ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ប្រភេទស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូសត្រូវបានដឹកជញ្ជូនពីសាធារណរដ្ឋប្រជាមានិតចិនមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ។
យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថាវ៉ាក់សាំងកូវីដ១៩ ចំនួន ៥០ ម៉ឺនដូសដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ នេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុកវ៉ាក់សាំង។
បើតាមការឱ្យដឹងពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី ១៦ ថាការមកដល់នៃវ៉ាក់សាំងស៊ីណូហ្វាមនេះមិនមានរៀបចំពិធីទទួលទេ គឺរង់ចាំដល់ថ្ងៃទី ២៧ ទើបអាចមានរៀបចំពិធី។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ពីការមកដល់បន្ថែមនៃវ៉ាក់សាំងការពារកូវីដ១៩ ដោយនៅថ្ងៃទី ១៧ នេះ វ៉ាក់សាំងនឹងមកដល់កន្លះលានដូស នៅក្នុងខែឧសភានឹងមកដល់ចំនួន ១,៥ លានដូស ខែមិថុនានឹងមកដល់ចំនួន ៣ លានដូសក្នុងខែកក្កដានឹងមកដល់ចំនួន ២ លានដូស និងខែសីហាមកដល់ចំនួន ១ លានដូសទៀត៕