
គណៈគ្រប់គ្រងធនាគារឯកទេសវីង និងគណៈគ្រប់គ្រងក្រុមហ៊ុន មរកត ថិកណឡជី ថតរូបអនុស្សាវរីយ៍ក្នុងពិធីចុះ MoU។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចាប់ដៃគូជាមួយក្រុមហ៊ុន មរកត ថិកណឡជី បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដើម្បីជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងដំណើរការប្រមូលប្រាក់កម្ចីដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។
តាមរយៈភាពជាដៃគូនេះឥឡូវនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ វីង ដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធានាបាននូវភាពងាយស្រួល និងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយតាមរយៈភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើបដែលកំពុងធ្វើប្រតិបត្តការ ២៤ ម៉ោង និង ៧ ថ្ងៃក្នុង ១ សប្តាហ៍។
លោក ឃួន សុភ័ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិកណឡជី បានមាន ប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូជាមួយធនាគារឯកទេសវីង និងជួយឱ្យអតិថិជនរបស់យើងអាចផ្តល់សេវាដល់អតិជនរបស់ពួកគេបានកាន់តែល្អប្រសើរ។ ឥឡូវនេះ អតិថិជនទាំងឡាយអាចបង់ប្រាក់កម្ចីរបស់ពួកគេជាមួយភ្នាក់ងារវីង ដោយមិនចាំបាច់ទៅបង់នៅសាខាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក៏បាន។ នាពេលបច្ចុប្បន្ននេះមានភ្នាក់ងារវីងជិត ៨០០០ កន្លែងដែលកំពុងដំណើរការនៅទូទាំងប្រទេស។ ចាប់ពីពេលនេះទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចផ្តោតលើការផ្តល់ប្រាក់ កម្ចីដល់អតិថិជនថ្មីដែលអាចជួយបង្កើនផលិតភាពកាន់តែប្រសើរជាជាងចំណាយពេលទៅលើការប្រមូលប្រាក់កម្ចី»។
ដោយបានបង្កើតឡើងនាឆ្នាំ ២០១៥ ក្រុមហ៊ុន មរកត ថិកណឡជី ជាអ្នក ផ្តល់សេវាប្រព័ន្ធស្នូលធនាគារនៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលបច្ចុប្បន្ននេះ មរកត កំពុងផ្តល់សេវាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន ៤៥ ស្ថាប័ននៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ ធនាគារឯកទេសវីង និង មរកត ថិកណឡជី មានគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលសម្រាប់ការផ្លាស់ប្តូរសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជាជាពិសេសការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដោយរាប់ចាប់ពីប្រព័ន្ធស្នូលធនាគាររហូតដល់ធនាគារចល័ត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «នៅវីង យើងបានប្តេជ្ញាចិត្តក្នុងការធានាឲ្យបានថាអតិថិជនរបស់យើងនឹងទទួលបានដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាព។ ការធ្វើសមាហរណកម្មប្រព័ន្ធហិរញ្ញវត្ថុរបស់វីង និងមរកត ថិកណឡជី គឺជាមធ្យោបាយមួយដែលអាចជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើងដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជនដែលរស់នៅតាមខេត្ត ជនបទ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុក៏ដូចជាធនាគារផងដែរ។ ប្រជាជនរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីសងប្រាក់កម្ចីរបស់ពួកគេទេ ខណៈដែលស្ថាប័នហិរញ្ញវត្ថុអាចកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេផងដែរ»។
ដោយមើលឃើញពីបញ្ហាប្រឈមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងការគ្រប់គ្រង និងបែងចែកឥណទាន ក្រុមហ៊ុន មរកត ថិកណឡជី ដែលត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៥ បានផ្តល់ជូនកម្មវិធីតាមដានប្រាក់កម្ចី និងដំណើរការគណនេយ្យដែលមាននៅលើបណ្តុំតែមួយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារតែម្តង។ មូលដ្ឋានទាំងនេះក៏ត្រូវបានដាក់បញ្ចូលប្រើប្រាស់នៅក្នុងទិន្នន័យការិយាល័យឥណទានដែលអាចជួយសម្រូលដល់ដំណើរការនានា និងការធ្វើសេចក្តីសំរេចចិត្តលើប្រាក់កម្ចីឲ្យបានកាន់តែឆាប់រហ័ស។
ក្នុងនាមជាធនាគារចល័តឈានមុខគេនៅកម្ពុជា វីងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនៅទូទាំងប្រទេសតាមរយៈបច្ចេកវិទ្យាចុងក្រោយនៃកម្មវិធីស្មាតហ្វូនវីង រួមទាំងមានបណ្តាញភ្នាក់ងារវីងជិត ៨០០០ កន្លែងនៅគ្រប់ស្រុក និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា៕