ភ្នំពេញៈ តំណាង​អង្គការ​សង្គម​ស៊ីវិល សមាគម សហគមន៍​ក្នុង​ស្រុក​ប្រមាណ​ជាង​ ១០០ ​នាក់​ រួមទាំង​អង្គការ​មូលនិធិ​ចិន​សម្រាប់​សន្តិភាព​ និង​ការអភិវឌ្ឍ និង​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ជួបជុំគ្នា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ពិភាក្សា​គ្នា​លើ​ការងារ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​រក​ដំណោះស្រាយ​លើ​បញ្ហា​​ប្រឈម​មួយ​ចំនួន​ដូចជា ជំនួយ​លើ​វិស័យ​កសិកម្ម សុខាភិបាល អប់រំ​។

កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​រៀបចំ​ដោយ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ.ស.ស​) ​ដែល​ត្រូវបាន​បង្កើត​ដោយ​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០១៦ ​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ទស្សនៈ​យោបល់​ពី​ក្រុម​ជំនាញ​ផ្សេងៗ​គ្នា ដែល​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ និង​ការលើក​កម្ពស់​ជីវភាព​​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ការពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​បញ្ចេញមតិ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​។

វេទិកា​សន្ទនា​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​រវាង​អង្គការ​សង្គម​​ស៊ីវិល​ទាំងអស់​នៅ​កម្ពុជា ពិសេស​ជំរុញ​ការសហការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​រួមគ្នា ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ពិតប្រាកដ​របស់​​ប្រជាពលរដ្ឋ​។ យោងតាម​ឯកសារ​សាវតារ​របស់ វ.ស.ស​។

លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខា​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ជំនួប​ពិភាក្សា​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ជា​អង្គភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង​ជួយ​សម្របសម្រួល និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ដើម្បី​​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​។

លោក​បាន​ថ្លែង​ថា​៖ «​ការជួបជុំ​នៅ​ថ្ងៃ​នេះ​គឺជា​ការជួបជុំ​រវាង វ.ស.ស ជាមួយ​ដៃគូ​របស់ខ្លួន​ដើម្បី​នឹង​ពិនិត្យថា តើ​អ្វី​ជា​បញ្ហា​ប្រឈម​របស់​សមាជិក​របស់ វ.ស.ស ហើយ​ថា​អ្វី​ខ្លះ​ដែល វ.ស.ស អាច​ជួយ​ក្នុង​ដំណើរ​ការងារ ប្រតិបត្តិការ​របស់​អង្គការ និង​សមាគម​»​។

លោក វិស័ដ្ឋ ថ្លែង​ថា​៖ «​ឆ្លងកាត់​បទពិភាក្សា និង​ការសន្ទនា យើង​ឃើញថា​គ្មាន​ភាពតានតឹង​ហើយ​បរិយាកាស​នៃ​ការសន្ទនា​គឺ​មាន​លក្ខណៈ​ធូរស្រាល​ជាង​មុន ស្និទ្ធស្នាល​ជាង​មុន​រវាង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ជាមួយ​បណ្តា​អង្គការ​នានា ហើយ​ពិសេស​ពេល​យើង​ចុះ​តាម​ខេត្ត​ឆ្ងាយ​មាន​ការចូលរួម​ពី​សហគមន៍​ច្រើន​។ ​គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​​ចង់​បាន​គឺ​ភាពស្និទ្ធស្នាល និង​បរិយាកាស​ការងារ​មួយ​ដែល​ល្អប្រសើរ​រវាង​វិស័យ​សង្គមស៊ីវិល​ជាមួយ​រាជរដ្ឋាភិបាល ហើយ​យើង​បាន​លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​បង្កើត​បរិយាកាស​ល្អ និង​សហការ​ល្អ​ជាមួយ​អង្គការ​សង្គម​​ស៊ីវិល​ហើយ​តាមរយៈ​នេះ​យើង​ឃើញ​ថា​វិស័យ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី គ្មាន​ការរារាំង គ្មាន​ការគាបសង្កត់​ពី​ខាង​ណា​នោះទេ​»​។

លោក​បាន​ឲ្យ​ដឹងថា​រហូត​មក​ទល់​ពេលបច្ចុប្បន្ន​នេះ​មាន​អង្គការ សមាគម និង​សហជីព​ចំនួន​ ១៨៥ បានមក​ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​ដៃគូ​ក្នុង​នោះ​ចំនួន​ ១២៩ បាន​បំពេញ​ឯកសារ​រួចរាល់​។

លោក សោម អូន ប្រធាន​សភាសម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា NACC និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកាសម្ព័ន្ធ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អង្គការ សមាគម និង​សហគមន៍​ដោយ​ស្វះស្វែង​រក​ដៃគូ​អភិឌ្ឍន៍​។

លោក សា ម៉េត ប្រធាន​អង្គការអប់រំ​ផ្នែក​សុខភាព​ក្នុង​ខេត្ត​កំពត​បាន​ស្នើសុំ​អង្គការ​មូលនិធិ​ចិន​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព​ដែល​កំពុង​កើត​មាន​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ព្រួយបារម្ភ​។

លោក សោម អូន បាន​ថ្លែង​ថា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ទទួល​យក​នូវ​ការស្នើសុំ​របស់​អង្គការ សមាគម និង​សហគមន៍ ហើយ​ថា ម្ចាស់​គម្រោង​ដែល​ជា​អង្គការ​ចិន​នឹង​យក​ទៅ​ពិភាក្សា​ផ្ទៃក្នុង​ដោះស្រាយ​។

លោក Zhang Yaowu ប្រធាន​អង្គការ​មូលនិធិ​ចិន​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិនមែន​ជា​សត្រូវ​របស់​រាជរដ្ឋាភិបាល​ទេ តែ​ជា​មិត្ត និង​ដៃគូ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​។ បើ​ទោះបី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ទស្សនៈ​ខុសគ្នា​ជុំវិញ​នយោបាយ ក៏​ប៉ុន្តែ​ធ្វើការ​ដើម្បី​ផលប្រយោជន៍​ក្នុង​សហគមន៍​ទាំងអស់​៕