នៅតាម​វាលស្រែ​ដែល​ឆ្លងកាត់​បី​ទៅ​បួន​ភូមិ ប្រជាពលរដ្ឋ​នៅ ឃុំ​យាអង្គ​ធ្លាប់​ចំណាយពេល​ធ្វើដំណើរ​ទៅ​ផ្លូវជាតិ​យ៉ាងហោច​ណាស់​ ១ ម៉ោង តាមរយៈ​ផ្លូវលំ​ដែល​មាន​ប្រវែង​ត្រឹមតែ​ ៣៥០០ ​ម៉ែត​ប៉ុណ្ណោះ​។ ទោះបី​យ៉ាងណា​ក៏ដោយ ទាំងនេះ​វា​គ្រាន់តែ​ជា​រឿង​ដែល​បាន​កើតឡើង​កាលពី​អតីតកាល​ប៉ុណ្ណោះ​។

ក្រោម​ការឧបត្ថម្ភ​របស់​ធនាគារ​ឯកទេស​ វីង (​ខេមបូឌា​) លីមីតធីត​គម្រោង​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៣,៥ ​គីឡូម៉ែត្រ​ដែល​បាន​ចាប់ផ្តើម​ជួសជុស​កាលពី​ខែ​មករា​ឆ្នាំ​ ២០២០ ត្រូវបាន​បញ្ចប់​ និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នា​ព្រឹក​ថ្ងៃទី​ ២៩ ខែ​កុម្ភៈ​នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។

បុគ្គលិក​វីង​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​

ពិធី​នេះ​ត្រូវបាន​ចូលរួម​ និង​ផ្តល់​ជា​កិត្តិយស​ដោយ​លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លោក កែវ យឿន អភិបាលរង​ស្រុក យាអង្គ លោក ហោ ប៊ុនថែ អគ្គនាយករង​នៃ​ធនាគារ​ឯកទេស​វីង លោក ឡៅ សៀងហៃ នាយក​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​ធនាគារ​ឯកទេស​វីង បុគ្គលិក​វីង និង​ប្រជាពលរដ្ឋ​តាម​សហគមន៏​ជាច្រើន​ផ្សេងទៀត​។

នៅក្នុង​ពិធី​ដែល​មាន​អ្នកចូលរួម​ជាង ៤០០ ​នាក់​ដែល​រស់នៅក្នុង​តំបន់​នោះ លោក ម៉ានូ រ៉ាចាន់ បានប្រកាស​បើកសម្ពោទ​ផ្លូវ​ដែល​បាន​ជួសជុល​រួច និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាមរយៈ​ការកាត់​ខ្សែរ​បូ​ដើម្បី​ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​ជាង​ ៦៤៧ ​គ្រួសារ​ក្នុងភូមិ​ចំនួន​ ៤ ​ក្នុង​ឃុំ​យាអង្គ​។

លោក ម៉ានូ រ៉ាចាន់ បាន​មាន​ប្រសាសន៍​ថា​៖ «​ផ្លូវ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​បាន​សេវា​សំខាន់ៗ​ដូចជា ការទទួល​បាន​ហិរញ្ញវត្ថុ ការថែទាំ​សុខភាព ការអប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការផ្សារភ្ជាប់​ផលិតផល​ក្នុង​ស្រុក​ទៅនឹង​ទីផ្សារ​ផងដែរ​»​។

លោក កែវ យឿន បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​រដូវវស្សា​ម្តងៗ ប្រជាពលរដ្ឋ​នៅទីនេះ​ពិតជា​ជួប​ទុក្ខលំបាក​យ៉ាង​ខ្លាំង​ដោយសារ​ពួកគាត់​ត្រូវធ្វើ​ដំណើរ​ដោយ​យានជំនិះ​ឆ្លងកាត់​តាម​ដងផ្លូវ​ដែល​បាន​ខូច​យ៉ាងតំណំ​។ ដោយសារ​ពិបាក​នាំយក​ផលិតផល​កសិកម្ម​ និង​ផលិតផល​ផ្សេងៗ​ទៅ​លក់​នៅឯ​ទីផ្សារ ហើយ​ទើប​ធ្វើឲ្យ​របរ​កសិកម្ម​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់គាំង​ និង​មិនមាន​ស្ថិរភាព ហើយ​សិស្សានុសិស្ស​ពេលខ្លះ​បាន​ខកខាន​ទៅ​សាលា​ជាដើម​។”

នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ត្រូវ​បាន​ជួសជុល​សម្រាប់​សហគមន៍​។

លោក កែវ យឿន បាន​បន្ថែម​ថា​៖ «​ក្រោម​ការឧបត្ថម្ភ​របស់ វីង ប្រជាពលរដ្ឋ​ជាង ២,៨០០ នាក់​នឹង​អាច​ប្រើប្រាស់​ផ្លូវ​ដ៏ស្អាត​នេះ​ជាប្រចាំ​ថ្ងៃ ហើយ​វា​នឹង​ជួយ​ឲ្យ​ជីវភាព​របស់​ពួកគាត់​នៅ​ទីនេះ​កាន់តែ​ល្អប្រសើរ​។ ការធ្វើ​ជំនួញ​អាជីវកម្ម​ផលិតផល​កសិកម្ម​នឹង​កាន់តែ​កើនឡើង ហើយ​ក្មេងៗ​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន​កាន់តែ​ងាយស្រួល ក្រុមគ្រួសារ​របស់​ពួកគាត់​នឹង​អាច​ទៅ​ទិញ​បាន​ម្ហូបអាហារ​បាន​កាន់តែ​លឿន​ជាង​មុន​»​។

ប្រសិន​បើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មិន​ល្អ​ប្រជាពលរដ្ឋ​តាម​សហគមន៍​នឹង​ជួប​ឧបសគ្គ​ក្នុង​ការទទួល​បាន​សេវា​សុខភាព ការអប់រំ និង​សេវាសាធារណៈ​ដ៏ទៃ​ផ្សេងទៀត​។ តាមរយៈ​ជំនួយ​ឧបត្ថម្ភ​នេះ វីង បាន​ប្តេជ្ញាចិត្ត​ក្នុង​ការកែលម្អរ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការធ្វើឲ្យ​កាន់តែ​ល្អប្រសើរ​លើ​ការផ្តល់ជូន​តំរូវការ​ផ្សេៗ​ដើម្បី​ការអភិវឌ្ឍ​សហគម​ប្រកបដោយ​ចីរភាព​៕