The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ ១ ក្រុម​សម្រុក​ចូល​ប៉ុស្តិ៍​ខ្មែរ​រំដោះ​វៀតណាម​ម្នាក់




វៀតណាម​ ១ ក្រុម​សម្រុក​ចូល​ប៉ុស្តិ៍​ខ្មែរ​រំដោះ​វៀតណាម​ម្នាក់

វៀតណាម​ ១ ក្រុម​សម្រុក​ចូល​ប៉ុស្តិ៍​ខ្មែរ​រំដោះ​វៀតណាម​ម្នាក់

តាកែវៈ ជនជាតិ​វៀតណាម​ប្រមាណ​ជា ៣០ នាក់​ប្រដាប់​ដោយ​ដំបង និង​កាំបិត​​ស្ទើរ​គ្រប់​​ដៃ​បាន​នាំ​គ្នា​សម្រុក​ចូល​មក​រំដោះ​ជនជាតិ​វៀតណាម​ម្នាក់​នៅ​ក្នុង​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​​នៅ​ច្រក​បាក់ដាយ​បន្ទាប់​ពី​នគរបាល​ខ្មែរ​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​រូប​នោះ​សាកសួរ​ពី​មូលហេតុ​ដែល​ជនជាតិ​វៀតណាម​មួយ​ក្រុម​បាន​ព្រួត​គ្នា​វាយដំ​ទៅ​លើ​បុរស​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​។

លោក តុម ចំរើន ប្រធាន​ច្រក​ព្រំដែន​បាក់​ដាយ​បាន​ឱ្យ​ដឹង​ថា​ជនជាតិ​វៀតណាម​ប្រមាណ ៣០ នាក់​ប្រដាប់​ដោយ​អាវុធ​ស្ចើរ​គ្រប់​ដៃ​បាន​សម្រុក​ចូល​ច្រក​ត្រួតពិនិត្យ​ព្រំដែន​ក្នុង​ខេត្ត​តាកែវ​នៅ​ពេល​ដែល​ពួកគេ​បាន​ដឹង​ថា​កងកម្លាំង​កម្ពុជា​បាន​ឃាត់​ខ្លួន​បុរស​វៀតណាម​ម្នាក់​ដើម្បី​សាកសួរ​ទាក់ទង​ទៅ​នឹង​ករណី​រំលោភ​បំពាន​មួយ​នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។

បុរស​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​វៀតណាម​ស្រវឹង​ស្រា ៣ នាក់​បាន​វាយ​បុរស​ខ្មែរ​ម្នាក់​ឈ្មោះ យុក សាយ អាយុ ៤៨ ឆ្នាំ​នៅ​ក្នុង​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី​ខណៈ​ពេល​ដែល​មន្រ្តី​នគរបាល​ឃាត់​ទូក​របស់​គាត់​ហើយ​ជនល្មើស​បាន​វាយ​គាត់​ចំ​កញ្ចឹង​ក​នឹង​បាន​​ព្យាយាម​ចាប់​​គាត់​ជ្រមុជ​ទឹក​ប៉ុន្តែ​ជន​រងគ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​។

លោក​ ចំរើន ​បាន​បន្ថែម​ថា៖ «សាក្សី​បាន​ស្រែក​ហៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ»។

លោក​ចំរើន​ក៏​បាន​ពន្យល់​ផង​ដែរ​ថា៖ «យើង​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​គោល​បំណង​ដើម្បី​សាកសួរ​អំពី​ឈ្មោះ​របស់​ជនល្មើស​ដែល​បាន​រត់​គេច​ខ្លួន​ប៉ុន្តែ​ជនជាតិ​វៀតណាម​ប្រដាប់​ដោយ​ដំបង និង​កាំបិត​គ្រប់​ដៃ​យល់​ច្រឡំ​ថា​យើង​បាន​ចាប់​ខ្លួន​គាត់​ហើយ​វាយដំ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រមាណ​ពី ២០ ទៅ ៣០ នាក់​បាន​ចូល​មក​រំដោះ​យក​ជន​នោះ​ត្រឡប់​ទៅ​វិញ។

លោក​បាន​បញ្ជាក់​ថា​៖ «ដោយសារ​តែ​យើង​មិន​ចង់​ឱ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​នៅ​តាម​ព្រំដែន​យើង​ក៏​បាន​អនុញ្ញាត​ឱ្យ​​ជនជាតិ​វៀតណាម​ទាំង​នោះ​យក​បុរស​វៀតណាម​ម្នាក់​នោះ​​ត្រឡប់​ទៅ​វិញ»។

បន្ទាប់ពី​បាន​វាយដំ​បុរស​ខ្មែរ​ម្នាក់​រួច​មក​ក្រុម​ជនល្មើស​​ជនជាតិ​វៀតណាម​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម​នៅ​​មុន​ពេល​ដែល​កងកម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា​ទៅ​ដល់​។ ក្នុង​ចំណោម​នោះ​ពួកគេ​ពីរ​នាក់​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​វៀតណាម​តាម​ផ្លូវ​គោក​ហើយ​​ម្នាក់​ទៀត​បាន​ជិះ​ទូក​របស់​ខ្លួន​​គេច​ខ្លួន​។ លោក ចំរើន បាន​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ជួយ​ស្វែងរក​ជនសង្ស័យ​ទាំង​នោះ។

បើ​តាម​លោក ចំរើន ប៉ូលិស​វៀតណាម​បាន​ស្វែងរក​បុរស​ទាំង​ ៣​ នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​បុរស​ខ្មែរ​នោះ​ហើយ ហើយ​បាន​សន្យា​ថា​នឹង​ផ្តល់​ព័ត៌មាន​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទាក់ទង​ស្ថានការ​នេះ​ក្នុង​រយៈពេល​ ២ ឬ ៣ ថ្ងៃ​ទៀត​។

ពលរដ្ឋ​ខ្មែរ​នៅ​​ជាប់​ព្រំដែន​តែងតែ​​រអ៊ូរទាំ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​តែងតែ​បើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​ទិញ​របស់របរ​ផ្សេងៗ​ ឬ​ក៏​ចូល​មក​នេសាទ​នៅ​ក្នុង​ទឹកដី​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍