបញ្ចូល​ការផ្សព្វផ្សាយ​អំពី​ការយល់ដឹង​នៃ​គម្លាត​សុវត្ថិភាព និង​វិធានការ​ផ្សេងៗ​ទៀត​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​។

ក្រុមហ៊ុន​ក៏បាន​បើក​កម្មវិធី​ជជែក​នៅលើ​ទំព័រ​ហ្វេសប៊ុក ដើម្បី​ចែករំលែក​ព័ត៌មាន​ឥតគិតថ្លៃ និង​គួរឱ្យ​ទុកចិត្ត​ដល់​សាធារណជន​។

លោក ស្រ៊ុន ឈាងស្រេង នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ​ឯកទេស វីង មាន​ប្រសាសន៍​ថា​៖ «​សុវត្ថិភាព​របស់​ភ្នាក់ងារ អតិថិជន និង​សហគមន៍​គឺជា​អាទិភាព​ចម្បង​របស់​យើង​។ យើង​តែងតែ​ផ្តល់ព័ត៌មាន​ថ្មីៗ​អំពី​កូវីដ​១៩​ដល់​ភ្នាក់ងារ​របស់​យើង ហើយ​ទៅ​ជួប​ពួកគេ​ជា​ទៀងទាត់ ដើម្បី​ធានាថា​ពួកគេ​កំពុង​អនុវត្ត វិធានការ​សុវត្ថិភាព​នានា​។ បុគ្គលិក​វីង​ទាំងអស់​ក៏​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ របាំងមុខ ស្រោមដៃ លាងដៃ​នឹង​អាកុល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​នៅពេល​ទៅ​ជួប​ភ្នាក់ងារ​ផងដែរ​»​។

លោក សរ សាន្តភិរម្យ ដែល​ជា​អតិថិជន​វីង​ម្នាក់​នៅ​ខេត្តតាកែវ​បានឱ្យ​ដឹងថា គាត់​ពិតជា​កោតសរសើរ​ការប្តេជ្ញាចិត្ត​របស់​វីង​ចំពោះ​សុវត្ថិភាព​អតិថិជន​តាមរយៈ​ការបង្កើត​នូវ​ការណែនាំ​នានា​។

«​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ពេល​ទៅ​ភ្នាក់ងារ​វីង ព្រោះ​វា​មាន​ទីតាំង​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា ក្រុមហ៊ុន​បាន​គូស​ខ្សែបន្ទាត់​នៅលើ​ដី​ហើយ​ពួកគេ​ស្នើសុំ​ឱ្យ​អតិថិជន​តម្រង់​ជួរ​ស្របគ្នា និង​រក្សា​ចន្លោះ ១,៥ ​ម៉ែត្រ​រវាង​គ្នា​ទៅវិញទៅមក​។

ភ្នាក់ងារ​ក៏​រំឭក​ពួកយើង​ឱ្យ​ពាក់ម៉ាស់ និង​សម្អាត​ដៃ​របស់​យើង​ជាមួយ​អាល់កុល​មុន និង​ក្រោយ​ពេល​ប្រើ​សេវាកម្ម​របស់​ពួកគេ​ផងដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់ និង​ពេញចិត្ត​ចំពោះ​កម្រិត​សុវត្ថិភាព​នេះ​ណាស់​»​។

នៅ​ទីស្នាក់ការ​កណ្តាល​របស់​វីង​នៅ​ទីក្រុង​ភ្នំពេញ អតិថិជន​ទាំងអស់​តម្រូវឱ្យ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាល់កុល និង​ត្រួតពិនិត្យ​សីតុណ្ហភាព​របស់​ពួកគេ​។ មាន​ភ្នាក់ងារ​វីង​ជិត ៩ ០០០ ​កន្លែង​ នៅ​ទូទាំង​ប្រទេស​ទាំង​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ដាច់ស្រយាល​ផ្សេងៗ​។

វីង បាន​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ធានាថា ភ្នាក់ងារ​របស់ខ្លួន​អាច​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​គ្មាន​ការរំខាន​ណាមួយ ដើម្បី​ឱ្យ​អតិថិជន​អាច​បន្ត​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជា​ទីស្រឡាញ់​ក៏​ដូចជា​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេងៗ​។

វីង​ក៏​ផ្តួចផ្តើម​សកម្មភាព​ជាច្រើន​ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផលប៉ះពាល់​ក្នុង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​។ ថ្មីៗ​នេះ​វីង​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ដើម្បី​ប្រមូល​ថវិកា​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​កូវីដ​ ១៩ ផងដែរ​៕