The Phnom Penh Post Search

Search form

វៀតណាម ​ប្រតិកម្ម​ការ​ដកហូត​ឯកសារ​ពី​ជនជាតិ​វៀតណាម

Content image - Phnom Penh Post
គ្រួសារ​​ជន​​ជាតិ​​​វៀតណាម​មួយ​ត្រៀម​ទូក​ចេញ​ទៅ​នេសាទ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ។ ផា លីណា

វៀតណាម ​ប្រតិកម្ម​ការ​ដកហូត​ឯកសារ​ពី​ជនជាតិ​វៀតណាម

ភ្នំពេញៈ ក្រសួង​ការបរទេស​វៀតណាម​ បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​កាលពី​ថ្ងៃ​អង្គារ ​ចំពោះ​របាយការណ៍​ដែល​ថា​កម្ពុជា​​ នឹង​ដកហូត​ឯកសារ​ពី​ជនជាតិ​វៀតណាម​រាប់ពាន់​នាក់​ដោយ​ជំរុញ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​អំឡុង​ដំណើរការ​នេះ​។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោកស្រី Le Thi Thu Hang ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា​ខណៈ​ប្រជាពលរដ្ឋ​ (​វៀតណាម​) កំពុង​ទន្ទឹង​រង់ចាំ​ការ​បញ្ចប់​ដំណើរការ​ឯកសារ​ស្រប​ច្បាប់​របស់​ពួកគេ ពួកគេ​នឹង​អាច​រក្សា​ជីវិត​រស់នៅ​ស្ថិតស្ថេរ​ និង​បន្ត​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា​»​។ នេះ​បើ​តាម​សារព័ត៌មាន Reuters​។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​ជនបរទេស​ចំនួន​ ៧ ​ម៉ឺន​នាក់​ថា មាន​ឯកសារ​មិន​ត្រឹមត្រូវ​រួមមាន​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​ហើយ​នឹង​ដកហូត​ឯកសារ​ទាំង​នោះ​នា​ប៉ុន្មាន​ខែ​ខាង​មុខ​។

អគ្គនាយក​នៃ​អគ្គយកដ្ឋាន​អន្តោប្រវេសន៍​លោក​ សុខ ផល ​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ក្រុម​ការងារ​កំពុង​រៀបចំ​ចុះ​ទៅ​»​។

លោកស្រី លីម៉ា ងុយយ៉េន ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​ថ្លែង​ថា ជនជាតិ​ភាគតិច​វៀតណាម​ជាច្រើន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ភាព​ជា​ពលរដ្ឋ​ខ្មែរ​តាម​ច្បាប់​ស្តីពី​សញ្ជាតិ​ឆ្នាំ​ ១៩៥៤ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​បន្ទាប់ពី​ភាព​ចលាចល​នៃ​របប​ខ្មែរក្រហម​។

លោកស្រី​បាន​ថ្លែង​តាម​ អ៊ីមែល​ កាលពី​ម្សិលមិញ​ថា​៖ «​ពួកគេ​មិន​អាច​បង្ហាញ​ភ័ស្តុតាង​អំពី​ការ​ទទួល​បាន​ភាព​ជា​ពលរដ្ឋ​របស់​ពួកគេ​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ការ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​ទៅ​វៀតណាម​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ហើយ​បន្ទាប់ពី​របប​ខ្មែរក្រហម ពួកគេ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ទសវត្សរ៍ ៨០ ដោយ​គ្មាន​ឯកសារ​»​។

ច្បាប់​ឆ្នាំ​ ១៩៥៤ ត្រូវ​បាន​លុបចោល និង​ជំនួស​ដោយ​ច្បាប់​ស្តីពី​សញ្ជាតិ​ដែល​តឹងរ៉ឹង​ជាង​មុន​ក្នុង​ឆ្នាំ​ ១៩៩៦​។ ប៉ុន្តែ​លោកស្រី ងុយយ៉េន បាន​ថ្លែង​ថា​នេះ​មិន​គួរ​លុប​ចោល​ភាព​ជា​ពលរដ្ឋ​របស់​ពួកគេ​ទេ​។

លោកស្រី​បន្ត​ថា​៖ «​នៅ​ពេល​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​ដែល​ជា​ស្រុក​កំណើត​របស់​ពួកគេ​ ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ដោយ​រដ្ឋាភិបាល​ថា​ជា​ «​អន្តោប្រវេសន៍​ខុស​ច្បាប់​» ​និង​មិន​មាន​មធ្យោបាយ​បង្ហាញ​ភ័ស្តុតាង​អំពី​ស្ថានភាព​ស៊ីវិល​កាលពី​ពេល​អតីតកាល​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​។ ពួកគេ​រស់នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​»​។

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ប្រាប់​ថា​អ្នកស្រី ឈ្មោះ នួន ចាន់ធូ អាយុ ៥៨ ឆ្នាំ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​គឺជា​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​។

អ្នកស្រី​ ចាន់ធូ ដែល​មាន​ឈ្មោះ​វៀតណាម​ថា ដាវ ធីធុង បាន​ថ្លែង​ថា​អ្នកស្រី​មិន​មាន​ឯកសារ​ស្រប​ច្បាប់​ពី​កម្ពុជា​ ឬ​វៀតណាម​ទេ បើ​ទោះបី​ជា​អ្នកស្រី​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ៣០ ​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។

អ្នកស្រី​បាន​ពន្យល់​​ថា​៖ «​យើង​មិន​អាច​ទទួល​បាន​លិខិត​ឆ្លងដែន​ពីព្រោះ​យើង​មិន​មាន​ឯកសារ​... កូន​ ៣ ​នាក់​ទៀត​របស់​ខ្ញុំ​ដែល​កើត​នៅ​ទី​នេះ​គឺ​គ្រាន់​តែ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ [​ឯកសារ​] ​អន្តោប្រវេសន៍​... ខ្ញុំ​មិន​អាច​ទៅ​លេង​កូន​របស់​ខ្ញុំ នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ដោយសារ​ខ្ញុំ​មិន​មាន​លិខិត​ឆ្លងដែន​»​។

លោក Carl Thayer អ្នក​វិភាគ​តំបន់​បាន​ថ្លែង​ថា​វៀតណាម​មិន​ទំនង​ជា​ប្រកាន់​ជំហរ​ខ្លាំង​ប្រឆាំង​នឹង​កម្ពុជា​ទេ ប៉ុន្តែ​នឹង​ធ្វើអ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​រក្សា​សហគមន៍​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​៖ «​មិន​មាន​សញ្ញា​នៃ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ទេ​» ដោយ​លោក​កត់សម្គាល់​ថា​ទំនាក់​ទំនង​នៅ​តែ​ល្អ​ប្រសើរ បើ​ទោះបី​បន្ទាប់ពី​មាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ក៏ដោយ​។

លោក Thayer ថ្លែង​ថា​៖ «​វា​ជា​អត្ថប្រយោជន៍​របស់​វៀតណាម​ដែល​មាន​សហគមន៍​វៀតណាម​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​» ហើយ​លោក​ពន្យល់​ថា​វា ​«​ចង​» ​ប្រទេស​ទាំង​ពីរ​ឲ្យ​ជាប់​គ្នា និង​ប្រតិបត្តិ​ជា​បំពង់​មួយ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​។

កាលពី​ថ្ងៃ​សៅរ៍​លោក Billy Tai អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​ឯករាជ្យ​បាន​ថ្លែង​ថា​បញ្ហា​នៃ​ «​ភាព​គ្មាន​រដ្ឋ​» ​សម្រាប់​ជនជាតិ​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​កំពុង​បន្ត​​មាន​។

លោក​ក៏​បាន​ថ្លែង​ដែរ​ថា​ ការ​អះអាង​ដែល​ថា ជនជាតិ​វៀតណាម​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នោះ​គឺ​វា​ស្រដៀង​នឹង​វោហារស័ព្ទ​ដែល​ប្រើ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

លោក​ តៃ​ បន្ថែម​ថា ​កម្ពុជា​ មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ១៩៥៤ ​ស្តីពី ​«​ភាព​គ្មាន​រដ្ឋ​» ​ទេ ប៉ុន្តែ​លោក​ថា​អនុសញ្ញា​នេះ​ទទួល​បាន ​«​ស្ថានភាព​ច្បាប់​អន្តរជាតិ​ដែល​មាន​លក្ខណៈ​ជា​ទម្លាប់​»៕ PS

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​