កណ្តាលៈ យោធា​វៀតណាម​កំពុង​ប្រែក្លាយ​តង់​បណ្ដោះអាសន្ន ដែល​ខ្លួន​អះអាង​ថា ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​ដែន​ខុសច្បាប់​ក្នុង​ពេល​មាន​ជំងឺ​កូវីដ​១៩​នោះ ទៅ​ជា​ជម្រក​រឹងមាំ​នៅក្បែរ​ភូមិ​ក្អមសំណ​ក្រោម ឃុំ​ក្អមសំណ ខេត្តកណ្ដាល ដោយ​អះអាង​ថា ការសង់​ជម្រក​រឹងមាំ​នេះ​ធ្វើឡើង​ដោយសារ​ទីតាំង​នោះ​លិច​ទឹក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​។

បើតាម​លិខិត​ចុះ​ថ្ងៃទី​ ២៦ សីហា របស់​លោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ឲ្យ​ដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ក្អម​សំណ​ចំនួន ៨ រូប​បាន​សហការ​ជាមួយ​កម្លាំង​យោធា​ព្រំដែន ៦០១ ចំនួន ៧ ​រូប រួមទាំង​នាយប៉ុស្តិ៍​ក្អម​សំណ​កាលពី​ថ្ងៃទី​ ២៥ សីហា​បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​តង់​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម គឺ​ប៉ុស្តិ៍​ ៩២៥ ​វិញ​សឿង​នៅ​ភូមិ​ភូវី ឃុំ​កូឡុក ស្រុក​ទិនចូវ ខេត្ត​អានយ៉ាង​។

ទីតាំង​នេះ​ទល់​នឹង​ភូមិ​ក្អមសំណក្រោម ឃុំ​ក្អមសំណ ស្រុក​លើកដែក ខេត្តកណ្ដាល​។

លោក​ ឈឿន សុចិត្រ បញ្ជាក់​ថា ​នៅពេល​ចុះទៅ​ដល់​ទីតាំង​នេះ សមត្ថកិច្ច​បាន​ជួប​ជាមួយ​ភាគី​វៀតណាម​ដែល​កំពុង​សាងសង់​តង់​ថ្មី​ដែល​ជា​ជម្រក​រឹងមាំ សាងសង់​ពី​ឈើ សសរថ្ម កម្ពស់​ ៣ ​ម៉ែត្រ និង​មាន​ទំហំ​ ៥ ​គុណ​នឹង​ ៤ ​ម៉ែត្រ ដោយ​មាន​ដំបូល​ប្រក់ស័ង្កសី ស្ថិត​នៅ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ ១២០ ​ម៉ែត្រ​។

លិខិត​របស់​លោក សុចិត្រ បន្ត​ថា​៖ «​ទន្ទឹម​នោះ​កម្លាំង​ពី​ ៣ ​អង្គភាព​បាន​ទៅ​ជួប​ប្រធាន​ប៉ុស្តិ៍​ ៩២៥ ​វិញ​សឿង ដើម្បី​ទាមទារ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​តង់​ថ្មី​ខាងលើនេះ​។ ប៉ុន្តែ​ភាគី​វៀតណាម​បាន​បញ្ជាក់ថា គេ​ធ្វើ​តាម​បញ្ជា​ថ្នាក់លើ​របស់គេ ហើយ​ថ្នាក់លើ​របស់គេ​មាន​គម្រោង​សាងសង់​តង់​ថ្មី​ជា​ជម្រក​រឹងមាំ​ចំនួន ៤ គោលដៅ​លើ​ ១០ ​គោលដៅ​ចាស់​ដែល​មាន​ស្រាប់​»​។

កាលពី​ថ្ងៃ​ពុធ អភិបាលស្រុក​លើកដែក និង​កម្លាំង​ពាក់ព័ន្ធ​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ម្ដង​ទៀត និង​បាន​សំណូមពរ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការសាងសង់​ជាបន្ទាន់​។ ប៉ុន្តែ​ភាគី​វៀតណាម មិន​ឯកភាព​បញ្ឈប់​ការសាងសង់​នោះឡើយ​។ នេះ​បើ​តាម​លិខិត​របស់​លោក​ស្នងការ​ខេត្តកណ្ដាល​ដដែល​។

សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ចាប់តាំងពី​បញ្ហា​កូវីដ​កើតឡើង វៀតណាម​បាន​បោះតង់​នៅក្បែរ​ព្រំដែន​កម្ពុជា​ក្នុងស្រុក​លើកដែក​ចំនួន​ ១០ ​ទីតាំង​ប៉ុន្តែ​មិន​ស្ថិត​នៅ​លើ​ព្រំដែន​ទេ គឺ​នៅក្នុង​ទឹកដី​វៀតណាម​ប្រមាណ​ជាង​ ១០០ ​ម៉ែត្រ​ពី​ព្រំដែន​។ រហូត​មក​ទល់​ពេលនេះ ទីតាំង​ទាំង​ ១០ ​នេះ​មិន​ត្រូវ​បាន​រុះរើ​នៅឡើយ​។

វៀតណាម​និយាយថា គេ​សាងសង់​សំណង់​ខ្ពស់ ​ដោយសារ​នៅ​ទីតាំង​នោះ​មានទឹក​លិច​នៅ​រដូវវស្សា​។ ដូច្នេះ​គេ​បាន​ប្ដូរ​ពី​តង់​ទៅជា​សំណង់​មាន​សសរ​ខ្ពស់ ប្រក់​ស័ង្កសី​។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីស្ដីការគណៈ​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ថា លោក​បានឃើញ​ព័ត៌មាន​អំពី​ការសាងសង់​ជម្រក​ថ្មី​របស់​វៀតណាម ប៉ុន្តែ​លោក​មិនទាន់​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរខេត្ត​នៅឡើយ​។

លោក​បញ្ជាក់ថា តំបន់​ថ្ម​ ៣ ​ដុំ ជា​ចំណុច​មួយ​ដែល​ភាគី​ទាំង​ ២ ​មិនទាន់​ឯកភាព​គ្នា​។

លោក​ថ្លែងថា​៖ «​យើង​អត់​ទាន់​ឯកភាពគ្នា យើង​ទុក និង​ស្នើឲ្យ​ខាង​បារាំង នាយករដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ស្នើឲ្យ​ប្រធានាធិបតី​បារាំង​ជួយ​លើ​តំបន់​ដែល​នៅ​សេសសល់​ ១៦ ​ភាគរយ​នោះ ដើម្បី​ឲ្យ​គាត់​បង្រៀន​យើង​ក្នុង​ការចម្លង​ពី​ផែនទី​បោន​ ១ ​លើ​ ១០០ ​ពាន់ មក​ ១ ​លើ ៥០ ​ពាន់​។ សំណើ​នេះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ដុំកំភួន​នៅឡើយ​ដោយសារ​យើង​មិន​ឯកភាព​គ្នា​ជា​បែបបទ​បច្ចេកទេស​»​។

លោក គង់ សុភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស មិនអាច​សុំ​ការបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​លើ​ការប្រែក្លាយ​ពី​ការបោះតង់​ទៅជា​ការសាងសង់​ជម្រក​ថ្មី​រឹងមាំ​របស់​វៀតណាម​នេះ​បានទេ​។ ប៉ុន្តែ​ក្រសួង​ការបរទេស​ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​ម្ដង​ហើយ ទៅ​វៀតណាម​ពាក់ព័ន្ធ​នឹង​ការបោះតង់​នៅ​ព្រំដែន​មិនទាន់​ឯកភាព​។

លោក​ គង់ សុភ័ណ្ឌ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កម្ពុជា​មិន​អាច​ចុះទៅ​បង្ខំ​ឲ្យ​វៀតណាម​ ឈប់​សាងសង់​បាន​ទេ ព្រោះ​ការសាងសង់​នោះ​ធ្វើ​ឡើង​នៅលើ​ទឹកដី​វៀតណាម​។

លោក​ សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យសភា​ដែល​ធ្លាប់បាន​ចុះទៅ​ស្រាវជ្រាវ​នៅតាម​ព្រំដែន​ថ្លែង​ពី​ម្សិលមិញ​ថា ​ព្រំដែន​ពី​ក្អម​សំណ​ដល់​ជ្រៃធំ​ក្នុង​ខេត្តកណ្ដាល ​មាន​ចំណុច​ដែល​ត្រូវ​បាន​បោះបង្គោល​ព្រំដែន​រួច​​ហើយ​ ហើយ​ក៏មាន​ចំណុច​មិនទាន់​ឯកភាព​គ្នា​។ ប៉ុន្តែ​នៅ​ព្រំដែន​ចំណុច​នេះ​សុទ្ធតែ​មាន​បង្គោល​ព្រំដែន​ដែល​បន្សល់ទុក​ពី​សម័យ​បារាំង​។

លោក​បន្តថា បើតាម​ការព្រមព្រៀង​ភាគី​ទាំង​ ២ អាច​សាងសង់​ផ្លូវ​បាន​នៅក្បែរ​ព្រំដែន​។ ចំពោះ​ចំណុច​ខ្លះ​ដែល​មាន​ការលំបាក ផ្លូវ​នោះ​អាច​សាងសង់​នៅ​ប្រមាណ​ ១០ ម៉ែត្រ​ពី​ព្រំដែន​។ ក៏ប៉ុន្តែ​សំណង់​ជា​អគារ​ដូច​នៅក្នុង​ខេត្តកណ្ដាល​នេះ​មិន​អាច​សាងសង់​បានទេ​។

លោក​ថា​៖ «​បើ​វៀតណាម​មិនមាន​ដំណោះស្រាយ​យើង​អាចមាន​វិធានការ​ ៤ ​ដំណាក់កាល ទី​ ១ ​គឺ​ផ្ញើ​កំណត់​ទូត ទី​ ២ ហៅ​គណៈកម្មការ​កិច្ចការ​ព្រំដែន​ (​ទាំងសងខាង​) ​មក​សួរ​បញ្ជាក់ថា តើ​យើង​បាន​គោរព​កិច្ចព្រមព្រៀង​ហើយ​ឬ​នៅ​? ទី​ ៣ ​យើង​អាច​សាងសង់​វិញ​នៅ​ចម្ងាយ​ដូចគ្នា ព្រោះ​គេ​មិន​គោរព យើង​ក៏​អាច​មិន​គោរព​ដែរ​។ ទី​ ៤ យើង​អាច​ប្រើប្រាស់​កម្លាំង​ទៅ​វាយចោល ប៉ុន្តែ​វាយចោល វា​រំលោភ​លើ​អធិបតេយ្យភាព​ប្រទេស​គេ ព្រោះ​គេ​ធ្វើ​នៅ​ប្រទេស​គេ​។ តែ​យើង​ក៏​អាចធ្វើ​នៅលើ​ដី​យើង ដែល​ធ្វើឲ្យ​យើង​មិន​គោរព​គ្នា​ទៅវិញទៅមក​។ តែ​អ្នកណា​ជា​អ្នក​ជាន់ឈ្លី​សន្ធិសញ្ញា​មុនគេ គឺ​វៀតណាម​»៕