ភ្នំពេញ: ក្រុម​ទាហាន​វៀតណាម​បាន​រុះរើ​តង់​ចំនួន​ ២៦ ​កន្លែង ​ដែល​បាន​សាងសង់​ប៉ុន្មាន​ខែ​មុន​ក្នុង​ទឹកដី​ខ្លួន នៅ​ជិត​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​កណ្ដាល ដែល​ការរុះរើ​នេះ​បាន​ធ្វើឡើង​ ១ ​ថ្ងៃ ក្រោយពី​មាន​ការសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម​។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ទាហាន​វៀតណាម​គាត់​រុះរើ​តង់​ទាំង ២៦ ​តង់​ហ្នឹង ​គឺ​គាត់​រើ​ទាំងស្រុង​តែម្ដង ដែល​មាន​ទាំង​តង់​ខ្ពស់ ទាំង​តង់​ទាប ឬ​សំណង់​រឹង​គ្រប់​ប្រភេទ​តែម្ដង ប៉ុន្ដែ​មិនមាន​ប្រទូសរ៉ាយ​គ្នា​អ្វី​ទាំងអស់ គឺ​គាត់​ឯកភាព​រុះរើ​ចេញ​ទាំង​ញញឹមញញែម​ដាក់គ្នា​ទៅវិញ​ទៅមក ព្រោះ​គាត់​ថា ចប់​បេសកកម្ម​កូវីដ​១៩ នៅ​ស្រុក​គាត់​ហើយ ឥឡូវ​គាត់​យល់ព្រម​រុះរើ​ចេញ​គឺ​អត់​មាន​ទំនាស់​អ្វី​នឹង​គ្នា​ទេ សន្ដិភាព​ល្អ​ណាស់​»​។

រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​នៅក្នុង​កិច្ចសន្ទនា​ទ្វេភាគី​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា បាន​សម្ដែង​នូវ​ការពេញចិត្ត​លើ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបតិ្តការ​គ្រប់​ជ្រុងជ្រោយ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយ​បាន​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែលមាន​ស្រាប់​គ្រប់​ជ្រុងជ្រោយ​ និង​ស្ថិរភាព​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា​កិច្ចសន្ទនា​នោះ​បាន​ធ្វើ​ឡើង​រវាង​លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក បាន​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា​ក្នុង​ការជំរុញ​បន្ថែម​ពី​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក​ដែល​ជា​ក្តីកង្វល់ និង​ផលប្រយោជន៍​រួម​រាប់​បញ្ចូល​ទាំង​កិច្ចសហការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ដែរ​។ នាយករដ្ឋមន្ត្រី​ទាំង​ ២ ក៏បាន​ពិភាក្សា​គ្នា​ផងដែរ​ពី​សារៈសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេទិស​រវាង​ប្រទេស​ទាំង​ ២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឱ្យ​ដឹងថា​៖ «​ក្នុង​គោលបំណង​នេះ ថ្នាក់ដឹកនាំ​ទាំង​ ២ ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ក្រសួង​ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នៃ​ប្រទេស​រៀងៗ​ខ្លួន​ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​គ្នា ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ធុរជន ក៏ដូចជា​លើកកម្ពស់​ការអនុវត្ត​វិធានការ​បង្ការ​បញ្ហា​នានា​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ឱ្យ​បាន​ទាន់​ពេលវេលា​។ ថ្នាក់ដឹកនាំ​ទាំង​ ២ ​ក៏បាន​អះអាង​សាជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​ក្នុង​ទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តំបន់​ព្រំដែន​»​។

ក្នុង​កិច្ចពិភាក្សា​ដដែល​នោះ​ដែរ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ​បាន​អបអរសាទរ​ចំពោះ​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ រវាង​កម្ពុជា និង​វៀតណាម​ព្រមទាំង​លើ​ពិធីសារ​ទទួលស្គាល់ ការខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង វៀតណាម​នៅ​ឆ្នាំ​ ២០១៩​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បានឱ្យ​ដឹងថា នាយករដ្ឋមន្ត្រី​ទាំង​ ២ ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថ្លែងថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​ពន្លឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្តូរ​លិខិតូបករណ៍​នៃ​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម និង​ពិធីសារ​ឆ្នាំ​ ២០១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន​។ ថ្នាក់ដឹកនាំ​ទាំង​ ២ ​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន​ ១៦ ​ភាគរយ ​ក្នុង​គោលបំណង​ប្រែក្លាយ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ជា​ព្រំដែន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​»​។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រគល់​ការទុកចិត្ត​មកលើ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​លើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​ការងារ​ព្រំដែន​កម្ពុជា-វៀតណាម​។

លោក​បញ្ជាក់ថា​៖ «​យើង​ជា​ប្រទេស​មាន​ឯករាជ្យ​ពេញទី យើង​មាន​ចុះហត្ថលេខា​សន្ធិសញ្ញា​ជាមួយ​ប្រទេស​ជិតខាង​យើង​នេះ​គឺជា​កិត្តិយស​មួយ​សម្រាប់​កម្ពុជា​យើង ហើយ​ជា​មរតក​ប្រវត្តិសាស្ត្រ​ទុកឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​ដឹងឮ​ផង​។ ចំណែក​កិច្ចការ​ដែល​នៅ​សេសសល់​ចំនួន ១៦ ​ភាគរយ​ទៀត យើង​នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ចប់​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅ​បាន​»​។

លោក វ៉ា គឹមហុង បញ្ជាក់​ថា​នាយករដ្ឋមន្ត្រី​ទាំង​ ២ បានដាក់​សំណើ​ ១ ​ទៅ​រដ្ឋាភិបាល​ប្រទេស​បារាំង​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្នើសុំ​អ្នក​ជំនាញ​ការបារាំង​មក​ជួយ​បង្ហាត់បង្រៀន​អ្នកបច្ចេកទេស​កម្ពុជា និង​វៀតណាម​ឱ្យ​ចេះ​បំប្លែង​ផែនទី​ពី​ ១០០ ​ពាន់​ទៅ​ផែនទី ៥០ ​ពាន់ ហើយ​រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​នឹង​បញ្ជូន​អ្នកជំនាញ​ការខ្លួន​មកជួយ​បង្រៀន​អ្នកបច្ចេកទេស​ប្រទេស​ទាំង​ ២​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ពី​ម្សិលមិញ​បាន​កត់សម្គាល់​ឃើញថា ការប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ ២ ​នេះ មិនមាន​អ្វី​ថ្មី ហើយ​ប្លែក​បន្ថែមទៀត​ទេ ដោយ​គ្រាន់តែ​ចង់​រំឭក​ពី​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​កន្លងមក​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​ភាគី​ទាំង​ ២ ​ជាប់គាំង​អត់ព្រមព្រៀង​គ្នា​បាន​លើ​ចំណុច ឬ​បន្ទាត់​ព្រំដែន​ជាក់លាក់​ហើយ គឺ​ភាគី​ទាំង​ ២ ​គួរតែ​ព្រមព្រៀង​គ្នា​ទៅរក​ភាគី​ទី​ ៣ ដែល​ស្គាល់​ព្រំដែន​ខ្មែរ-វៀតណាម​ច្បាស់​ជាងគេ គឺ​ប្រទេស​បារាំង​ឱ្យជួយ​ដោះស្រាយ​ទៅ​»៕

វីដេអូ៖