សៀមរាបៈ វេទិកាសភា​អាស៊ីប៉ាស៊ីហ្វិក​លើក​ទី ២៧ បាន​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ផ្តោត​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ព្រម​ទាំង​បញ្ហា​ផ្សេង​ទៀត បន្ទាប់​ពី​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃ​វេទិកា​នេះ កាល​ពី​ម្សិលមិញ​នៅ​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង​សំរិន។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កា​របរ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនា​ការ និង​ព័ត៌មាន​រដ្ឋសភា​កម្ពុជា និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​អចិន្រៃ្តយ៍​រៀបចំ​វេទិកា​នេះ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា កិច្ច​ប្រជុំ​វេទិកា​សភា​ អាស៊ី-ប៉ាស៊ីហ្វិក លើក​ទី ២៧ នេះ គឺ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោម​អធិបតី​ភាព លោក ហេង សំរិន ដែល​នឹង​ពិភាក្សា​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង ដែល​មាន​បណ្តា​ប្រទេស​ជា​សមាជិក អាស៊ាន មួយ​ចំនួន​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នោះ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

លោក​បញ្ជាក់ថា៖ «វិស័យ​មួយទៀត​ដែល​យើង​នឹង​ជជែក​គ្នា​ដែរ​គឺ​វិស័យ​នយោបាយ​និង​សន្តិសុខ​ហើយ​វិស័យ​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ដោយ​សារ​ពិភពលោក​សព្វ​ថ្ងៃ​នេះ​មាន​ការ​លំបាក និង​មាន​ភាព​ប្រឈម​ច្រើន...។ យើង​នៅ​មាន​ចំណុច ២ ឬ ៣ ដែល​ត្រូវ​ដោះ​ស្រាយ ដូចជា ទំនាស់​ដែន​ទឹក ដែន​គោក​រវាង​ប្រទេស​អាស៊ាន​ខ្លះ​ជាមួយ​នឹង​ប្រទេស​ចិន យើង​មាន​ភាព​ប្រឈម​ក្នុង​ឧបទ្វីប​កូរ៉េ​ដែល​យើង​ត្រូវ​តែ​ជជែក​គ្នា​ដែរ។ យើង​មាន​បញ្ហា​បន្តិច​បន្តួច​តែ​បញ្ហា​ហ្នឹង​វា​រាង​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា.​ទាំង​អស់​នេះ​សុទ្ធតែ​ប្រធាន​បទ​ដែល​យើង​ត្រូវ​យក​មក​ជជែក​គ្នា»។

ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង លោក ឈាង វុន បាន​បញ្ជាក់​ថា អាស៊ាន​មាន​ជំហរ​រួម​រួច​ហើយ​ដោយ​អនុវត្ត​តាម​សេចក្តី​សម្រេច DOC&COC និង​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ភាគី​ពាក់​ព័ន្ធ​ដោះ​ស្រាយ​វិវាទ​ដោយ​សន្តិវិធី។

ដោយឡែក​បញ្ហា​ជម្លោះ​ក្នុង​ឧបទ្វីប​កូរ៉េ គឺ​អាស៊ាន មាន​គោលជំហរ​ដូច​អង្គការ​សហ​ប្រជាជាតិ​ហើយ​ថា បញ្ហា​ឧបទ្វីប​កូរ៉េ​គឺ​កម្ពុជា​ស្នើ​ឲ្យ​កូរ៉េខាងជើង និង​សហរដ្ឋ​អាមេរិក​ដែល​ជា​តួអង្គ​ជម្លោះ​ចូល​តុ​ចរចា​ឲ្យបាន​ច្រើន​ដង​កាន់​តែ​ល្អ​ដើម្បី​មាន​ដំណោះ​ស្រាយ​វិជ្ជមាន​ហើយ​បញ្ហា​នេះ​មាន​ពន្លឺ​ខ្លះ​ដោយសារ​អាមេរិក​ក៏បាន​ព្យាយាម​បន្ត​ជួប​ចរចា​ជាមួយ​មេ​ដឹកនាំ​កូរ៉េខាងជើង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក​ឈាង វុន។

ទាក់ទង​នឹង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី ២៧ នេះ កាល​ពី​ថ្ងៃ ១៣ មករា គេហទំព័រ​រដ្ឋសភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ពិធី​បើក​ជា​ផ្លូវការ​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ១៥ ខែ​មករា ដល់​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០១៩ ​ក្រោម​ប្រធាន​បទ «ពង្រឹង​ភាព​ជា​ដៃគូ​សភា​ដើម្បី​សន្តិភាព សន្តិសុខ និង​កា​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ២១ និង​មាន​គណៈ​ប្រតិភូ​បរទេស សរុប​ប្រមាណ ៣០០ នាក់។

ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី ១១ ខែមករា លោក ឈាង វុន ក៏បាន​ថ្លែង​នៅ​លើ​គេហទំព័រ​រដ្ឋសភា​ដែរ​ថា ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ដ៏​សំខាន់​របស់​អង្គការ​សភា​នេះ​គឺជា​ការ​ចូល​រួម​ចំណែក​របស់​សភា​កម្ពុជាក្នុង​ការ​កសាង​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់ និង​ពិភពលោក​តាមរយៈ​យន្តការ​សភា​ដែល​យក​ការ​ជជែក និង​ការ​ចរចា​ជាធំ។

លោក​បាន​បន្ថែមថា៖ «ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​លើក​យក​ប្រធាន​បទ​សំខាន់​គឺ​ការ​ពង្រឹង​តួនាទី​សភា​ដើម្បី​ជំរុញ​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុង​បំណង​ចែក​រំលែក​ដល់​បណ្តា​សមាជិក​សភា​នៃ​វេទិកា​កិច្ច​ប្រជុំ​សភា​អាស៊ី-ប៉ាស៊ីហ្វិក​ស្ដីពី​សន្តិភាព​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​ទទួល​បាន​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

កាលពី​ឆ្នាំ ២០១៨ កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​ អាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ហៅ​កាត់​ថា APPF លើក​ទី ២៦ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​មាន​សមាជិក​ចូលរួម ២១ ប្រទេស​រួមទាំង​អ្នក​សង្កេត​ការណ៍ និង​អង្គការ​សភា​ជា​ដៃគូ​ធំៗ​សរុប​ប្រមាណ ៤០០ នាក់ ដោយ​បាន​ពិភាក្សា និង​រក​គន្លឹះ​ដោះស្រាយ​បញ្ហា​រួម​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច បរិស្ថាន ការ​ប្រែប្រួល​អាកាស​ធាតុ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម លើក​កម្ពស់​សមភាព​យេនឌ័រ ទេសចរណ៍ វប្បធម៌ និង សិទ្ធិ​មនុស្ស។

វេទិកាសភា ​អាស៊ី-ប៉ាស៊ីហ្វិក (APPF )​ នេះ បាន​បង្កើតឡើង​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ ១៩៩៣ ហើយ​សភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​កាល​ពី​ឆ្នាំ ១៩៩៥ ខណៈ​បច្ចុប្បន្ន APPF នេះ​មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន ២៧ ប្រទេស៕