ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតកាលពីថ្ងៃទី ១៣ ខែមីនាបានបង្ហាញនូវបច្ចេកវិទ្យាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលទំនើបដល់ភ្ញៀវពិសេសរបស់ខ្លួន។
វីងបានក្លាយជាយីហោមួយក្នុងចំណោមយីហោរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ច្រើនជាងគេបំផុតក្នុងរយៈពេល ១១ ឆ្នាំមកនេះ ដោយក្នុងនោះមានភ្នាក់ងារជាង ៧ ៥០០ កន្លែងនៅទូទាំងប្រទេស។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀប ដែលវីងបានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្ត្រផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ»។
ឯកឧត្តមបានបន្ថែមថា៖ «ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជានិន្នាការសកលមួយដែលមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយចីរភាព»។
វីងមានដៃគូសហការជាង ៤ ម៉ឺនពាណិជ្ជកររាប់ចាប់តាំងពីអាជីវករនៅតំបន់ជនបទរហូតដល់មជ្ឈមណ្ឌលលក់ទំនិញធំៗនៅទីក្រុង។
លើសពីនេះវីងក៏បានសហការជាមួយសហគ្រាសធំៗនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងនោះរួមមាន Mastercard, Western Union, MoneyGram, Wechat និង Alipay ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែធំទូលាយ។
ចំពោះអតិថិជនចំនួន ៥ លាននាក់របស់វីងដែលភាគច្រើនមិនស្ថិតក្នុងបណ្តាញធនាគារនោះទេ។ កាលពីឆ្នាំមុន វីងបានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដោយជួយសម្រួលដល់ការធ្វើប្រតិបត្តិការមានតម្លៃជិត ៩០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសតាមរយៈការធ្វើប្រតិបត្តិការជាង ១៣០ លានដង។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេសវីងថ្លែងថា៖ «ក្នុងនាមជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា យើងមានសេចក្តីរីករាយដែលប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត»។
អ្នកឧកញ៉ាបន្ថែមថា៖ «វីងកំពុងតែបន្តដំណើរជាមួយចក្ខុវិស័យក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយភាពងាយស្រួលមានការធានា និងរហ័សក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរ»។
ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធអេកូឡូហ្ស៊ីចល័តដ៏រឹងមាំ វីងក៏ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចជា ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូងផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត ថ្លែងថា៖ «សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងមានស្ថិរភាព។ វីងបានចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជាច្រើនដើម្បីផ្តល់ដំណោះស្រាយតាមតម្រូវការជាពិសេសបំពេញតម្រូវការរបស់អាជីវកម្មខ្នាតតូចនៅកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា៖ «តាមរយៈភាពជាដៃគូទាំងនេះ យើងអាចរួមបញ្ចូលប្រព័ន្ធហិរញ្ញវត្ថុជាមួយនឹងសេវាកម្មដែលផ្តល់ឧបករណ៍សម្រាប់វិស័យ SMEs និង អតិថិជនរបស់ SME ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ពួកគេឲ្យកាន់តែមានភាពងាយស្រួល»។
អគ្គនាយកវីងរូបនេះក៏បានបង្ហាញផងដែរថា ក្រុមហ៊ុនរបស់លោកបានសហការជាមួយក្រុមហ៊ុន Tinh Tinh ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីពង្រីកវេទិការបស់ខ្លួន និងដើម្បីទាក់ទាញអ្នកទិញទំនិញតាមអនឡាញឲ្យបានកាន់តែច្រើន ហើយបានសហការជាមួយការិយាល័យប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន ២៨ នៅទូទាំងប្រទេស។
លោក ម៉ានូ បន្តថា៖ «យើងជឿជាក់ថានឹងអាចធ្វើឱ្យមានភាពខុសគ្នាគួរឲ្យកត់សម្គាល់នៅក្នុងស្តង់ដារស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាធ្វើការឆ្ពោះទៅសម្រេចតាមគោលដៅរបស់យើងក្នុងការបង្កើតសង្គមដែលមិនប្រើសាច់ប្រាក់ ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា»៕