កណ្ដាល: អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានថ្លែងពីម្សិលមិញថា វៀតណាមបានរុះរើតង់ចំនួន ៧ បន្ថែមទៀតចេញពីតំបន់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នា ខណៈដែលកម្ពុជានៅតែទាមទារឲ្យវៀតណាមរុះរើតង់ដែលទើបសង់ទាំងអស់នោះចេញឲ្យបានឆាប់បំផុត។
លោក គង់ សោភ័ណ្ឌ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា វៀតណាមបានបន្ទន់ឥរិយាបថខ្លះ ដោយបានយល់ព្រមរុះរើតង់ចំនួន ៧ តង់ក្នុងចំណោមតង់ដែលនៅសល់ចំនួន ២២ ខណៈមានការរំកិលតង់ចំនួន ៤ ចេញពីទីតាំងចាស់ចូលទៅក្នុងទឹកដីខ្លួនដែលមានចម្ងាយជាង ១០០ ម៉ែត្រពីព្រំដែន។ លោកថ្លែងថា កម្ពុជានៅតែជំរុញឲ្យភាគីវៀតណាមបន្តរុះរើតង់ដែលនៅសេសសល់ទាំងអស់ចេញពីតំបន់ព្រំដែន បើទោះបីជាវៀតណាមឆ្លើយតបសុំដាក់ក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។
លោកបញ្ជាក់ថា៖ «ប្រសិនគាត់ (វៀតណាម) នៅតែបន្តមិនព្រមរុះរើតង់ទាំងអស់ចេញពីតំបន់នោះទេយើងនៅតែប្រើប្រាស់វិធានការច្បាប់គឺយើងមិនគួរប្រើប្រាស់កម្លាំងប្រដាប់អាវុធមកដោះស្រាយបញ្ហាទេ ព្រោះយើងជាប្រទេសជាមិត្ត ហើយកន្លងមកយើងក៏មិនដែលប្រើប្រាស់ហិង្សាដាក់គ្នាដែរ។ យើងចង់ឲ្យទីតាំងព្រំដែនទាំងនេះក្លាយជាទីកន្លែងអភិវឌ្ឍន៍ កន្លែងសន្ដិភាព សន្ដិសុខល្អ សណ្ដាប់ធ្នាប់ល្អ និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេកាលពីថ្ងៃម្សិលមិញដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ប៉ុន្តែបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ២ ខែមិថុនា ឲ្យដឹងថាក្រសួងការបរទេសកាលពីថ្ងៃទី ១៣ ខែឧសភា បានធ្វើកំណត់ទូត តវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១ កន្លែងលើតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជាជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាមដោយស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានាដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះស្របតាមសេចក្តីប្រកាសរួមចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនរវាងប្រទេសទាំង ២។
សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី ២៨ ខែឧសភា បានធ្វើកំណត់ទូតឆ្លើយតប ដោយអះអាងថាការបោះតង់នៅតាមព្រំដែននៃខេត្តអានយ៉ាងនេះគឺជាវិធានការបណ្តោះអាសន្នចាំបាច់ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនលើតំបន់ព្រំដែនរវាងប្រទេសទាំង ២ នេះទេ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ។
តាមលិខិតស្ថានទូតវៀតណាមប្រចាំកម្ពុជាចុះថ្ងៃទី ៣ ខែមិថុនា បានឲ្យដឹងថា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសនៅថ្ងៃទី ១ ខែមិថុនា បានអញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមមកជួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។ ភាគីទាំង ២ បានខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ស្ថានទូតវៀតណាមបន្តថា វៀតណាមបានជម្រាបអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទៅភាគីកម្ពុជាដោយវៀតណាមប្រាប់ភាគីកម្ពុជាថា ការបោះតង់គ្រាន់តែជាវិធានបណ្តោះអាសន្នចាំបាច់ក្នុងអំឡុងពេលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែនរវាងប្រទេសទាំង ២ នេះទេ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងពីម្សិលមិញថា ប្រសិនវៀតណាមសាងសង់សំណង់អ្វីមួយចេញពីព្រំដែនចម្ងាយជាង ១០០ ម៉ែត្រ គឺស្របតាមច្បាប់ហើយដោយច្បាប់បានចែងថា ប្រទេសទាំង ២ អាចសាងសង់សំណង់ខ្លះដែលចេញពីព្រំដែនចម្ងាយ ១០០ ម៉ែត្រ។
លោកបញ្ជាក់ថា៖ «ប្រសិនវៀតណាមមិនព្រមរុះរើតង់ទាំងអស់ចេញពីតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាទេ គឺវៀតណាមមិនចង់កសាងទំនាក់ទំនងល្អជាមួយកម្ពុជា។ វៀតណាមគួរតែវិលត្រឡប់ទៅតាមអ្វីដែលខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលទាំង ២ កន្លងមក»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាក៏ថ្លែងដែរថា ឥរិយាបថជុំវិញការបោះតង់ជាលក្ខណៈយោធានេះគឺវៀតណាមបាននិងកំពុងរំលោភលើសន្ធិសញ្ញានានាដែលធ្លាប់បានចុះហត្ថលេខាកន្លងមកជាមួយកម្ពុជា ហើយក៏អាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមកផងដែរ។
លោកថា៖ «វៀតណាមគឃ្លើនដែលបានមកបោះតង់នៅតាមតំបន់ព្រំដែន ដែលមិនទាន់បានឯកភាពគ្នាទាំងស្រុង ហើយចំពោះវៀតណាមយកលេសដែលថា ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គឺមិនសមហេតុផលទាល់តែសោះ។ ខ្ញុំយល់ថា វៀតណាម គួរតែផ្ដល់តម្លៃឲ្យកម្ពុជាក្នុងនាមជាប្រទេសជិតខាង និងធ្លាប់មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាយូរឆ្នាំមកហើយ»៕