The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វីរុស​ផ្តាសាយ​ជ្រូក​ ត្រូវ​បាន​រកឃើញ​ថ្មីៗ​នេះ

វីរុស​ផ្តាសាយ​ជ្រូក​ ត្រូវ​បាន​រកឃើញ​ថ្មីៗ​នេះ

វីរុស​ផ្តាសាយ​ជ្រូក​ ត្រូវ​បាន​រកឃើញ​ថ្មីៗ​នេះ

ភ្នំពេញៈ មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ករណី​ឆ្លង​វីរុស​ផ្តាសាយ​ថ្មី H1N1 ឬ​គេ​ហៅថា​ផ្តាសាយ​ជ្រូក​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​នៅ​មិន​ទាន់​មាន​របាយការណ៍​អំពី​កណី​ផ្ទុះ​ជំងឺ​នេះ​នៅ​ឡើយ​ទេ​។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​នាំពាក្យ ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ថ្លែង​ថា​មាន​ករណី​នេះ​ពី​ ៣ ​ទៅ​ ៥ ​ករណី​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ទីតាំង​តាមដាន​ចំនួន ៧ ​កន្លែង​ដែល​កំពុង​ឃ្លាំ​មើល​ស្ថានភាព​ជំងឺ​ផ្តាសាយ​ឆ្លង​នេះ​។

លោក​បន្ត​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​រកឃើញ​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​ឡើយ​ទេ​»​។

លោក​បន្ថែម​ថា ​ក្រុម​មន្ត្រី​កំពុង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ​ហើយ​បើ​សង្ស័យ​មាន​ជំងឺ​នេះ​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រសួង ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​រកឃើញ​ថា​មាន​អ្នកណា​មាន​ជំងឺ​គ្រុនក្តៅ ឬ​គ្រុន​ផ្តាសាយ​នៅ​ក្នុង​ភូមិ សាលារៀន​ ឬ​កន្លែង​ធ្វើការ​ដែល​សង្ស័យ​ពី​ជំងឺ​នេះ​គឺ​ក្រសួង​ជំរុញ​ពួកគាត់​ឱ្យ​ទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ (hotline) របស់​ក្រសួង​សុខាភិបាល​ «១១៥»​។ «​យើង​មាន​ថ្នាំ និង​បរិក្ខារ​ពេទ្យ​ផ្សេងៗ​ទៀត​ដើម្បី​ឆ្លើយតប​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​»​។

លោក​វេជ្ជបណ្ឌិត សូវ៉ាន់ បន្ត​ថា​ចំនួន​នៃ​ករណី​ជំងឺ​នេះ​គឺ​ស្ថិត​នៅ​ក្រោម​កម្រិត​ឲ្យ​ «​ប្រុង​ជើងការ​» ​នៅ​ឡើយ​ទេ​។

កាលពី​ដើម​ឆ្នាំ​មុន​បុរស​ជនជាតិ​ខ្មែរ​ដែល​មាន​អាយុ ២៩ ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​ជ្រូក​។ គាត់​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ស្លាប់​ដោយសារ​វីរុស H1N1 នេះ​ចាប់​តាំងពី​ពេល​ដែល​វា​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​ ២០០៩ និង​ ២០១០៕ NS

អត្ថបទគួរចាប់អារម្មណ៍