ឥឡូវនេះ​អតិថិជន Ria អាច​ផ្ញើ​ប្រាក់​មក​ប្រទេស​កម្ពុជា​តាមរយៈ​វីង​បាន​ហើយ

ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា កំពុង​ពង្រីក​ប្រតិបត្តិការ​ផ្ទេរប្រាក់​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សហការ​ជាមួយ Ria ដែល​ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ឈានមុខ​គេ​នៅលើ​ពិភពលោក ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Euronet Worldwide, Inc. (NASDAQ: EEFT) ​ផងដែរ​។

ឥឡូវនេះ​អតិថិជន​ទាំងឡាយ​អាច​ប្រើប្រាស់​សេវា Ria ដើម្បី​ផ្ញើ​ប្រាក់​មក​កម្ពុជា ហើយ​អ្នក​ទទួល​អាច​ដក​ប្រាក់​តាមរយៈ​ភ្នាក់ងារ​វីង​ដែលមាន​ស្លាក​យីហោ Ria បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​អស់ថ្លៃ​សេវា​ឡើយ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន ប្រសាសន៍​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការផ្តល់​ជូន​នូវ​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ប្រកប​ការងារ​នៅក្រៅ​ប្រទេស​។ ពួកគេ​គួរតែ​អាច​ផ្ញើ​ប្រាក់​ដែល​រកបាន​ដោយ​លំបាក​មក​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ស្រុកកំណើត ដោយ​មិន​មាន​ឧបសគ្គ​អ្វី​ទាំងអស់ បើទោះបី​ជា​នៅ​តំបន់​ដាច់ស្រយាល​យ៉ាងណា​ក្តី ដើម្បី​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​ក៏ដូចជា​តម្រូវការ​នានា​ក្នុង​គ្រា​មាន​អាសន្ន​ផងដែរ​។ សេវា​ផ្ទេរប្រាក់​របស់​យើង​លឿន​បំផុត​។

លោក​ ម៉ានូ បាន​បន្តថា​៖ «​ភាព​ជា​ដៃគូ​នេះ​បាន​ច្របាច់​បញ្ចូល​នូវ​បណ្តាញ​នៃ​ស្ថាប័ន​យើង​ទាំង​ ២ ​ដោយ​ផ្សារភ្ជាប់​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​»​។

Ria ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ឈានមុខ​គេ​នៅលើ​ពិភពលោក​ដែល​បាន​បង្កើតឡើង​ចាប់​តាំងពី​ឆ្នាំ​ ១៩៨៧ និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋអាមេរិក​។ សព្វថ្ងៃ Ria ផ្តល់​សេវា​ជាង ៤៤៧ ០០០ កន្លែង​ដែល​ស្ថិតនៅ​ជាង​ ១៦០ ​ប្រទេស​ក្នុង​នោះ​រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា និង​វៀតណាម​ជាដើម​។ Ria ធ្វើឱ្យ​ពិភពលោក​កាន់តែ​រួម​តូច ដោយ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​គ្រួសារ​និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួកគេ តាមរយៈ​ការផ្ទេរ​ប្រាក់​កម្រិត​ពិភពលោក​។

លោក Espen Kristensen នាយក​គ្រប់គ្រង APAC របស់ Ria មានប្រសាសន៍​ថា​៖ «​យើង​ពិតជា​រីករាយ​ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ភាព​ជា​ដៃគូ​ជាមួយ​វីង​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​យើង​នឹង​ផ្តល់​សេវា​ផ្ទេ​ប្រាក់​កាន់តែ​ល្អប្រសើរ​ដល់​អតិថិជន​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង និង​ទៅគ្រប់​ទីកន្លែង​ដែល​ចាំបាច់ ដោយ​ឆាប់រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​។​»

អ្នក​ទទួល​ប្រាក់​នៅ​កម្ពុជា គ្រាន់តែ​តម្រូវ​ឱ្យ​មាន​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ​បណ្ណ​បើកបរ​ច្បាប់​ដើម​ជាមួយ​លេខ​កូដ​ ១១ ​ខ្ទង់​ដែល​ទទួលបាន​ពី​អ្នក​ផ្ញើ​ប្រាក់​។

ជាមួយ​ឯកសារ​ណាមួយ​ក្នុង​ចំណោម​ឯកសារ​ទាំងនេះ ពួកគេ​អាចបំពេញ​ព័ត៌មាន​ជាមួយ​ឯកសារ​ដែល​ភ្នាក់ងារ​វីង​ចែកជូន ហើយ​ពួកគេ​អាច​ដក​ប្រាក់​ជាមួយ​ភ្នាក់ងារ​វីង​ជាង ៤ ០០០ ​កន្លែង​ដែលមាន​ស្លាក​យីហោ Ria​។

យោងតាម​ការចេញផ្សាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រជាជន​ចំណាកស្រុក​បាន​ផ្ញើ​ប្រាក់​មក​កម្ពុជា​ប្រមាណ ១,៤ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ ៥៣ ​លាន​ដុល្លារ​បាន​ផ្ញើ​មកពី​ប្រទេស​កូរ៉េ​ខាងត្បូង​៕