ធនាគារ​ឯកទេស វីង បាន​ចូលរួម​ប្រារព្ធ​ពិធី​ «​បុណ្យផ្កា​ប្រាក់​មហាសាមគ្គី​ឆ្នាំ​ទី​ ៧» ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ

កាលពី​ពេល​ថ្មីៗ​នេះ​ធនាគារ​ឯកទេស​ វីង រួមជាមួយ​ដៃគូ​សហការ​គ្រួសារ​រ៉ូយ៉ាល់​គ្រុប ភ្នាក់ងារ​វីង អតិថិជន និង​ដៃគូ​ជាច្រើន​បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​ជួយ​ដល់​មន្ទីរពេទ្យ​កុមារអង្គរ​ដែល​ជា​មជ្ឈមណ្ឌល​សុខភាព​កុមារ​ឈាន​មុខ​គេ​នៅ​កម្ពុជា​។

ជា​រៀងរាល់​ថ្ងៃ​មាន​កុមារ​យ៉ាងតិច​ ៤០០ ​នាក់​បាន​ទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​ក្នុង​ ១ ​ឆ្នាំៗ មន្ទីរពេទ្យ​មួយ​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៧ ​លាន​ដុល្លារ​លើ​ប្រតិបត្តិការ​ និង​សេវា​ព្យាបាល​។ ដោយសារ​វិបត្តិ​សង្គម​ក៏​ដូច​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដោយសារ​ជំងឺ​កូវីដ​-១៩ អ្នកជំងឺ​មួយ​ចំនួន​ត្រូវ​ប្រឈម​ឧបសគ្គ​ក្នុង​ការទទួល​បាន​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ទាំងនេះ​។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​តម្រូវការ​របស់​អ្នកជំងឺ​កាលពី​ថ្ងៃទី​ ៣០ ខែសីហា​កន្លង​ទៅ​នេះ គណៈ​គ្រប់គ្រង​នៃ​ធនាគារ​ឯកទេស វីង បាន​ចូលរួម​គាំទ្រ​ពិធី​ «​បុណ្យផ្កា​ប្រាក់​មហាសាមគ្គី​ឆ្នាំ​ទី​ ៧» ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ឲ្យ​បន្ត​កិច្ចការ​ទៀត​។ លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកា​ប្រតិបត្តិការ​នៃ​ធនាគារ​ឯកទេស វីង បាន​យល់​យ៉ាងច្បាស់​ពី​អារម្មណ៍​ដែល​គ្រួសារ​នីមួយៗ​ត្រូវការ​អ្នកមើល​ថែរក្សា​។

លោកជំទាវ​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុងនាម​ជា​ម្តាយ​ ១ ​រូប​ខ្ញុំ​ដឹងថា នៅ​ពេល​ដែល​កូន​ឈឺ​ម្តងៗ ម្តាយ​របស់​ពួកគេ​តែងតែ​កើតក្តី​បារម្ភ​គ្រប់ពេលវេលា ជាពិសេស​នៅពេល​ដែល​ពួកគាត់​មិន​អាច​រក​កន្លែង​ដែល​ទុកចិត្ត​ដើម្បី​ព្យាបាល​កូនៗ​របស់​ពួកគាត់​បាន​»​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៩ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ផ្តល់​សេវា​ព្យាបាល​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជាមួយ​ការមើលថែ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​កុមារ​មកពី​គ្រប់​ខេត្ត​ដោយ​មិន​គិតពី​គ្រួសារ​ដែល​មាន​ ឬ​មិនមាន​សមត្ថភាព​ក្នុង​ការបង់ថ្លៃ​សេវា​។ លោកជំទាវ ម៉ៅ ចំណាន បាន​បន្តថា វីង ​មាន​មោទនភាព​ក្នុង​ការជួយ​គាំទ្រ​មន្ទីរពេទ្យ​ដើម្បី​បន្ត​ដំណើរការ​ និង​បេសកកម្ម​ក្នុង​ការផ្តល់​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់​ និង​មាន​គុណភាព​ដល់​កុមារ​កម្ពុជា​។

នៅក្នុង​ពិធី​ «​បុណ្យផ្កា​ប្រាក់​មហាសាមគ្គី​» ​នេះ​ធនាគារ​ឯកទេស​ វីង បាន​ប្រមូល​ថវិកា​បរិច្ចាគ​សរុប​ប្រមាណ ៤៨.៥៦៤.៨០០ រៀល​ដល់​មន្ទីរពេទ្យ ដែល​ក្នុង​នោះ​រួមបញ្ចូល​ទឹកប្រាក់​មួយ​ចំនួន​របស់​លោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់​។ ជាមួយ​គ្នា​នេះ​ដែរ​លោក ឧកញ៉ា លី ហួរ លោកជំទាវ នួន ពេជ្រសុផល ព្រមទាំង​ស្វាមី និង​កញ្ញា ទូច សុជាតិតា ក៏បាន​ចូលរួម​ឧបត្ថម​ផងដែរ​។ ទឹកប្រាក់​មួយ​ចំនួន​ផ្សេងទៀត វីង ក៏បាន​ទទួល​ពី​គ្រួសារ​រ៉ូយ៉ាល់​គ្រុប បុគ្គលិក វីង ភ្នាក់ងារ​ វីង អតិថិជន​នៅ​ទូទាំង​ប្រទេស​ដែល​បាន​បរិច្ចាគ​តាមរយៈ​វីង​។

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​ឯកទេស វីង ព្រមទាំង​អ្នកតំណាង​ធនាគារ​សម្រាប់​ការចូលរួម​បរិច្ចាគ​នៅក្នុង​ពិធី​ថា​៖ «​ការបរិច្ចាគ​ថវិកា​នៅក្នុង​ថ្ងៃនេះ​ជា​ទឹកចិត្ត​សប្បុរស​ដ៏ធំធេង​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​»​។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​៖ «​ថវិកា​បរិច្ចាគ​ទាំងនេះ​នឹង​ជួយ​ផ្តល់​នូវ​ការថែទាំ​ប្រកប​ដោយ​គុណភាព​សម្រាប់​កុមារ​ដែល​មក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការលើក​កម្ពស់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​រួមចំណែក​ដើម្បី​ធានាថា​គ្មាន​កុមារ​ណា​ម្នាក់​ត្រូវ​បាន​ទុកចោល​»​។

បង្កើតឡើង​នា​ឆ្នាំ​​ ២០០៩ វីង ​បាន​ប្តេជ្ញា​ធ្វើ​ប្រតិបត្តិការ​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ សព្វថ្ងៃ​ វីង ​បាន​អនុវត្ត​គោលការណ៍​នៅក្នុង​កាតព្វកិច្ច​ជួយ​សង្គម​ប្រកបដោយ​ក្រមសីលធម៌ និង​ក្នុង​នាម​ជា​សាជីវកម្ម​ពលរដ្ឋ​របស់​ប្រទេស​កម្ពុជា​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​ វីង ​បាន​កោតសរសើរ​ចំពោះ​ការងារ​ជួយ​សង្រោះជីវិត​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដល់​ពលរដ្ឋ​កម្ពុជា​។ លោក​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ជំនួយ​ទាំងឡាយ​ដែល​បាន​បរិច្ចាគ​ផងដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ « កុមារ​រាប់ពាន់​នាក់​បាន​ឈឺ​ជា​រៀងរាល់​ថ្ងៃ ហើយ​មន្ទីរពេទ្យ​មួយ​នេះ​គឺជា​ក្តីសង្ឃឹម​ទី​​ ១ ​សម្រាប់​ការព្យាបាល​របស់​ពួកគេ​។ ការបរិច្ចាគ​របស់​យើង​មានន័យថា យើង​កំពុង​ជួយ​ដល់​កុមារ​ដែល​កំពុង​ខ្វះខាត ពួកគេ​អាច​ទទួល​សេវា​ថែទាំ​សុខភាព​បាន​ដោយ​ស្មើភាព​។ ការបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​របស់​អ្នក​ពិតជា​មានតម្លៃ​ណាស់​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​កុមារ​ដែល​ខ្វះខាត​ក្នុង​គ្រា​ដ៏លំបាក​នេះ​»​។

លោកអ្នក​នៅតែ​អាច​ចូលរួម​វិភាគទាន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​រៀងរាល់ថ្ងៃ​តាមរយៈ​ភ្នាក់ងារ​វីង​ច្រើនជាង ៨ ០០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស និង​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​៖៩ ១២២ (​រៀល​) និង ៨ ១២២ (​ដុល្លារ​)៕